រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធខួបលើកទី១០៩ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ»
March 05, 2020 អ្នកទស្សនា :

      (ពោធិ៍សាត់)៖ ស្របពេលដែលប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា ក៏ដូចជាពិភពលោក នាំគ្នាប្រារព្ធទិវានារីអន្តរជាតិ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីរំលឹកឡើងវិញ នូវការតស៊ូ របស់វីរៈស្រ្តី ក្នុងការធ្វើឱ្យសម្រេច នូវសមធម៌ សន្តិភាព និងការអភិវឌ្ឍនៅក្នុងសង្គម, ខេត្តពោធិ៍សាត់ ក៏បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី១០៩ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ»។

      ពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅបរិវេណវេទិកាក្នុងសាលាខេត្ត ក្រោមអធិបតីភាព លោកជំទាវ មាន សំអាន សមាជិកាអចិន្ត្រៃយ៍ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដោយបានការអញ្ជើញចូលរួម ពីឯកឧត្ដម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត អ្នកតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

      បន្ទាប់ពីឯកឧត្តម ម៉ៅ ធនិន បានអាននូវព្រះរាជសារ សម្តេចព្រះមហាក្សត្រីយានី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ថ្លែងនៅក្នុងឱកាសទិវានារី អន្តរជាតិនោះរួចមក, លោកជំទាវ មាន សំអាន បានសម្តែងនូវការកោតសរសើរ ដល់មន្ទីរកិច្ចការនារីខេត្ត ក៏ដូចជាសាខាសមាគមនារីខេត្ត ដែលបានចូលរួមជាមួយនារីទូទាំងប្រទេស ដើម្បីរៀបចំពិធីនេះ ក្នុងគោលដៅរំលឹកដល់ការតស៊ូ ព្យាយាម អត់ធ្មត់ និងចូលរួមធ្វើការកែប្រែឥរិយាបថ របស់មនុស្ស ឱ្យទទួលស្គាល់ និងផ្តល់ឱកាសដល់ស្រ្តី ទទួលបានអត្ថប្រយោជន៍ ពីធនធានសេដ្ឋកិច្ចសង្គម និងសិទ្ធិ ជាពលរដ្ឋស្មើគ្នាជាមួយបុរស ដើម្បីធ្វើឱ្យជីវិតរស់នៅ ឈានឆ្ពោះទៅរកភាពសុខដុមរម្យនា និងភាពសម្បូររុងរឿង រួចផុតពីភាពងាយរងគ្រោះ។ លោកជំទាវ បានលើកឡើងថា ប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមាសភាពយេនឌ័រ» គឺបានផ្តល់ន័យយ៉ាងសំខាន់ និងទូលំទូលាយ ក្នុងការចូលរួម របស់បុរស និងស្ត្រី ដែលទទួលយកបាននូវសិទ្ធិស្មើគ្នា ឱកាសដូចៗគ្នា ហើយជាដៃគូរដ៏សក្តិសម និងការទទួលបាន ដោយការគាំទ្រយ៉ាងពេញទំហឹង ពីរដ្ឋាភិបាល ពីមជ្ឈដ្ឋានជាតិ អន្តរជាតិ និងសង្គមកម្ពុជាទាំងមូល ជាពិសេស គឺស្រ្តីខ្លួនឯងផ្ទាល់ សម្រាប់ផ្តល់ជាធនធានមនុស្ស ប្រកបដោយសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីជម្រុញ និងពន្លឿនកិច្ចរអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ឱ្យឈានទៅរកភាពរីកចម្រើនរុងរឿង ខណៈដែលប្រទេសជាតិយើង កំពុងទទួលបាននូវសុខសន្តិភាព ពេញផ្ទែប្រទេសនោះ។ ម្យ៉ាងវិញទៀត ការប្រារព្ធទិវានេះ ក៏មានគោលបំណង បន្តរំលេចអំពីតម្លៃ ដែលមិនអាចកាត់ថ្លៃបាន នៃសន្តិភាព ដែលយើងទាំងអស់គ្នា កំពុង«អរគុណសន្តិភាព»។

      លោកជំទាវបានលើកឡើងទៀតថា ពីមុនប្រទេសកម្ពុជា ធ្លាប់តែឆាបឆេះដោយភ្លើងសង្គ្រាម និងធ្លាប់ហែលឆ្លងរបបវាលពិឃាត បច្ចុប្បន្នបានក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ប្រហាក់ប្រហែលបណ្តាប្រទេសក្នុងតំបន់ដែរ។ លោកជំទាវ មាន សំអាន ក៏បានស្នើដល់ស្ត្រីទាំងអស់ ត្រូវពង្រឹងសមត្ថភាពការងារ និងបណ្ដុះបណ្ដាល ជំនាញបច្ចេកទេសបន្ថែមទៀត ដើម្បីមានចំណេះដឹង និងសមត្ថភាពខ្ពង់ខ្ពស់ ហើយទទួលឱកាស ចូលរួមចំណែកក្នុងសកម្មភាពនានា ទាំងឆាកនយោបាយ និងសង្គម ព្រោះថាស្ត្រី គឺជាឆ្អឹងខ្នងនៃសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

      នាឱកាសនោះក៏មានកម្មវិធីជូនបាច់ផ្កា និងកន្ត្រកផ្កា ដល់ថ្នាក់ដឹកនាំ និងទស្សនាការតាំងពិព័ណ៌ផលិតផលដែលធ្វើដោយដៃនារីខ្មែរ ព្រមទាំងជូនវត្ថុកំដរដៃ ដល់អ្នកចូលរួម ក្នុងម្នាក់ៗសារុង១ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ