កិច្ចបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ខេត្តក្រចេះ
February 11, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ដោយមានការចូលរួមពីមន្រ្តីរាជការនៃមន្ទីរអង្គភាពជុំវិញខេត្ត ស្ថាប័នពាក់ព័ន្ធ និងយុវជនផងដែរ។

      ក្នុងរបាយការណ៍បញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្ត ៖ នៅក្នុងឆ្នាំ២០១៩ សម្រាប់ខេត្តក្រចេះបានកាត់បន្ថយគ្រោះថ្នាក់ចំនួន ៦៤ លើកស្មើ៣៨.៣២% (១០៣/១៧៦លើក) ចំនួនមនុស្សស្លាប់ថយចុះ០៨នាក់ស្មើ១៣.៣៣% (៥២/៦០នាក់) របួសធ្ងន់ថយចុះ ៧៧ នាក់ស្មើនឹង៤៤.២៥% (៩៧/១៧៤ នាក់) ភូមិសាស្ត្រដែលគ្រោះថ្នាក់កើតឡើងច្រើនជាងគេគឺស្រុកចិត្របុរី ស្រុកសំបូរ ស្រុកស្នួល និងក្រុងក្រចេះ មូលហេតុបង្កគ្រោះថ្នាក់មកពីមិន គោរពសិទ្ធិអាទិភាព ៣៨.៨៣% ល្បឿន ៣០.៩% បត់មិនប្រយ័ត្ន ១២.៦២% វ៉ាជែង ៧.៧៦% ស្រវឹង ៣.៨៨% កត្តាយានយន្ត ៣.៨៨% ប្រជ្រុយងងុយដេក ០.៩៧% ប្ដូរគន្លង០.៩៧% និងយានគ្មានភ្លើងបំភ្លឺ ០.៩៧%។ ការបង្កគ្រោះថ្នាក់ចរាចរណ៍សំខាន់ គឺអ្នកបញ្ជាយានយន្តមិនគោរពច្បាប់ចរាចរណ៍ដែលជាបញ្ហាគន្លឹះត្រូវចាត់វិធានការដោះស្រាយជាចាំបាច់។

      លោក ខ័ណ ចំណាន អភិបាលរងខេត្ត មានប្រសាសន៍ថា នៅទូទាំងប្រទេសគ្រោះថ្នាក់ចរាចរណ៍កើនឡើង ហើយគ្រោះថ្នាក់នេះធ្វើឲ្យខូចខាតទ្រព្យសម្បត្តិជាច្រើនលានដុល្លារក្នុងមួយឆ្នាំមួយឆ្នាំ ដែលមានអត្រាខ្ពស់បើប្រៀបធៀបនឹងគ្រោះថ្នាក់សង្គមផ្សេងៗទៀត ជាមធ្យមក្នុងមួយថ្ងៃស្លាប់ ៥.៤នាក់ និងមានអ្នករបួសជាច្រើននាក់ ។ កត្តាដែលនាំអោយមានការកើនឡើងនៃចំនួនគ្រោះថ្នាក់ចរាចរណ៍ទី១. គឺអាស្រ័យដោយកំណើនយានយន្ត, ទី២.កត្តាមនុស្ស និងស្មារតីគោរពច្បាប់នៅមានកម្រិត។ ហើយកតា្តសត្យានុម័តដោយសារកំណើនយានយន្តមានល្បឿនលឿនជាងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, ផ្លូវថ្នល់អភិវឌ្ឍន៍មិនទាន់មានតុល្យភាពជាមួយនិងកំណើន ហើយការគ្រប់គ្រង់ផ្លូវថ្នល់ ចិញ្ចើម ផ្លូវ និងទ្រូងផ្លូវ ដែលមិនទាន់បានល្អម៉ត់ចត់នៅឡើយ និងធ្វើឲ្យផ្លូវចង្អៀតពិបាកចរាចរ។

លោកអភិបាលរងខេត្ត ក៏បានធ្វើការជំរុញ ឱ្យបន្តពង្រឹងយន្តការដឹកនាំក្រុមការងារសុវត្ថិភាពចរាចរណ៍នៅគ្រប់ថ្នាក់ ជាពិសេសនៅថ្នាក់ក្រុងស្រុកឃុំសង្កាត់ ដោយចាត់តាំងប្រជុំបូកសរុបត្រួតពិនិត្យដកបទពិសោធន៍ មានរបាយការណ៍ទៀងទាត់ បង្កើនកិច្ចសហការក្នុងការដោះស្រាយគ្រប់បញ្ហាប្រជុំ ធានាដំណើរការ ការងារប្រកបដោយនិរន្តរភាពក្នុងស្មារតីទំនួលខុសត្រូវខ្ពស់ -បន្តជំរុញការត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់តាមផែនការសកម្មភាព និងកម្មវិធីការងារដែលបានដាក់ចេញឱ្យបានជាប់ជាប្រចាំទាំងថ្ងៃទាំងយប់ ប្រកបដោយតម្លាភាព ស្មើរភាពនៅគ្រប់គោលដៅទូទាំងខេត្ត -បន្តជំរុញការផ្ដល់សេវាសាធារណៈក្នុងការផ្តល់លិខិតស្នាមពាក់ព័ន្ធការបើកបរយានយន្ត និងការផ្ទេរសិទ្ធិ ធានាបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព -ពង្រឹងបទវិន័យសមត្ថភាពចំណេះដឹងដល់មន្ត្រីទាំងអស់ ដើម្បីឲ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញតួនាទីភារកិច្ចរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ -បន្តជំរុញការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត បន្តដំឡើង និងជួសជុលបង្គោលសុវត្ថិភាព ផ្លាកសញ្ញាចរាចរណ៍ បិទស្ទីកឃ័រចំណាំងផ្លាត តាមដងផ្លូវនៅក្បាលស្ពាន -បន្តជំរុញការងារផ្សព្វផ្សាយអប់រំច្បាប់ អនុក្រឹត្យឲ្យបានទូលំទូលាយតាមគ្រប់រូបភាព ឱ្យដល់ តាមផ្ទះនៅតាមភូមិឃុំសង្កាត់ គ្រឹះស្ថានសិក្សាសហគមន៍ តំបន់ដាច់ស្រយាល និងតាមប្រព័ន្ធបណ្ដាញសង្គម -បន្តជំរុញក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្រុងស្រុកនិងឃុំសង្កាត់ ត្រូវចាត់វិធានការរៀបចំសណ្ដាប់ ធ្នាប់តាមដងផ្លូវទីប្រជុំជន សាលារៀន ចំណតរថយន្តឱ្យមានរបៀបរៀបរយ នឹងបន្តតាមដានប្រតិកម្មរបស់សាធារណជនដើម្បីធ្វើការឆ្លើយតប៕

ប្រភព៖ រដ្ឋបាលខេត្តក្រចះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ