អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពការផ្តល់ទឹក បម្រើ​ដល់​ការងារ​បង្កបង្កើនផលស្រូវប្រាំង នៅតាមប្រព័ន្ធធារាស្ត្រ​មួយ​ចំនួន ក្នុងស្រុកបាកាន
December 27, 2019 អ្នកទស្សនា :

      ជាការឆ្លើយតបទៅនឹងសំណូមពររបស់មេភូមិ និងមេឃុំ ក៏ដូចជាប្រជាពលរដ្ឋ, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃ​គណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំមន្ទីរជំនាញ ចុះពិនិត្យស្ថានភាពការផ្តល់ទឹក បម្រើដល់ការងារបង្កបង្កើនផល ស្រូវប្រាំង នៅតាម​ប្រព័ន្ធធារាស្ត្រមួយចំនួន ត្រង់ចំណុចទ្វាទឹកទី៩ ក្នុងឃុំរំលេច រហូតដល់ចំណុចបឹងកន្សែង ក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

      ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ពិតជាមាន​ភ័ព្វសំណាងណាស់ ដែលសម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ទំនប់ធារាស្ត្រខ្នាតយក្ស២កន្លែង ដែលអាចស្តុក​ទឹកបានរហូតទៅដល់ជាង៥០លានម៉ែត្រគូប រួមនឹងប្រឡាយ​មេចាក់ប៉េតុង ដែលមានចម្ងាយ២១គីឡូម៉ែត្រ និងប្រឡាយក្អែម​មួយចំនួនទៀត។ ឯកឧត្តមបានបន្ថែមថា រាល់ការបើកឬបិទទ្វាទឹក សូមបងប្អូនស្តាប់ការណែនាំរបស់មន្ទីរជំនាញ ដើម្បីបែងចែក​ទឹកទាំងអស់នោះឲ្យចំគោលដៅ ចូលតាមប្រឡាយមេ ប្រឡាយរង និងប្រឡាយក្អែមមួយចំនួន។

      ឯកឧត្តមបានបន្ថែមទៀតថា សម្រាប់ស្រូវប្រាំងឆ្នាំនេះ ផែនការទូទាំងខេត្ត មានចំនួន ៩,៥០០ហិកតា តែជាក់ស្តែងប្រជាកសិករធ្វើរហូតដល់ទៅ ២៥,៦៨៨ហិកតា ស្នើនឹង២៧០%។ ដោយឡែកនិយាយរួមនឹងនិយាយដោយឡែក សម្រាប់ស្រុកបាកានផ្ទាល់ ផែនការស្រូវប្រាំង មានចំនួន ៤,៥០០ហិកតា តែជាក់ស្តែងប្រជាកសិករធ្វើរហូតដល់ទៅ ១៩,០០០ហិកតាឯណោះ។ ទោះជាយ៉ាងនេះក្តី ដោយមានតម្រូវការចាំបាច់ និងដោយបានការយក​ចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បានចាត់ឲ្យ​ក្រសួងសាម៉ី ក៏ដូចជាមន្ទីរធនធានទឹក បញ្ជាបើកទឹក ពីទំនប់ទី៣ និងទី៥ ប្រមាណ២០% ទម្លាក់ជូនបងប្អូនប្រជាកសិករ ដើម្បីបង្កើនលំហូរទឹកឲ្យបានច្រើន ទប់ទល់នឹងម៉ាស៊ីនបូមទឹក ដែលចូលរួមយ៉ាងសស្រាក់សស្រាំដោយប្រជាកសិករ សម្រាប់ស្រោចស្រពស្រូវប្រាំង ដែលកំពុងតែព្រួយបារម្ភ។

      ឯកឧត្តមបានរំលឹកផងដែរថា សម្រាប់ឆ្នាំបន្តបន្ទាប់ សូមបងប្អូនប្រជាកសិករ ស្តាប់ការប្រកាសព័ត៌មានរបស់​ក្រសួងធនធានទឹកជាមុនសិន ជៀសវាងការធ្វើស្រូវប្រាំង​ដោយផ្សងព្រេង មានខ្វះខាតទឹកយ៉ាងដូច្នេះឯង។ ឯកឧត្តមក៏បានផ្ដាំផ្ញើ ដល់ប្រជាកសិករ ធ្វើការពិភាក្សាជាមួយរោងម៉ាស៊ីនកិនស្រូវ ឬភ្នាក់ងារកសិកម្ម ដែលចុះជាប់ជាប្រចាំ ត្រូវជ្រើសរើសពូជស្រូវណា ដែលជាតម្រូវការទីផ្សារ និងធានាតម្លៃនាំចេញ១០០%។

      ជាមួយគ្នានោះ ឯកឧត្តមក៏បានលើកឡើងពីគោលបំណង ចង់ជួបសំណេះសំណាល និងសម្រាកផ្ទាល់ ជាមួយបងប្អូនប្រជាកសិករពេញមួយយប់ នៅចំណុចបឹងកន្សែង ក្នុងឃុំអូរតាប៉ោង ដើម្បីចង់ដឹងពីសុខទុក្ខរបស់ពួកគាត់។

      បងប្អូនប្រជាកសិករបានសម្តែងនូវការគោរពដឹងគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសសម្តេច​បានផ្តល់ប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង ជូនប្រជាពល​រដ្ឋក្នុងស្រុកបាកាន។ ជាមួយគ្នានោះ ប្រជាកសិករក៏​បានបង្ហាញអារម្មណ៍រីករាយ និងថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលបានចុះមកដោយផ្ទាល់ ជួយអន្តរាគមន៍ដោះស្រាយ និងសម្របសម្រួល ប្រកបដោយប្រសិទ្ធិភាព៕

ប្រភព៖​ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ