រដ្ឋបាលខេត្តត្បូងឃ្មុំ អំពាវនាវពលរដ្ឋចូលរួមពិធីចាប់ត្រីតាមបែបបុរាណនៅបឹងត្រពាំងក្រមឲ្យបានច្រើនកុះករ
February 13, 2020 អ្នកទស្សនា :

      ត្បូងឃ្មុំ៖ ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈ ប្រជាពលរដ្ឋឃុំជាំក្រវៀន ស្រុកមេមត់ តែងតែប្រារព្ធពិធីចាប់ត្រីនៅរមណីយដ្ឋានបឹងត្រពាំងក្រម ដែលស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ « ពិធីចាប់ត្រី » នេះមានរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃទី១៣ ដល់ថ្ងៃទី ១៥ ខែកុម្ភៈ។

      សូមរំលឹកថា កាលពីឆ្នាំ២០១៩កន្លងទៅ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមចាប់ត្រី ចំអិនពិសាររាំលេងកំសាន្តជាមួយប្រជាពលរដ្ឋយ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត។

      ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក្នុងគ្រាដែលចុះជួបសួរសុខទុក្ខជាមួយពលរដ្ឋតាមមូលដ្ឋានកន្លងមក តែងតែអំពាវនាវដល់ពលរដ្ឋមិនថានៅតំបន់នោះ ក្នុងខេត្ត ឫតាមបណ្តារាជធានីខេត្តនានា អញ្ជើញមកចូលរួមចាប់ត្រី ចំអិនពិសារសប្បាយជុំគ្នា ជាពិសេសឆ្នាំនេះ នឹងមានប្រាក់រង្វាន់សម្រាប់អ្នកមានស្នាដៃ ចាប់បានច្រើនជាងគេ ដោយមានលេខ១ លេខ២ លេខ៣ និងរង្វាន់លួងចិត្តផងដែរ។

      ទាំងនេះគឺដូចដែរតាមសន្យា ឯកឧត្តមបណ្ឌិត ថានឹងប្រារព្ធឲ្យមានពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីប្រជាពលរដ្ឋបានរីករាយជួបជុំ ក្រោមដំបូលសុខសន្តិភាព ក៍ដូចជាបន្តអនុវត្តបន្តនូវទំនៀមទំលាប់ប្រពៃណីដូនតាដែលបានធ្វើឡើងជារៀងរាល់ឆ្នាំរហូតដល់បច្ចុប្បន្ននេះ។

     បើតាមលោក អ៊ួច យឿន មេឃុំជាំក្រវៀនឲ្យដឹងថា ពិធីចាប់ត្រីតាមបែបប្រពៃណី ទំនៀមទម្លាប់ របស់ពលរដ្ឋ ឃុំជាំក្រវៀន គឺបន្ទាប់ពីប្រមូលផលកសិកម្មរួចរាល់ និងជាកម្មវិធីកំសាន្តសប្បាយ សម្រាប់ប្រជាពលរដ្ឋ។

      លោក មេឃុំ បន្តថា នាថ្ងៃទី១៣ ខែកុម្ភៈ ជាកម្មវិធីដើរលេងកម្សាន្តទស្សនាទេសភាពនៅជុំវិញតំបន់បឹងត្រពាំងក្រម។ រីឯនៅរាត្រីថ្ងៃទី១៣ និង១៤ នឹងមានកម្មវិធីរាំលេងកំសាន្តទល់ភ្លឺ។

      ដោយឡែកនៅ ថ្ងៃទី១៥ គឺជាថ្ងៃប្រារព្ធពិធីចាប់ត្រី ដោយចាប់ផ្តើមចុះចាប់វេលាម៉ោង០៩ព្រឹក ក្រោមការចូលរួមជាអធិបតីភាព ពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្ត រួមជាមួយប្រជាពលរដ្ឋជិតឆ្ងាយ។

      សូមជម្រាបថា មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិន អនុញ្ញាតឲ្យពលរដ្ឋនេសាទត្រីក្នុងបឹងក្រមនេះឡើយដើម្បីរក្សាវត្តមានត្រីទុក សម្រាប់ពិធីចាប់ត្រីជារៀងរាល់ឆ្នាំ។

      ចំពោះការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះដូចជាអង្រុត ឈ្នាង និងត្រកជាដើម ដើម្បីចាប់ត្រីក្នុងពិធីនេះ ដោយតំបន់បឹងក្រមមានផ្ទៃដីប្រមាណ៣០ ហិកតា និងផ្ទៃ បឹងទំហំ១ ហិកតា៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ