ថ្នាក់ដឹកនាំខេត្តកំពត ជួបសំណេះសំណាល និងជូនដំណើរពលទាហានដែលទើបជ្រើសរើសថ្មីបំពេញក្របខ័ណ្ឌឲ្យកងទ័ពជើងគោក
February 26, 2020 អ្នកទស្សនា :

      ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ២០២០ បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរ ដល់យុវជនស្ម័គ្រចិត្ត ដែលជាពលទាហានជ្រើសរើសថ្មីចូល
បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ដើម្បីទៅចូលសាលា ហ្វឹកហ្វឺនពលទាហានទី៣ របស់យោធភូមិភាគ៣ ដែលពិធីនេះបានធ្វើឡើងនៅឯទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពត។

      មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានលើកបញ្ជាក់ឲ្យដឹងថា
យុវជនស្ម័គ្រចិត្តដែលជាពលទាហានបានជ្រើសរើសថ្មីនាពេលនេះ គឺផ្អែកតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តបំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក សម្រាប់នៅខេត្តកំពតមានចំនួន២១២ នាក់ក្នុងនោះនារីមាន ចំនួន១នាក់ រីឯចំនួនដែលជាប់ជាបេក្ខជនបម្រុងមានចំនួន១៣២នាក់ ក្នុងនោះនារី មានចំនួន៦៧នាក់។ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់ក្មួយៗជាពលទាហានដែលទើបប្រឡងជាប់ជាស្ថាពរលើចំណុចសំខាន់ៗមួយចំនួន ក្នុងពេលក្លាយជាកងទ័ព ក្នុងកាតព្វកិច្ចបម្រើជាតិសាសនាព្រះមហាក្សត្រគឺ
ទី១-ត្រូវអនុវត្តឲ្យបានល្អនូវរាល់បទបញ្ជារបស់កងយុទ្ធពលខេមរៈភូមិន្ទ ពិសេសត្រូវតស៊ូប្រឹងប្រែងរៀនសូត្រ នូវរាល់មេរៀនរបស់កងទ័ពនិងក្បួនយុទ្ធសាស្ត្រនានា ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបូរណភាពទឹកដី និងការពារសេចក្ដីសុខជូនប្រជាជនកម្ពុជា ការពារសន្តិភាព ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រជាពលរដ្ឋបានបោះឆ្នោតជូន និងប្រឆាំងដាច់ខាតនៅការប៉ុនប៉ងណាមួយដែលមានបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលនិងការធ្វើបដិវត្តពណ៌នៅកម្ពុជា។
ទី២-ត្រូវលើកកម្ពស់ឆន្ទៈម្ចាស់ការ ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរស់នៅតាមបណ្ដាកងឯកភាព ទោះជិត ឬឆ្ងាយក៏មិនត្រូវ រុញរា ត្រូវចេះអត់ធ្មត់ តស៊ូដើម្បីការពារជាតិ ការពារសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះដោយមិនអាចឱ្យជនណាម្នាក់មកបំផ្លាញសន្តិភាពនេះបានឡើយ។
ទី៣-ត្រូវចងចាំថា ការជ្រើសរើសកងទ័ពគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នាដូចបាន កំណត់ក្នុងច្បាប់ស្ដីពីកាតព្វកិច្ចយោធា។ 

      នៅក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ បានឧបត្ថម្ភថវិកាសរុប ១៦,៧២០,០០០រៀល ពលទាហានថ្មី ដោយម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល និងក្រមាមួយ ព្រមទាំងឧបត្ថម្ភដល់សាហ៊ុយថ្លៃការដឹកជញ្ជូនពលទាហានថ្មីទាំងអស់នោះដល់បន្ទាយហ្វឹកហ្វឺននៅខេត្តកំពង់ស្ពឺផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ