ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជេីញប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងកំពត
February 11, 2020 អ្នកទស្សនា :

      នារសៀលថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត  បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការនូវចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងកំពត។

      ពិធីនារសៀលនេះមានការអញ្ជេីញចូលរួមពីលោកនាយករដ្ឋបាលខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រធាន  អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ទីចាត់ការ អង្គភាពចំណុះសាលខេត្ត មន្ត្រីរាជការសាលាក្រុងកំពត  មន្ត្រីសាលាសង្កាត់ទាំងប្រាំនៃក្រុងកំពត។

      មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីរដ្ឋបាលក្រុងកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍គូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាល ក្រុង ស្រុក គឺជាការសំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ។

      ឯកឧត្តម ជាវ តាយបានបន្តទៀតថា ដូចនេះ
ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងកំពត នាឱកាសនេះ ក៏ដូចរដ្ឋបាលក្រុងស្រុកទូទាំងប្រទេស គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលរដ្ឋាភិបាលបានដាក់ចេញនូវ
ការកែទម្រង់ប្រពន្ធ័គ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ  និងសហវិមជ្ឈការ  មានអត្ថន័យយ៉ាងជ្រាលជ្រៅ មកលើប្រពន្ធ័គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ  ក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច  និងធនធានទាំងនោះ សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ ហើយការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក នេះទៀតសោតគឺផ្អែកតាមគោលការណ៍នៃរដ្ឋបាលឯកភាព ដែលមាន លក្ខណៈពេញលេញ ដើម្បីបង្កើនជំរុញនិងធ្វើឱ្យមានចីរភាព ក្នុងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលការណ៍កំណែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការ។

      ដូច្នេះដើម្បីធានាឱ្យដំណើរការនៃការចាប់ផ្តើមអនុវត្តរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងកំពតឲ្យ
បានប្រពឹត្តដោយរលូនចាប់ពីពេលនេះតទៅឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំ ផ្ដាំផ្ញើនូវកិច្ចការចាំបាច់មួយចំនួន ដល់មន្ត្រីរដ្ឋបាល ក្រុងកំពតទាំងអស់ ត្រូវយកចិត្ត ទុកដាក់អនុវត្តរួមមាន៖ ការធានានិរន្តរភាពការងាររដ្ឋបាលនិងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយអនុវត្តតាមនីតិវិធីរដ្ឋបាល និងនីតិវិធីហិរញ្ញវត្ថុ ចរាចរលិខិតស្នាម និងការរៀបចំទីកន្លែងបំពេញការងារ ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងកិច្ចការឯកសារនិងទ្រព្យសម្បត្តិ ការផ្តល់សេវាតាមការិយាលយ័ច្រកចេញចូលតែមួយ ការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ អំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម អំពីកិច្ចប្រជុំក្រុមប្រឹក្សាក្រុង។

      ដើម្បីរួមគ្នាសម្រេច ឲ្យបានប្រសិទ្ធភាពនូវកិច្ចការខាងលើនេះ ឯកឧត្តមអភិបាលខេត្តក៏បានបន្តផ្ដាំផ្ញើដល់មន្រ្តីរដ្ឋបាល ក្រុងកំពតទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ជាការចាំបាច់ គឺត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធិភាពការងារ គោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រី នៅក្នុងការបំពេញតួនាទី ភារកិច្ច សំដៅអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបចំពោះតម្រូវការ របស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ