អាជ្ញាធរខេត្តកណ្តាល បន្តជំរុញការងារ​ចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ
February 21, 2020 អ្នកទស្សនា :

      អាជ្ញាធរខេត្តកណ្តាល បាននិងកំពុងបន្តជំរុញការងារ​ចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ ​ដើម្បី​ធានាបាន​នូវ​សិទ្ធិ​​ធ្វើជា​ម្ចាស់​​កាន់កាប់ដីធ្លីស្របច្បាប់។

      ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន៦ភូមិ គឺភូមិសន្លុង ភូមិថ្មី ភូមិឈូក ភូមិកណ្តាល ភូមិព្រៃធំ និងភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល។នាព្រឹកថ្ងៃទី២១ ខែ កុម្ភះ ឆ្នាំ ២០២០  លោក ព្រំ ឆាត  អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្តាល ​បានជំរុញដល់​ក្រុមការងារឱ្យបង្កើនសកម្មភាពរបស់ខ្លួនថែមទៀត ក្នុងការចុះវាស់វែងដីធ្លីនៅក្នុងតំបន់គោល​ដៅឱ្យបានលឿនដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

      លោក ព្រំ ឆាត បានគូសបញ្ជាក់ថា អាជ្ញាធររដ្ឋបាលដីធ្លីបានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធជូន​ដល់ប្រជាពលរដ្ឋព្រោះថាការចុះបញ្ជីដីធ្លីនេះមានសារៈសំខាន់ណាស់សំរាប់ប្រជាពលរដ្ឋដែលជាម្ចាស់ដីនិងដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើ​ប្លង់រឹងលើដី​​ធ្លី ​ដើម្បី​ធានា​នូវ​សិទ្ធិ​​ធ្វើជា​ម្ចាស់​​កាន់កាប់ ​​ ជា​ឯកសារ​សំអាងរឹងមាំបើមានជម្លោះដីធ្លី ពិសេសទៀតនោះបានធ្វើឱ្យ បញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយ​យ៉ាងច្រើន។

    លោកបានមានប្រសាសន៍ទៀតថា ជំនួសមុខឱ្យប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្ត សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានបង្កើតឱ្យមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះឡើង។ ជាមួយនោះលោកក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដល់ក្រុមការងារ ដែលបាននិងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ។

     លោក អនុប្រធានមន្ទីរបានឱ្យដឹងថា បច្ចុប្បន្នក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជា ប្រព័ន្ធដែលកំពុងធ្វើសកម្មភាពវាស់វែងដីធ្លីនេះ ក្នុងតំបន់គោលដៅមាននៅខេត្ត ក្រុង ស្រុកទាំង១១ កំពុងដំណើរការយ៉ាងយកចិត្តទុកដាក់ជូនប្រជាពលរដ្ឋ និងមិនគិតដល់ថ្ងៃឈប់សម្រាកឡើយ។

      លោកបានបន្តឱ្យដឹងថា នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាម​ដំណាក់ គឺការកំណត់​តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹង ដំណើរការផ្សព្វផ្សាយ ការចុះកំណត់ព្រំវាស់វែងនិងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី។ ការបិតផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរយៈពេល១៥ថ្ងៃដើម្បី​ទុកលទ្ធភាពឱ្យម្ចាស់ដីនិងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះស្ថានភាពគ្រួសារ និងក្បាលដី​របស់ខ្លួនព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាលដីណាដែលមិន​​មាន​ទំនាស់ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិជូន​ម្ចាស់ដី។

     លោក ឃឹម សំភា អភិបាលរងស្រុកខ្សាច់កណ្តាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង៦ភូមិ ចូលរួមសហការឱ្យបានល្អក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរ ភូមិ ឃុំ គ្រប់លំដាប់ថ្នាក់ ដើម្បីសម្រួលការងារ និងដំណើរការបានល្អដោយរលូន យ៉ាងណាមិញក៏បានជួយលើកស្ទួយដល់សេដ្ឋកិច្ចគ្រួសារជូនប្រជាពលរដ្ឋបានល្អប្រសើរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ