អភិបាលខេត្តកំពង់ចាម ចុះសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ក្នុងទិវាជាតិ សុខភាព មាតា ទារក និងកុមារ ២១ កុម្ភៈ
February 21, 2020 អ្នកទស្សនា :

      ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ក្នុងពិធី អបអរសាទរទិវាជាតិ សុខភាព មាតា ទារក និងកុមារ ២១ កុម្ភៈ ដែលប្រារព្ធធ្វើឡើង នៅសាលប្រជុំមន្ទីរសុខាភិបាល ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត និងតំណាងបងប្អូនស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន និងកុមារ សរុបប្រមាណ ជាង ១៥០នាក់ ផងដែរ។ 

      បន្ទាប់ពី លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាក្រហមកម្ពុជា ខេត្តកំពង់ចាម អាននូវសាលិខិត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងទិវាសុខភាពមាតា ទារក និងកុមារ រួចមក ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ទិវាជាតិថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២០ នេះ បានរៀបចំក្រោមប្រធានបទ «សុខភាពកុមារកម្ពុជា នាពេលអនាគត» ។

      ឯកឧត្ដម បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០១៩ មក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនមន្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោមពីរឆ្នាំ ចំពោះ គ្រួសារដែលមានប័ណ្ណសមធម៌ និងប័ណ្ណអាទិភាព ក្នុងការសម្រចបាននូវការគ្រប់ដណ្ដប់សេវាសុខភាព ជាសកលនៅកម្ពុជា និងជាការយកចិត្តទុកដាក់ ចំពោះ ការថែទាំជាបន្តលើកការលូតលាស់ របស់ទារក ចាប់ពីនៅក្នុងផ្ទៃម្ដាយ ទារកទើបកើត និងបន្តថែទាំដល់កុមារតូច ឲ្យមានការលូលាស់ល្អទាំងរាងកាយ ស្មារតី និងប្រាជ្ញា។

      ដូច្នេះ ដើម្បី ឲ្យកូនមានការលូតលាស់ល្អ បងប្អូនស្ត្រី ដែលជាម្ដាយ ចាំបាច់ណាស់ត្រូវដឹងច្បាស់ អំពីការចិញ្ចឹមទារក និងកុមារតូច ការតាមដានការលូលាស់ របស់កូន ការពន្យាកំណើត ពីកូនមួយ ទៅកូនបន្ទាប់ ដើម្បី ឲ្យមាតា និងទារក មានសុខភាពល្អ។ ក្រៅពីនោះ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក៏បានផ្ដល់ជូនបងប្អូនកម្មការិនីរោងចក្រ សហគ្រាស ដើម្បី ទទួលបានសេវាគាំពារសង្គម ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជាតិសាសន៍ និងសាសនា អ្វីឡើយ ក្នុងន័យចូលរួមចំណែក លើកកម្ពស់សុខុមាលភាពបងប្អូនស្ត្រីកម្ពុជា ជាពិសេស ការកាត់បន្ថអត្រាមរណភាពមាតា និងទារក ផងដែរ។ 
      ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ក៏បានសំណូមពរ ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តថែទាំសុខភាពឲ្យបានល្អ តាមរយៈ ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត។ ជាមួយនោះ ប្រសិនបើបងប្អូនមានបញ្ហាសុខភាព សូមប្រញាប់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បី ទទួលបានសេវាព្យាបាល បានទាន់ពេលវេលា។

      នាឱកាសនោះដែរ ឯកឧត្តម ប្រធានគណកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងសហការី នៃសាខាខេត្ត ក៏បានផ្ដល់ជូននូវអំណោយមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន និងកុមារ ចំនួន ១០០នាក់ ដោយ ១គ្រួសារៗ ទទួលបាន កន្សែង ១ កន្ទបកូនក្មេង ១យួរ សាប៊ូកូនក្មេង ១ដប សារ៉ុង ១ ក្រម៉ា ១ និងថវិកា ២០.០០០រៀល ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ