រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០
March 03, 2020 អ្នកទស្សនា :

      សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ របស់រដ្ឋបាលខេត្តព្រះសីហនុ អស់រយៈពេល ២ថ្ងៃ ត្រូវបានបិទ នារសៀលថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

     ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍បូកសរុបលទ្ធផលសន្និបាតប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ ជូនអង្គសន្និបាតជ្រាបថា សមិទ្ធផលជាច្រើនដែលយើងសម្រេចបានក្នុងឆ្នាំ២០១៩ ដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ធានាបាននិរន្តរភាព នៃការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យបានយូរអង្វែង ក្នុងគោលដៅប្រែក្លាយខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍមួយយ៉ាងសំខាន់ទៅជាទីក្រុងឆ្លាតវៃ និងជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចដកថវិកាសន្សំរបស់ជាតិស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង ៣៤ខ្សែ ប្រវែង ៨៤,៥០៥ម៉ែត្រ និងការស្តារអូរប្រឡាយទាំង៥ខ្សែ ព្រមទាំងស្ថាបនាផ្លូវបន្ថែម ចំនួន ១១ខ្សែ មានប្រវែង ១៦,៣៧៤ ម៉ែត្រ។ រដ្ឋបាលខេត្តនឹងបន្តរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយ ដើម្បីបង្ការទប់ស្កាត់ និងកាត់បន្ថយបទល្មើសគ្រប់ប្រភេទនៅទូទាំងខេត្ត ពិសេសការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

      ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានមានប្រសាសន៍បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយគូសបញ្ជាក់ថា ឆ្លងកាត់ការលំបាកកន្លងមក ធ្វើឱ្យខេត្តព្រះសីហនុ រក្សាបាននូវកិត្យានុភាពដ៍វិសេសវិសាលសម្រាប់ជាមូលដ្ឋាន ដើម្បីរួមគ្នាអនុវត្តទិសដៅការងារក្នុងឆ្នាំ២០២០ ដែលជាឆ្នាំទី២ នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិ បាលកម្ពុជា ទទួលលទ្ធផលល្អប្រសើរតាមផែនការ។ ស្របពេលប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច បញ្ចៀសបាននូវផលប៉ះពាល់ កើតចេញពីស្ថានការណ៍ដ៏តឹងតែងនៃពិភពលោក បង្កបរិយាកាសអំណោយផលល្អ ដល់ការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យកាន់តែមានសន្ទុះរីកចម្រើនលើគ្រប់វិស័យ។

      ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ ក៍បានបំពាក់គ្រឿងឥស្សរិយយស និងលិខិតសរសើរជូនដល់មន្ត្រីរាជការសាលាខេត្តព្រះសីហនុ ដែលបានបំពេញការងារល្អផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ