ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងស្វាយរៀង
February 10, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងស្វាយរៀង។

      អញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្ដមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោក លោកស្រី ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោកនាយកទីចាត់ការធនធានគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោកស្រីប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត លោកអធិការនគរបាលក្រុង លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុហត្ថក្រុង លោកមេបញ្ជាការផ្នែកសឹករងក្រុង លោកនាយក-នាយករងរដ្ឋបាលសាលាក្រុង លោក លោកស្រី ប្រធាន-អនុប្រធាន-អង្គភាពចំណុះសាលាក្រុង ទាំង១៣ លោក លោកស្រី ចៅសង្កាត់ និងស្មៀនសង្កាត់ទាំង៧ក្នុងក្រុង លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ និងមន្ត្រីរាជការសាលាក្រុងសរុបវត្តមាន ចំនួន ១១២នាក់។

      មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ប្រទេសកម្ពុជាបានចាប់ផ្តើមអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដំបូងនៅថ្នាក់ ឃុំ សង្កាត់ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០០២។ ផ្អែកលើបទពិសោធន៍ និងលទ្ធផលវិជ្ជមានដែលសម្រេចបាននៅថ្នាក់ឃុំ សង្កាត់ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីពង្រីកដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឈានទៅរៀបចំក្របខណ្ឌច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងបានរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់រដ្ឋបាលទាំងនេះ តាមអាណត្តិដែលបានកំណត់រៀងរាល់៥ឆ្នាំម្តងចាប់តាំងពីឆ្នាំ២០០៩មក។

      ឯកឧត្តមភិបាលខេត្តបន្តថា ក្នុងបរិបទប្រទេសកម្ពុជា ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ៗ ចំនួន ៣ គឺដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស លើកកម្ពស់គុណភាព និងប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ហើយដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីជាតិ និងលិខិតបទដ្ឋានគតិយុត្តជាបន្តបន្ទាប់ ដែលនៅចុងក្រោយនេះ អាចចាត់ទុកជាសមិទ្ធផលដ៏សំខាន់ និងមានលក្ខណៈជាប្រវត្តិសាស្រ្តពាក់ព័ន្ធនឹងការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ គឺការកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលយើងកំពុងប្រារព្ធពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៅថ្ងៃនេះ។

      ជាចុងបញ្ចប់ ឯកឧត្ដមអភិបាលខេត្ត មានសេចក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ក្រោយដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី រដ្ឋបាលក្រុងស្វាយរៀង នឹងកាន់តែមានលទ្ធភាព និងសមត្ថភាពពេញលេញក្នុងភាពជាម្ចាស់ក្នុងការបំពេញតួនាទីភារកិច្ច សំដៅអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

       សូមបញ្ជាក់ថា ក្រៅពីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងស្វាយរៀង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្រុកចំនួន ៣ផ្សេងទៀត រួមមានស្រុកស្វាយជ្រំ ស្រុករំដួល និងស្រុករមាសហែក ក៏មានរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីផងដែរ ដែលប្រព្រឹត្តិទៅក្រោមអធិបតីឯកឧត្ដមអភិបាលរងខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ