ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារសិក្សាថ្មីនៅសាលាបឋមសិក្សា ហ៊ុន សែន សំយ៉ោង ស្ថិតក្នុងភូមិសំយ៉ោង ស្រុកកំពង់រោទិ៍
February 13, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ១ខ្នង ៤បន្ទប់ និងសមិទ្ធផលនានាមួយចំនួន នៅសាលាបឋមសិក្សា ហ៊ុន សែន សំយ៉ោង ស្ថិតក្នុងភូមិសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

      ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុក ឃុំ ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំងបី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មេឃុំ មន្ត្រីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋ ប្រមាណ ១.៤០០នាក់ ។

      ថ្លែងក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីមនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក ។ លោកជំទាវបានបន្តទៀតថា អគារសិក្ស១ខ្នង ៤បន្ទប់ រួមជាមួយសមិទ្ធផលនានា នៅសាលាបឋមសិក្សា ហ៊ុន សែន សំយ៉ោង បានចំណាយថវិការសរុប ៧៥.០០០ដុល្លារសហរដ្ឋអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឧកញ៉ា ប៊ុន មុនី ប្រធានអង្គការស្ថាបនាសហគមន៍កម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមឧត្ដមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក និងលោកជំទាវ បានជួយកសាងអគារសិក្សានេះឡើង ដើម្បីបំពេញតម្រូវការរបស់សិស្សដែលកំពុងមានកំណើនជារៀងរាល់ឆ្នាំ។ ការចូលរួមអភិវឌ្ឍន៍លើវិស័យអប់រំនៅកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ ដែលពេលនេះបាននឹងកំពុងកែទម្រង់ជាច្រើន ក្នុងគោលបំណងឱ្យកុមារគ្រប់ៗរូបបានចូលរៀន ធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន្ន សមធម៌ និងបង្កើតកាលានុវត្តភាពសិក្សាពេញមួយជីវិត ស្របពេលដែលរាជរដ្ឋាភិបាលចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព ដោយបានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ និងបានធ្វើយ៉ាងណាដើម្បីបង្កើនចំណេះដឹងនៅមូលដ្ឋាន ។

      លោកជំទាវក៏បានសំណូមពរឲ្យក្មួយៗសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេនទៅថ្ងៃអនាគត គប្បីខិតខំសិក្សារៀនសូត្រ មានវិន័យសីលធម៌ល្អ និងចូលរួមថែរក្សាការពារសមិទ្ធផលបានយូរអង្វែង ជាក្តីសង្ឃឹមរបស់ម្ចាស់ជំនួយ ក៏ដូចជាអាជ្ញាធរខេត្ត ពិសេស មាតាបិតា និងអាណាព្យាបាល។

      ជាមួយនេះ លោកជំទាវក៏សូមស្នើឲ្យលោកឧកញ៉ា ប៊ុន មុនី ឯកឧត្តមឧត្ដមសេនីយ៍ឯក ប្រាក់ សុវណ្ណា និងសប្បុរសជនដទៃទៀតបន្តចូលរួមក្នុងសកម្មភាពមនុស្សធម៌ដទៃទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តស្វាយរៀងបន្តទៀត៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ