រដ្ឋបាលខេត្តកំពង់ចាម បើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០
March 04, 2020 អ្នកទស្សនា :

      ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២០នេះ បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម ។ អង្គសន្និបាតនេះ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្ដម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន ជុំវិញខេត្ត លោក លោកស្រី ជាក្រុមប្រឹក្សា និងអភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ផងដែរ។

     ស្ថិតក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្ដែង នូវកោតសសើរ និងវាយតម្លៃ ឯកឧត្តម លោកជំទាវអស់លោកលោកស្រី ជាថ្នាក់ មន្ត្រី រាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ក៏ដូចជា អ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការប្តេជ្ញាចិត្ត ចូលរួមយ៉ាងសកម្ម តាមការកំណត់ លិខិតបទដ្ឋានជាធរមាន ព្រមទាំង ការផ្តល់កិច្ចសហការ ធ្វើឲ្យរដ្ឋបាល ខេត្តកំពង់ចាម សម្រេចបានសមិទ្ធផល ជាច្រើននៅក្នុង ០១ឆ្នាំកន្លងទៅនេះ។

      ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ឆ្នាំ២០១៩ កន្លងទៅនេះ គឺជាឆ្នាំ នៃការអនុវត្តកម្មវិធី និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាល នៃរដ្ឋសភា។ អាស្រ័យហេតុនេះ សន្និបាត នាពេលនេះ គឺជាឱកាសដ៏សមស្រប សម្រាប់យើងរួមគ្នា ធ្វើការវាយតម្លៃលទ្ធផលការងារ ដែលរដ្ឋបាលខេត្តកំពង់ចាមខិតខំប្រឹងប្រែង សម្រេចបាន ទាំងក្របខណ្ឌ នៃតួនាទី ភារកិច្ច ស្របតាមច្បាប់កំណត់ កិច្ចសហការសម្របសម្រួល និងកិច្ចការនានា និងបញ្ហារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ដោយឡែក លើមូលដ្ឋាន នៃការវាយតម្លៃ គ្រប់ជ្រុងជ្រោយ លើបទពិសោធន៍ ដែលទទួលបាន និងបញ្ហាប្រឈម ដែលនៅសេសសល់ យើងនឹងរួមគ្នា ធ្វើការកំណត់ទិសដៅការងារក្នុងឆ្នាំ២០២០ ដើម្បី បន្តអនុវត្តកម្មវិធីកំណែទម្រង់នានា ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

      ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានគូសបញ្ជាក់ដែរថា ដូចឆ្នាំមុនៗនោះដែរ សន្និបាតរបស់រដ្ឋបាល នាពេលនេះ ធ្វើឡើងក្នុងគោលបំណង រៀបចំទិសដៅផែនការសកម្មភាពរបស់ខ្លួន ឲ្យមានសង្គតិភាព និងគោលការណែនាំនានា របស់ថ្នាក់ជាតិ ។ ទន្ទឹមនឹងនោះ សន្និបាត ក៏នឹងធ្វើការបែងចែកក្រុម ដើម្បី ប្រមូលធាតុចូល សមាជិកា នៃអង្គសម្រាប់បំពេញបន្ថែមលើខ្លឹមសាររបាយការណ៍ និងទិសដៅ ព្រមទាំង គោលការណ៍ សម្រាប់អនុវត្តនេះបន្តទៀតផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ