រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០១៩និងលើកទិសដៅបន្តឆ្នាំ២០២០
March 06, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៩ និង លើកទិសដៅការងារ២០២០ របស់ខេត្តកំពង់ឆ្នាំង ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលបានធ្វើឡើងកាលពីរសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។
ឯកឧត្ដមឈួរ ច័ន្ទឌឿន បានអោយដឹងថាៈក្នុងឆ្នាំ២០១៩កន្លងទៅ ទូទាំងខេត្តក៏បានទទួលរងគ្រោះមហន្តរាយជាច្រើនផងដែរ ដោយរងគ្រោះដោយគ្រោះធម្មជាតិ និង រងគ្រោះដោយគ្រោះឧបទ្ទវហេតុផ្សេងៗ បង្កអោយខូចខាតបាត់បង់ទ្រព្យសម្បត្តិ និងបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សផងដែរ។

      គ្រោះថ្នាក់ដែលបង្កអោយមនុស្សស្លាប់ច្រើនជាងគេ នៅភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំង គឺករណីលង់ទឹក ដែលធ្វើអោយមានការព្រួយបារម្ភជាខ្លាំងសម្រាប់ករណីនេះ។
ឯកឧត្តមអភិបាលខេត្តបានលើកឡើងបន្តថាៈ ដោយបានការជួយអន្តរាគមន៍ទាំងស្មារតី សម្ភារៈថវិកាពី សម្តេចតេជោ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អំណោយពីកាកបាទក្រហមកម្ពុជា អង្គការជាដៃគូ និងក្រុម ការងារក៏ដូចជាសប្បុរសជន ធ្វើអោយខេត្តមានលទ្ធភាពឆ្លើយតប សង្គ្រោះគ្រោះមហន្តរាយបានទាន់ពេលវេលា ព្រមទាំងបានជួយដោះស្រាយសម្រួលជីវភាពបងប្អូនអតីតយុទ្ធជនដែលជួបការលំបាកបានល្អផងដែរ ។
 
      ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម បានសម្តែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះ
មហន្តរាយខេត្ត និងសមាគមអតីតយុទ្ធជនខេត្ត ចំពោះអ្នកពាក់ព័ន្ធទាំងអស់ដែលខិតខំជួយសង្គ្រោះលើកិច្ចការងារនេះ ដោយបានបំពេញមុខនាទីរបស់ខ្លួនបានល្អប្រសើរ ពេលមាន ហេតុការណ៍កើតឡើង ខេត្តម្ចាស់ការចុះទៅដោះស្រាយភ្លាមបានទាន់ពេលវេលា។
 
      ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជម្រុញអោយ គណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តពង្រឹងសមត្ថភាពដើម្បីត្រៀមដោះស្រាយគ្រោះមហន្តរាយដែលកើតមាន ពិសេសគ្រោះរាំងស្ងួតក្នុងរដូវប្រាំងនេះ ខិតខំកសាង និងធ្វើអោយប្រសើរឡើង ទីទួលសុវត្ថិភាព។

      ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានធ្វើការណែនាំដល់គ្រប់មន្ត្រី និងអ្នកពាក់ព័ន្ធត្រូវរួមសហការគ្នាត្រៀមឆ្លើយតបក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕

ប្រភព៖​រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ