ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងប៉ៃលិន
February 11, 2020 អ្នកទស្សនា :

      ប៉ៃលិន៖ នៅរសៀលថ្ងៃ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន  បានអញ្ជើញជាគណៈអធិបតីក្នុងពីធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងប៉ៃលិន  ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដែលពិធីការប្រកាសនេះ ក៍មានការអញ្ជើញចូលរួម+ពីសំណាក់ឯកឧត្តម អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាក្រុង អភិបាលក្រុង លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងកងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ ស្មៀន ចៅសង្កាត់ ព្រមទាំងមន្រ្តីរាជការ ជុំវិញសាលាក្រុងជាច្រើនរូបផងដែរ។

      មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ចំពោះការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងប៉ៃលិននេះ ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិ អំណាច និងធនធានទាំងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

      ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការផ្លាស់ប្តូរនូវខ្សែរគណនេយ្យភាព និងរបៀបរបបនៃការបំពេញការងារមានន័យថារដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាតំណាងឲ្យរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ន នៅរដ្ឋបាលរបស់ខ្លួន ត្រូវដើរតួនាទីក្នុងការសម្របសម្រួល និងដឹកនាំគ្រប់សកម្មភាព ឬកិច្ចការដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយរដ្ឋបាលស្រុក ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នចំពោះវិស័យក្រសួង ស្ថាប័ននីមួយៗទទួលខុសត្រូវ។ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ផ្តាំផ្ញើដល់អភិបាលក្រុង ត្រូវខិតខំសម្របសម្រួលរៀបចំទីកន្លែងបំពេញការងាររបស់មន្ត្រី និងការិយាល័យ អង្គភាពនានាចំណុះរដ្ឋបាលក្រុងតាមរចនាសម្ព័ន្ធថ្មីឱ្យបានសមស្រប និងមានលក្ខណៈប្រមូលផ្តុំនៅជិតៗគ្នាទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីងាយស្រួលក្នុងទំនាក់ទំនងការងារ ការផ្តល់សេវា ការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងដោះស្រាយកិច្ចការនានាបានឆាប់រហ័ស និងត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

      ក្នុងឱកាសនោះដែរ ឯកឧត្តម ក៍បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈអភិបាលក្រុងប៉ៃលិនដែលបានខិតខំវាយតម្លៃ ផ្គូរផ្គង និងរៀបចំសំណុំឯកសារពាក់ព័ន្ធនឹងដំណើរការធ្វើសមាហរណកម្មមន្រ្តីរាជការទាំងនៅតាមរដ្ឋបាលក្រុងប៉ៃលិន និងនៅតាមការិយាល័យជំនាញនានាមកក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលក្រុងប៉ៃលិនថ្មី។
គួរបញ្ជាក់ថា៖ ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងប៉ៃលិនធ្វើឡើងស្របតាមសេចក្តីប្រកាសលេខ០៥៣ សសរ/ គ.ជ.អ.ប ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ដោយរចនាសម្ព័ន្ធថ្មីរបស់សាលាក្រុងប៉ៃលិន មានក្រុមប្រឹក្សាក្រុងប៉ៃលិន ចំនួន១៥នាក់ ស្រីចំនួន៣នាក់, គណៈអភិបាលក្រុងមានចំនួន ៤នាក់, មន្រ្តីសាលាក្រុងប៉ៃលិនមានចំនួន ៤៦នាក់ ស្រី ១៦នាក់, មន្រ្តីជាប់សន្យាចំនួន ២នាក់, ការិយាល័យមានចំនួន ១២ការិយាល័យ និង១អង្គភាពផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ