ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញក្នុងពិធីប្រកាសឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកព្រែកប្រព្វ
February 10, 2020 អ្នកទស្សនា :

      ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកព្រែកប្រសព្វ ចំនួន១៣ការិយាល័យ អង្គភាពជុំវិញស្រុក ដែលមានមន្រ្តីចំនួន ៣៩ រូប។  

      ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ថា ៖ ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង⁄ស្រុក/ខណ្ឌ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច និងធនធានទាំងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម ។ ការធ្វើកំណែទម្រង់វិមជ្ឈការ ទាំងវិមជ្ឈការផ្នែកនយោបាយ វិមជ្ឈការផ្នែករដ្ឋបាល និងវិមជ្ឈការហិរញ្ញវត្ថុ គឺពិតជាមានភាពសាំញ៉ាំ ស្មុគស្មាញ និងរសើបបំផុត ដោយសារតែកំណែទម្រង់ទាំងនេះនាំមកនូវការផ្លាស់ប្តូរផ្នត់គំនិត បែបផែន និងរបៀបរបបបំពេញ ការងារ របស់មន្រ្តី រាជការសាធារណៈនៅគ្រប់លំដាប់ថ្នាក់ ព្រមទាំងការបែងចែកមុខងារ និងការទទួលខុសត្រូវរវាងរដ្ឋបាល សាធារណៈនៅតាមថ្នាក់នីមួយៗ អាស្រ័យលើសមត្ថភាពនៃរដ្ឋបាលនីមួយៗ។ 

      ឯកឧត្តមអភិបាលខេត្តបន្តថា ៖ ដើម្បីគាំទ្រ និងជំរុញការអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវ “កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ” រយៈពេល១០ឆ្នាំ (២០១០-២០២០) គិតរហូតមកដល់ពេលនេះ យើងបានរួមសហការគ្នារៀបចំ និងអនុវត្តកម្មវិធីជាតិនេះអស់រយៈពេល០៩ឆ្នាំហើយ ដោយសម្រេចបានសមិទ្ធផលធំៗគួរឱ្យកត់សម្គាល់ រួមមានជាអាទិ៍៖១).ការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ២).ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ៣). ការបង្កើតមូលនិធិឃុំ សង្កាត់ និងក្រុង ស្រុក រួមទាំងការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ៤). ការរៀបចំប្រព័ន្ធកសាង ផែនការអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិ និង៥). ការកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមទាំងការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ។
 ហើយនៅក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ  ចំនួន ២០៣ ដែលមានចំនួនមន្រ្តីសរុប ១៩.៦១២នាក់ ក្នុងនោះមន្រ្តីរាជការក្របខ័ណ្ឌចំនួន ១៦.០៨៨នាក់ និងមន្រ្តីជាប់កិច្ចសន្យាចំនួន ៣.៥២៤នាក់ ។ 

      ឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំនូវកិច្ចការចាំបាច់មួយចំនួនដែលត្រូវយកចិត្តទុកដាក់អនុវត្តរួមមាន ៖ ១-ការធានានិរន្តរភាពការងាររដ្ឋបាល និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ២-ការគ្រប់គ្រងបុគ្គលិក ៣-ការគ្រប់គ្រងកិច្ចការ ឯកសារ និងទ្រព្យសម្បត្តិ ៤-ការផ្តល់សេវាតាមការិយាល័យច្រកចេញចូលតែមួយ ៥-ការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ ៦- អំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ៧. អំពីកិច្ចប្រជុំក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ