គណៈកម្មការចម្រុះអាជ្ញាធរអប្សរានិងរដ្ឋបាលខេត្តសៀមរាបចុះបោះបង្គោលកំណត់ព្រំដីកម្មសិទ្ធិរបស់រដ្ឋ
January 14, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ គណៈកម្មការចម្រុះនៃអាជ្ញាធរជាតិអប្សរានិងរដ្ឋបាលខេត្តសៀមរាប រួមមាន មន្ត្រីជំនាញអាជ្ញាធរអប្សរា សាលាក្រុងសៀមរាប មន្ត្រីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មេធាវីប្រចាំអាជ្ញាធរអប្សរា រួមនឹងមន្ត្រីពាក់ព័ន្ធផ្សេងទៀត បានចុះអនុវត្តការបោះបង្គោលកំណត់ព្រំដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរាស្ថិតនៅភូមិធ្លកអណ្តូង(ចុងកៅស៊ូ) សង្កាត់ស្លក្រាម ក្រុងសៀមរាប (តំបន់ផ្លូវ៦០ម៉ែត្រ)។ តាមការបញ្ជាក់ពីឯកឧត្តម ភុំ ប៊ុនផាន់ មេធាវីរបស់អាជ្ញាធរអប្សរាឱ្យដឹងថា ការចុះបោះបង្គោលព្រំដី គឺដើម្បីកំណត់ព្រំដីរវាងដីរដ្ឋគ្រប់គ្រងដោយអាជ្ញាធរអប្សរា និងដីឯកជនរបស់បុគ្គល លី អ៊ុំអេង ដែលបុគ្គលរូបនេះបានចាក់ដីបំពានរំលោភយកដីកម្មសិទ្ធិរបស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួន និងយកទៅពុះជាដីឡូតិ៍សម្រាប់លក់។ ការកំណត់ព្រំដីឱ្យច្បាស់លាស់នៅថ្ងៃនេះ គឺដើម្បីចៀសវាងទំនាស់នៅថ្ងៃក្រោយ និងដើម្បីឱ្យបុគ្គល លី អ៊ុំអេង បញ្ឈប់សកម្មភាពបំពានយកដីកម្មសិទ្ធិរបស់រដ្ឋធ្វើជាកម្មសិទ្ធរបស់ខ្លួនតាមអំពើចិត្តតទៅទៀត។ ដីកម្មសិទ្ធិរបស់រដ្ឋដែលរំលោភបំពានយកធ្វើជាកម្មសិទ្ធិឯកជនដោយបុគ្គល លី អ៊ុំអេង មានចំនួន៣ទីតាំង ដែលទីតាំងនីមួយៗស្ថិតនៅជាប់ព្រំដីកម្មសិទ្ធិឯកជនរបស់បុគ្គលនេះ។ បច្ចុប្បន្នដីកម្មសិទ្ធិរបស់រដ្ឋទាំង៣ទីតាំងនេះត្រូវបានបុគ្គល លី អ៊ុំអេង យកទៅពុះជាដីឡូតិ៍សម្រាប់លក់ជាសាធារណៈ។ មានវត្តមានក្នុងការកំណត់ព្រំដីកម្មសិទ្ធិរបស់រដ្ឋនាពេលនោះលោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប បានសម្តែងនូវការគាំទ្រចំពោះចំណាត់ការរបស់គណៈកម្មការចម្រុះ ជាពិសេសបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់អភិបាលនៃគណៈអភិបាលខេត្តសៀមរាបលើការងារនេះ។ លោក សូរ ប្លាតុង បានបញ្ជាក់បន្ថែមទៀតថា មានឯកសារគតិយុត្តិជាច្រើនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ប៉ុន្តែបុគ្គល លី អ៊ុអេង នៅតែរំលោភចាក់ដីបំពានទៅលើដីកម្មសិទ្ធិរបស់រដ្ឋដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដែលទង្វើនេះត្រូវតែទប់ស្កាត់ឱ្យបាន។លោកក៏បានសំណូមពរ ប្រជាពលរដ្ឋជាម្ចាស់ដីទាំងអស់ធ្វើយ៉ាងណាចូលរួមសហការជាមួយគណៈកម្មការចម្រុះ និងបញ្ឈប់នូវសកម្មភាពទាំងអស់ដែលប៉ុនប៉ងរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួន៕ ប្រភពព័ត៌មាន :រដ្ឋបាលខេត្តសៀមរាប (ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ