រដ្ឋបាលខេត្តសៀមរាប ប្រារព្ធទិវាជាតិលើកទី៥ ស្តីពីទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ
February 22, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី២២ខែកុម្ភះ ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប បានរៀបចំទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យ ដើម្បីជម្រុញដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ង ចំពោះគ្រោះថ្នាក់ជាយថាហេតុនេះ។ ទិវានេះបានប្រារព្ធធ្វើទៅក្រោមអធិបតី លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តម ប្រាក់ ចាន់ធឿន សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ ចៅសង្កាត់ គរុសិស្ស និសិ្សត សិស្សានុសិស្ស និង ប្រជាពលរដ្ឋចូលរួមផងដែរ។

      យោងតាមរបាយការណ៍របស់លោកវរៈសេនីយ៍ឯក ភឹង សម្បត្តិ ស្នងការរងនគរបាលខេត្តទទួលការិយាល័យអគ្គិភ័យ  បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៩កន្លងមកនេះ គ្រោះថ្នាក់អគ្គីភ័យ និងមហន្តរាយដែលបង្ករ ឲ្យនៅទូទាំងខេត្តសៀមរាប  បើបៀបធៀបនឹងឆ្នាំ២០១៨ មានចំនួន៦៩ករណីលើ ៣៩លើក ករណីឆេះផ្ទះ ៣៦លើ២៤ខ្នង ស្លាប់មនុស្សម្នាក់ របួស១១នាក់ ដោយប្រើប្រាស់ទឹកអស់ ៩៦លើ៦៣ រថយន្ត និង បំពង់ពន្លត់អគ្គីភ័យ១២បំពង់។ អគ្គិភ័យទាំងនេះគឺបណ្តាលមកពី ការឆេះធុងហ្គាស, ដុតធូក ទៀនចោល និង ឆ្លងចរន្តអគ្គិសនី។

      លោក ពិន ប្រាកដ បានបញ្ជាក់ថា ការគោរពទិវាជាតិបង្ការ និង ពន្លត់អគ្គីភ័យ ២២កុម្ភះ ថ្ងៃនេះ គឺជាព្រឹត្តិការណ៍មួយដ៏មានអត្ថន័យ និង មានសារៈសំខាន់ ក្នុងគោលបំណងបំផុសការចូលរួមពីគ្រប់បណ្តាស្ថាប័ន អង្គការសង្គមស៊ីវិល សមាគម ផ្នែកឯកជន ជាសំខាន់បងប្អូនប្រជាពលរដ្ឋ បានយល់ដឹង គាំទ្រ និង ចូលរួមយ៉ាងសស្រាក់សស្រាំជាមួយកងកម្លាំងសមត្ថកិច្ច ប្រកបដោយការបេ្តជ្ញាយ៉ាងមុតមាំ ដើមី្បកាត់បន្ថយគ្រោះថ្នាក់ ដែលបណ្តាលមកពីបញ្ហាអគ្គីភ័យ។ លោកបានគួសបញ្ជាក់ថា ការបង្ការ ពន្លត់អគ្គីភ័យ គឺជាករណីកិច្ចគ្រប់មន្ទីរ អង្គភាព ផ្នែកឯកជន និង ប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គីភ័យ និង ចូលរួមពន្លត់អគ្គីភ័យនៅពេលមានគ្រោះអគ្គីភ័យកើតមានឡើង និង ត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ស្តីពីបង្ការ និង ពន្លត់អគ្គីភ័យ និង លិខិតបទដ្ឋានគតិយុត្តនានា និងធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋ ក្នុងគោលដៅមានហានិភ័យខ្ពស់ ព្រមទាំងឲ្យបានយល់ដឹងអំពីវិធានការ បច្ចេកទេសបង្ការ និង ពន្លត់អគ្គីភ័យ នៅគ្រប់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុន ក្លឹបកម្សាន្ត តាមផ្សារ និង អាជីវកម្មនានា គឺត្រូវបំពាក់ប្រព័ន្ធសុវត្ថិភាព បង្ការពន្លត់អគ្គីភ័យ ឲ្យបានត្រឹមត្រូវទៅតាមបច្ចេកទេស។  

      ក្នុងនោះដែរលោកក៏បាន លើកនូវអនុសាសន៍ល្អៗមួយចំនួន លើការបង្ការចំពោះបញ្ហា អគ្គីភ័យ ដោយផ្តោតសំខាន់ទៅលើការរៀបចំនូវប្រព័ន្ធសុវត្ថិភាព និង បង្ការគ្រោះអគ្គីភ័យ នៅតាមបណ្តាអគារធំៗខ្ពស់ៗ និង បណ្តាក្រុមហ៊ុន ផ្សារទំនើប ក្លីបកំសាន្ត និង រោងចក្រ មហោស្រពជាដើម។ ក្នុងនោះ លោក ក៏បានផ្តោតសំខាន់ ចំពោះរាល់បច្ចេកទេស ក្នុងការរៀបចំនូវស្ថានីយ៍ប្រេងឥន្ធនៈ និង ឧស្ម័ន តើគ្រប់ជំនាញពាក់ព័ន្ធបានធ្វើការពិនិត្យត្រឹមត្រូវ ទៅតាមស្តង់ដា បច្ចេកទេសឬទេ ដើមី្បបង្ការកុំឲ្យមានហានីភ័យកើតឡើង។ ចំពោះករណីនេះ យើងត្រូវបន្ត ខិតខំប្រឹងប្រែងឲ្យសម្រេចបាន នូវគោលបំណងចំនួនពីរ គឺ រក្សាឲ្យបានសន្តិសុខ សុវត្ថិភាព អាយុជីវិត ទ្រព្យសម្បត្តិរដ្ឋ និង ឯកជន អំពីគ្រោះថ្នាក់បណ្តាមកពី អគ្គីភ័យ និង ធ្វើឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ អ្នកវិនិយោគិន  គ្មានការព្រួយបារម្ភកង្វល់អំពីគ្រោះអគ្គីភ័យ និង ស្ម័ត្រចិត្តយ៉ាងសកម្ម ចូលរួមជាមួយកងកម្លាំងសមត្ថកិច្ច បង្ការ ទប់ស្កាត់ ដើមី្បកុំឲ្យកើតមានអគ្គីភ័យកើតឡើង។ 

     លោក ក៏បានធ្វើការកោតសរសើរដល់កងកម្លាំងនគរបាលពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរ បាលខេត្ត និងកងរាជអាវុធហត្ថខេត្ត អាជ្ញាធរអប្សរា និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអង្គភាពមួយចំនួន រួមទាំងវិស័យឯកជន ដែលបានសហការគ្នាល្អ ក្នុងការខិតខំយកចិត្តទុកដាក់ ចូលរួមជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះអគ្គីភ័យ បានទាន់ពេលវេលានៅខេត្តសៀមរាប។  
 
      ក្នុងនោះដែរក៏មានការបង្ហាត់បង្ហាញ អំពីសកម្មភាពស្តីពីការប្រើប្រាស់ឧបករណ៍ពន្លត់អគ្គីភ័យ ដែលបានធ្វើការបង្ហាត់បង្រៀនឡើង ដោយក្រុមពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងធ្វើសមយុទ្ធក្នុងការពន្លត់អគ្គីភ័យ ជូនដល់គណៈអធិបតី និង អង្គពិធីទាំងមូលបានទស្សនាផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ