រដ្ឋបាលក្រុងបាវិត រៀបចំពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ពន្ធ័ថ្មី នៃរដ្ឋបាលក្រុង
February 12, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលាក្រុងបាវិត មានរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ពន្ធ័ថ្មី នៃរដ្ឋបាលក្រុងបាវិត ក្រោមអធិបតីភាព ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត។

     អញ្ជើញចូលរួមក្នុងពិធីនេះមានលោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោក លោកស្រី ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោកនាយកទីចាត់ការចំណុះសាលាខេត្ត តំណាងកងកម្លាំងទាំងបី លោកនាយក នាយករងរដ្ឋបាលសាលាក្រុង លោកចៅសង្កាត់ទាំង០៥ លោក លោកស្រី ជាប្រធាន អនុប្រធាន និងមន្ត្រី នៃការិយាល័យដែលត្រូវធ្វើសមាហរណកម្ម សរុបវត្តមាន ចំនួន ៧២នាក់។

      ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា ផ្អែកតាមប្រវត្តិសាស្ត្រនៃការគ្រប់គ្រងរដ្ឋបាលសាធារណៈនៅកម្ពុជា កម្ពុជាបានអនុវត្តប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈតាមបែបមជ្ឈការជាយូរឆ្នាំមកហើយ ទើបតែនៅឆ្នាំ២០០២នោះទេដែលបានចាប់ផ្តើមអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ ឃុំ សង្កាត់ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបានពង្រីកដំណើរការកំណែទម្រង់នេះជាបន្តបន្ទាប់នៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស នៅឆ្នាំ២០០៩ ដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស លើកកម្ពស់គុណភាព និងប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

      ឯកឧត្ដមបន្តថា ចំពោះការប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង នៅថ្ងៃនេះ គឺជាការវិវឌ្ឍន៍ថ្មីមួយទៀតលើការដ្ឋានកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច នគរូបនីយកម្ម ជាពិសេសការកើនឡើងយ៉ាងគំហុកនូវសេវាតម្រូវការសង្គម និងសេវាទីប្រជុំជននៅថ្នាក់ក្រោមជាតិ ជាពិសេសនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ដែលជាថ្នាក់រដ្ឋបាលមួយមានវិសាលភាពភូមិសាស្ត្រ និងប្រជាសាស្ត្រមួយសមល្មមក្នុងការបំពេញតួនាទីផ្ដល់សេវាជាមូលដ្ឋានមួយចំនួនដោយផ្ទាល់ជូនប្រជាពលរដ្ឋប្រកបដោយសក្ដានុពល។

      សូមបញ្ជាក់ថា ក្រៅពីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងបាវិត នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្រុកចំនួន ២ផ្សេងទៀត រួមមានស្រុកកំពង់រោទិ៍ និងស្រុកស្វាយទាប ក៏មានរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីផងដែរ ដែលប្រព្រឹត្តទៅក្រោមអធិបតីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ