ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំសាមញ្ញ លើកទី៩ ឆ្នាំទី១ អាណត្តិទី៣ ផ្តោតសំខាន់ក្នុងការតំរង់ទិសលើវិស័យអប់រំ
March 04, 2020 អ្នកទស្សនា :

      (ពោធិ៍សាត់)៖ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លើកទី៩ ឆ្នាំទី១ អាណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត ផ្តោតសំខាន់ក្នុងការតំរង់ទិសវិស័យអប់រំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពនានាជុំវិញខេត្ត។

      កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ មានរបៀបវារ: ចំនួន៧ យកមកពិនិត្យ និងពិភាក្សា រួមមាន៖
១. ពិនិត្យកូរ៉ុម
២. ប្រសាសន៍បើកកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត
៣. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញ លើកទី៨ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
៤. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត
៥. ពិនិត្យ និងអនុម័ត សេចក្តីណែនាំ ស្តីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល (២០២១-២០២៣) ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ របស់រដ្ឋបាលខេត្តពោធិ៍សាត់
៦. ស្ដាប់របាយការណ៍របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត
៧. បញ្ហាផ្សេងៗ។

      ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានផ្តល់អនុសាសន៍ ចំនួន៥ចំណុច ដល់វិស័យអប់រំ រួមមាន៖ សីលធម៌សង្គម, ចំណេះដឹង, សីលធម៌គ្រូ, សាមគ្គីភាពផ្ទៃក្នុង និងបំពាក់បំប៉នចំណេះដឹង។ ដែលកិច្ចការទាំងនេះ ត្រូវបានប្រគល់ជូនឯកឧត្តម ធាម លឹមអៀង សមាជិកក្រុមប្រឹក្សាខេត្ត និងជាអតីតប្រធានមន្ទីរអប់រំខេត្ត ចុះពិនិត្យ និងសិក្សាវាយតម្លៃ គ្រប់សាលាទូទាំងខេត្ត ក្នុងគោលបំណងកែលម្អ ទាំងគុណភាព និងបរិមាណ ដើម្បីឈាមទៅជាសាលារៀនគំរូទៅថ្ងៃអនាគត។ ឯកឧត្តមបានបន្ថែមថា មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវចលនាប្រជាពលរដ្ឋ ប្រើប្រាស់ឱ្យអស់លទ្ធភាព ក្នុងការស្តារផ្លូវទឹកធម្មជាតិ «បឹង អូរ ប្រឡាយ ឬស្ទឹង» ដើម្បីមកប្រើប្រាស់ ក្នុងវិស័យកសិកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃ។ ជាមួយគ្នានោះដែរ ឯកឧត្តមសូមឱ្យមន្ទីររ៉ែ និងថាមពល ត្រូវត្រួតពិនិត្យឡើងវិញ ចំពោះបញ្ហាធនធានរ៉ែ «ដីក្រហម ដីស ខ្សាច់» ត្រូវរក្សាទុកឱ្យជិតទីប្រជុំជន ងាយស្រួលសម្រាប់អភិវឌ្ឍន៍ក្នុងខេត្ត ស្រុក ក្រុង ចំពោះក្រុមហ៊ុនធំៗ ដែលធ្វើផ្លូវថ្នល់ ត្រូវយកឱ្យឆ្ងាយ។

      ឯកឧត្តមក៏បានដាក់ផែនការឱ្យគណៈបញ្ជាការឯកភាពក្រុង និងអ្នកពាក់ព័ន្ធ ចូលរួមសហការ ជម្រុញបងប្អូនអាជីវករ ឱ្យទៅលក់ដូរនៅផ្សារភួពុយ ដែលមានផាសុខភាព ទីធ្លាធំទូលាយ ដោយមិនអនុញ្ញាតឱ្យលក់ដូរគ្មានសណ្តាប់ធ្នាប់ តាមសំយ៉ាបផ្ទះ និងដងផ្លូវសាធារណៈ ដូចកាលពីមុនទៀតឡើយ។

      ក្នុងនោះដែរ ឯកឧត្តម ម៉ក រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពនានាជុំវិញខេត្ត ដែលជាសេនាធិការឱ្យរដ្ឋបាលខេត្ត ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡា ត្រូវអនុវត្តន៍ទៅតាមអនុសាសន៍ របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងសម្រេចឱ្យបាននូវជោគជ័យល្អប្រសើរ។ ឯកឧត្តមបានបន្ថែមថា គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវផ្តល់នូវរបាយការណ៍ពីសកម្មភាព លទ្ធផលការងារ ដែលសាមីមន្ទីរអង្គភាពអនុវត្តន៍បានប្រចាំខែនីមួយៗ ឱ្យបានមុនតាមការកំណត់របស់រដ្ឋបាលខេត្ត និងត្រូវមានវត្តមាន នៃការចូលរួមគ្រប់កិច្ចប្រជុំ ឱ្យខាងតែបាន។

      ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការណែនាំដល់មន្ត្រីអនុវត្តច្បាប់ ត្រូវត្រួតពិនិត្យជាប់ជាប្រចាំ  និងចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព លប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញៀន ដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ