អភិបាលខេត្តកណ្តាល អញ្ជើញប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងតាខ្មៅ
February 11, 2020 អ្នកទស្សនា :

      ខេត្តកណ្តាល ៖ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃ គណៈអភិបាលខេត្តកណ្តាល ស្នេីឱ្យមន្ត្រីមូលដ្ឋាន ត្រូវយកតួនាទីរបស់ខ្លួនប្រើឱ្យចំគោលដៅ ដេីម្បីជាប្រយោជន៍ និងភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

      ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ស្នេីបែបនេះ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ចំនួន១០២រូប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តាមមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរក្រុង សង្កាត់ និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។

      យោងតាមសេចក្តីសម្រេច លេខ១៨៦សសរ/គ.ជ.អ.ប របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្នុងប្រការ១ ត្រូវបានធ្វើសមាហរណកម្ម បុគ្គលិក និងរៀបចំមុខតំណែងគ្រប់គ្រង នៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងតាខ្មៅ ចំនួន១០២រូប រួមមានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ, អង្គភាពលទ្ធកម្ម, ការិយាល័យផែនការ និងគាំទ្រសង្កាត់, ការិយាល័យអប់រំ យុវជន និងកីឡា, ការិយាល័យត្រួតពិនិត្យផ្ទៃក្នុង, ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល, ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន, ការិយាល័យ សាធារណៈការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់ សាធារណៈ, ការិយាល័យ សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍, ការិយាល័យសង្គមកិច្ច និងសុខុមាភាពសង្គម និងការិយាល័យច្រកចេញចូលតែមួយ។

      ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ បានបន្តថា ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងតាខ្មៅ នាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ នៅថ្នាក់ក្រោមជាតិ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវ ទាំងការងារគ្រប់គ្រង ចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

      ដើម្បីសម្រេចបានជោគជ័យនូវរាល់កិច្ចការទាំងនោះ ឯកឧត្តម បណ្ឌិត អភិបាលខេត្ត ស្នេីឱ្យ មន្ត្រីដែលបានប្រកាសចូលកាន់មុខតំណែងទាំងអស់ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុង ឱ្យបានល្អ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធិភាពការងារ គោរពច្បាប់ គោរពគោលការណ៍ ពង្រឹងរបៀបរបបធ្វើការងារភាពជាម្ចាស់ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ពិសេសខិតខំបំរេី និងផ្ដល់ សេវាសាធារណៈជូន ប្រជាពលរដ្ឋ ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា។

      ជាងនេះទៀត ត្រូវបន្តជំរុញ លើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន ពិសេស បទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់ នៅ ក្រុង មូលដ្ឋានក្រុងតាខ្មៅ។ ត្រូវពង្រឹងវិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់គ្រប់ប្រភេទក្នុងទូទាំងស្រុក ដោយត្រូវដាក់ចេញវិធានការឲ្យបានម៉ឺងម៉ាត់ចំពោះម្ចាស់ ទីតាំង សប្បាយ  ភាព សណ្ឋាគារ ផ្ទះសំណាក់នានា នៅក្នុងការ ចូលរួមបង្ការ ទប់ស្កាត់ ការប្រើប្រាស់ ការជួញដូរ ការចែកចាយ គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ។ បន្តលើកកម្ពស់ការពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ពិសេសសុវត្ថិភាពចរាចរ ដោយ ត្រូវ  ផ្តល់ អាទិភាពលើការផ្សព្វផ្សាយអប់រំ ការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើរទន្ទឹមនឹង ការពង្រឹង វិធានការ  រដ្ឋបាល និងវិធានការច្បាប់ ក្នុងការអនុវត្តច្បាប់ចរាចរផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍  បន្ថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ