ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកស្នួល
February 14, 2020 អ្នកទស្សនា :

      ដើម្បីធានាឱ្យដំណើរការនៃការចាប់ផ្តើមអនុវត្តរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាល ក្រុង ស្រុកក្នុងស្រុកស្នួលឲ្យប្រពឹត្តទៅដោយរលូននោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានធ្វើការណែនាំ ផ្ដាំផ្ញើនូវកិច្ចការចាំបាច់មួយចំនួន ដល់ មន្ត្រីរដ្ឋបាលដែលបានធ្វើ សមាហរណកម្មក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកស្នួលដែលមានចំនួន៤២  នាក់ស្រី ៦នាក់ ក្នុង ១៣ការិយាល័យនិងអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តរួមមាន៖ ការធានានិរន្តរភាព ការងារ រដ្ឋបាល និងការផ្តល់សេវាជូនប្រជាពលរដ្ឋដោយអនុវត្តតាមនីតិវិធីរដ្ឋបាល និងនីតិវិធីហិរញ្ញវត្ថុ ការចរចារលិខិតស្នាម និងការរៀបចំទីកន្លែងបំពេញការងារ ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងកិច្ចការឯកសារ និងទ្រព្យសម្បត្តិការផ្តល់សេវា តាមការិយាលយ័ច្រកចេញចូលតែមួយ ការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់អំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈនិងសុវត្ថិភាពសង្គម អំពីកិច្ចប្រជុំក្រុមប្រឹក្សាស្រុក។ ការណែនាំ និងផ្ដាំផ្ញើនេះ ក្នុងឱកាសនៃពិធីប្រកាសដាក់ឲ្យដំណើរការ រចនា សម្ព័ន្ធថ្មីដែលរដ្ឋបាលស្រុកស្នួល បានធ្វើឡើងកាលពីរព្រឹកថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ ២០២០ ដែលមានមន្រ្តីចូលរួមពីសំណាក់លោក-លោកស្រី ដែលជាថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជំនាញក្នុងខេត្ត រួមនិង មន្ត្រី អាជ្ញាធរមូលដ្ឋានផងដែរ។

      បន្ទាប់ពីលោក គង់ គឹមនី អភិបាលស្រុកស្នួលធ្វើកិច្ចស្វាគមន៏ និងរាយការណ៏ពីសកម្មភាពការងារ និងការអភិវឌ្ឍន៏លើគ្រប់វិស័យក្នុងស្រុករួចមក ឯកឧត្តម វ៉ា ថន អភិបាលខេត្តបានបន្តទៀតថា ដូចនេះការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាល ស្រុកស្នួលនាឱកាសនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលរដ្ឋាភិបាលបានដាក់ចេញនូវការកែទម្រង់ប្រពន្ធ័គ្រប់គ្រងរដ្ឋបាល សាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការនិងសហវិមជ្ឈការ មានអត្ថនយ័យ៉ាងជ្រាលជ្រៅ មកលើប្រពន្ធ័គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ សិទ្ធិអំណាចនិងធនធានទាំងនោះ សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ ហើយការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក នេះ គឺផ្អែកតាមគោលការណ៍ នៃរដ្ឋបាលឯកភាព ដែលមាន លក្ខណៈពេញលេញ ដើម្បីបង្កើនជំរុញនិងធ្វើឱ្យមានចីរភាព ក្នុងការអភិវឌ្ឍន៍ តាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនិង គោលការណ៍កំណែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការ។

      ដើម្បីរួមគ្នាសម្រេច ឲ្យបានប្រសិទ្ធភាពនូវកិច្ចការខាងលើនេះ ឯកឧត្តមអភិបាលខេត្តក៏បានបន្តផ្ដាំផ្ញើដល់មន្រ្តីរដ្ឋបាលស្រុកស្នួលទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ជាការចាំបាច់ គឺត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធិភាពការងារ គោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រី នៅក្នុងការបំពេញតួនាទី ភារកិច្ច សំដៅអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបចំពោះតម្រូវការ របស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ