ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកពួក ខេត្តសៀមរាប
February 11, 2020 អ្នកទស្សនា :

      ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកពួក  និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក ប្រធាន មន្ទីរ-អង្គភាព ពាក់ព័ន្ធ លោក ប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក ព្រមទាំងគណៈអភិបាលស្រុក មន្ត្រីរដ្ឋបាលស្រុក ស្មៀនឃុំ និងមេឃុំ សរុបចំនួន ១៦០នាក់។

      លោក ស៊ិន ចាន់ថុល អភិបាលស្រុក បានមានមតិស្វាគមន៍ និងរាយការណ៍សង្ខេបជូនអង្គពិធីពីស្ថានភាពទូទៅរបស់រដ្ឋបាលស្រុក ការតស៊ូព្យាយាមរបស់មន្ត្រីរដ្ឋបាលស្រុក  ការខិតខំប្រឹង ប្រែងរបស់ថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សា ឃុំនិងការរីកចម្រេីនលេីគ្រប់វិស័យ  ព្រមទាំងចូលរួមអបសាទក្នុងការប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកពួក ខេត្តសៀមរាបនេះ  ដោយសមាហរណកម្មមន្ត្រីរាជការចំនួន ៦៥នាក់។

      បន្ទាប់មក លោក សន សេរីវុទ្ធី នាយកទីចាត់ការគ្រប់គ្រងបុគ្គលិកសាលាខេត្ត បានអានសេចក្តីសម្រេចលេខ ០១០ សសរ/គ.ជ.អ.ប ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្តីពីការធ្វើសមាហរណកម្មបុគ្គលិក និងការរៀបចំមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធ នៃរដ្ឋបាលស្រុកពួក នៃខេត្តសៀមរាប។

      ក្នុងឱកាសនេះដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី បានសំណេះសំណាល  និងផ្តាំផ្ញើដល់មន្ត្រីគ្រប់រូបដែលទើបប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកពួក  នេះថាប្រទេសកម្ពុជាបានចាប់ផ្តើមអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយចាប់ផ្តើម អនុវត្តនៅថ្នាក់ឃុំ សង្កាត់ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០០២។

      ផ្អែកតាមបទពិសោធន៍ក្នុងបណ្តាប្រទេសជាច្រើនទាំងនៅក្នុងតំបន់ និងលើពិភពលោក កំណែទម្រង់ វិមជ្ឈការត្រូវបានឱ្យតម្លៃថា ជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ ធនធានសាធារណៈក្នុងការអភិវឌ្ឍមូលដ្ឋាន និងផ្តល់សេវាជូនប្រជាពលរដ្ឋប្រកប ដោយការឆ្លើយតប តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។ ទោះយ៉ាងនេះក្តី ការរៀបចំ និងការអនុវត្តកំណែ ទម្រង់វិមជ្ឈការនៅតាមប្រទេសនីមួយៗមានលក្ខណៈផ្សេងៗគ្នា គឺអាស្រ័យទៅតាមកត្តាភូមិសាស្ត្រប្រជាសាស្ត្រ ស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងប្រពៃណីនៃប្រទេសនីមួយៗ។ឯកឧត្តម  ប្រធាន ក្រុម ប្រឹក្សា ខេត្ត ស្ដីទី  បានបន្ថែមថាក្នុងបរិបទប្រទេសកម្ពុជា ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណង សំខាន់ៗចំនួន៣ រួមមាន៖
ទីមួយ៖ ដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋានតាមរយៈការបោះឆ្នោតបង្កើតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលជាតំណាងសាធារណៈរបស់ប្រជាពលរដ្ឋ និងជាតួអង្គ ដ៏សំខាន់ក្នុងការដឹកនាំ គ្រប់គ្រងរដ្ឋបាលមូលដ្ឋានតាមគោលការណ៍ អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ទីពីរ៖ ដើម្បីលើកកម្ពស់គុណភាព និង ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានតាមរយៈការនាំមកនូវការផ្លាស់ប្តូរប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់មូលដ្ឋានស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋមានលទ្ធភាពមានភាពម្ចាស់ការ និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ និងដោះស្រាយនូវបញ្ហាប្រឈមជាក់ស្តែងនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណ នេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
ទីបី៖លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការធ្វើសេចក្តី សម្រេចពាក់ព័ន្ធនឹងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាព ក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

      ការដាក់ឲ្យដំណើរការនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកពួកនាពេលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅមកលើប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិបន្ថែមទៀត គឺ៖

១-ការគ្រប់គ្រងរដ្ឋបាលស្រុក តាមគោលការណ៍នៃរដ្ឋបាលឯកភាពដែលមានលក្ខណៈពេញលេញ ដើម្បីបង្កើតជំរុញ និងធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ  និងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ការបង្កើតឡើងនូវរដ្ឋបាលឯកភាពនៅថ្នាក់ក្រោមជាតិ គឺសំដៅដល់ការពង្រឹងអង្គឯកភាពរបស់រដ្ឋ ដើម្បី សម្របសម្រួលនូវរាល់សកម្មភាព រដ្ឋបាលសាធារណៈនៅក្នុងដែនដីរបស់ខ្លួន។២-ការផ្លាស់ប្តូរ នូវខ្សែគណនេយ្យភាព និងរបៀបរបបនៃការបំពេញការងារ មានន័យថា រដ្ឋបាលស្រុក ជាតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន នៅថ្នាក់រដ្ឋបាល របស់ខ្លួន ត្រូវដើរតួនាទី ក្នុងការសម្របសម្រួល ដឹកនាំគ្រប់សកម្មភាព ឬកិច្ចការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយរដ្ឋបាលស្រុក ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ចំពោះវិស័យដែលក្រសួង ស្ថាប័ននីមួយៗ ទទួលខុសត្រូវ ។ ផ្អែកតាមខ្សែគណនេយ្យភាពថ្មីនេះ រដ្ឋបាលស្រុកជាខ្សែបណ្តោយ នៃក្រសួង ស្ថាប័ន នីមួយៗ ជំនួសឱ្យការិយាល័យជំនាញដែលបានរៀបចំនាពេលកន្លងមក។ ហេតុនេះ ក្រសួង ស្ថាប័ន ឬមន្ទីរ អង្គភាពជំនាញនៅថ្នាក់ខេត្ត ដែលត្រូវ អនុវត្តសកម្មភាព ឬកិច្ចការងារណាមួយនៅថ្នាក់ស្រុក គឺត្រូវធ្វើកិច្ចសហការ និងទំនាក់ទំនងជាមួយរដ្ឋបាលស្រុកដោយផ្ទាល់ទៅលើវិស័យ ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន។

      ក្នុងមតិផ្តាំផ្ញើនេះផងដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី ក៏បានសង្កត់ធ្ងន់ថា ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការខាងលើនេះ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាព ផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ ពង្រឹងរបៀបរបបធ្វើការ ពិសេសអនុវត្តន៍តាមអភិក្រមទាំង៥ (១.ឆ្លុះកញ្ចក់ ២.ងូតទឹក ៣.ដុសក្អែល ៤.ព្យាបាល និង៥.វះកាត់) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តី នៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ