ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីក្នុងពិធីដាក់ឲ្យដំណើរការរចនាសម្ព័នថ្មី នៃរដ្ឋបាលស្រុកថ្មគោល ខេត្តបាត់ដំបង
February 13, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឲ្យដំណើរការរចនាសម្ព័នថ្មី នៃរដ្ឋបាលស្រុកថ្មគោល ខេត្តបាត់ដំបង នៅបរិវេណសាលាស្រុកថ្មគោល។

      ពិធីនេះក៏មានការអញ្ជើចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយកងសាលា លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ ក្នុងរចនាសម្ព័នថ្មី បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

      លោក គិម វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកថ្មគោល បានឡើងអានសន្ទរកថា និងរបាយការណ៍សង្ខេបស្តីពីស្ថានភាព និងសភាពការទូទៅនៅក្នុងស្រុកថ្មគោល ជូនដល់គណៈអធិបតី និងអង្គពិធី។

      លោក ឆេង ជីរ៉ាត់ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តបាត់ដំបង បានឡើងអាន សេចក្តីសម្រេច ស្តីពីការធ្វើសមាហរណកម្មបុគ្គលិក និងការរៀបចំមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័នថ្មីរបស់រដ្ឋបាលស្រុកថ្មគោល ខេត្តបាត់ដំបង ចំនួន៥៥៨នាក់។

      ឯកឧត្តម ងួន រតនៈ អភិបាល នៃគណ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកថ្មគោលនេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិផ្ទេរអំណាចផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវ លើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិ អំណាច និងធនធានទាំងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធ
ភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

      ឯកឧត្តម បានបន្តទៀតថា ប្រទេសកម្ពុជាបានចាប់ផ្តើមអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយចាប់ផ្តើមអនុវត្តនៅថ្នាក់ឃុំ សង្កាត់ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំ២០០២។ ផ្អែកលើបទពិសោធន៍ និងលទ្ធផលជាវិជ្ជមានដែលសម្រេចបាននៅថ្នាក់ឃុំ សង្កាត់ រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីពង្រីកដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់រាជធានី ខេត្ត ក្រុងក្រងុ ខណ្ឌ ទូទាំងប្រទេស តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឈានទៅរៀបចំក្របខណ្ឌច្បាប់
ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៅថ្នាក់រដ្ឋបាលទាំងនេះ តាមអាណត្តិដែលបានកំណត់រៀងរាល់៥ឆ្នាំម្តងចាប់តាំងពីឆ្នាំ២០០៩មក។

      ឯកឧត្តម បន្តទៀតថា ការដាក់ឲ្យដំណើរការនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុក នាពេលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅមកលើប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិបន្ថែមទៀត គឺ៖
១-ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមគោលការណ៍នៃរដ្ឋបាលឯកភាពដែលមានលក្ខណៈ
ពេញលេញ ដើម្បីបង្កើត ជំរុញ និងធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ការបង្កើតឡើងនូវរដ្ឋបាលឯកភាពនៅថ្នាក់ក្រោមជាតិ គឺសំដៅដល់ការពង្រឹងអង្គឯកភាពរបស់រដ្ឋ ដើម្បីសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធារណៈនៅក្នុងដែនដីរបស់ខ្លួន។២-ការផ្លាស់ប្តូរនូវខ្សែគណនេយ្យ និងរបៀបរបបនៃការបំពេញការងារ មានន័យថា រដ្ឋបាលក្រុង
ស្រុក ខណ្ឌ ដែលជាតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន នៅថ្នាក់រដ្ឋបាលរបស់ខ្លួន ត្រូវដើរតួនាទី
ក្នុងការសម្របសម្រួល ដឹកនាំគ្រប់សកម្មភាព ឬកិច្ចការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយ
រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ចំពោះវិស័យ
ដែលក្រសួង ស្ថាប័ននីមួយៗទទួលខុសត្រូវ។ ផ្អែកតាមខ្សែគណនេយ្យភាពថ្មីនេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាខ្សែបណ្តោយនៃក្រសួងស្ថាប័ននីមួយៗ ជំនួសឱ្យការិយាល័យជំនាញ ដែលបានរៀបចំនាពេលកន្លងមក។ ហេតុនេះ ក្រសួង ស្ថាប័ន ឬមន្ទីរ អង្គភាពជំនាញនៅថ្នាក់រាជធានី ខេត្ត ដែលត្រូវអនុវត្ត
សកម្មភាព ឬកិច្ចការងារណាមួយនៅថ្នាក់ក្រុង ស្រុក ខណ្ឌ គឺត្រូវធ្វើកិច្ចសហការ និងទំនាក់ទំនង ជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌដោយផ្ទាល់ទៅលើវិស័យដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ