អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តដល់ជនពិការទាំងអស់ «កុំឲ្យពិការលើផ្នែកផ្លូវចិត្ត បើទោះបីជា ពេលនេះ យើងកំពុងរស់នៅ ក្នុងពិការភាពលើផ្នែករាងកាយ ក៏ដោយ»
December 26, 2019 អ្នកទស្សនា :

      «កុំឲ្យពិការលើផ្នែកផ្លូវចិត្ត បើទោះបីជា ពេលនេះ យើងកំពុងរស់នៅ ក្នុងពិការភាពលើភ្នែករាងកាយ ក៏ដោយ»។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម លើកឡើងយ៉ាង ដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុង ក្នុងពិធីអបអរសាទរ ទិវាជនពិការភាពកម្ពុជាលើកទី២១ និងទិវាជនពិការភាពអន្តរជាតិលើកទី៣៧ ក្រោមប្រធានបទ «លុបបំបាត់ឧបសគ្គរារាំងជនពិការភាព ដើម្បី សង្គមប្រកបដោយបរិបន្ន» ដែលរៀបចំឡើងដោយ អង្គការ អេជអាយ (HI) សហការជាមួយនឹងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តកំពង់ចាម នៅបរិវេណ វត្តអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នេះ។

      ថ្លែងនាឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម លើកឡើងថា ជាក់ស្ដែង តំណាងបងប្អូនជាជនពិការម្នាក់ បានបញ្ជាក់អំពីប្រវត្តិរបស់ខ្លួន ក្រោយពីបានជួបគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងពិការជើងហើយ  គាត់ក៏បានស្វែងរកព័ត៌មាន ពីដៃគូស្ដារនីតិសម្បទា និងបានភ្ជាប់ជើងសិប្បនិម្មិត និងបានធ្វើដំណើរឡើងវិញ ថែមទាំង ទៅប្រកបមុខរបរលក់ត្រី រកម្រៃចិញ្ចឹមជីវិតគ្រួសារ ទៀតផង។

      ឯកឧត្ដមបញ្ជាក់ថា នេះគឺជាចំណុចចាប់ផ្ដើម ដើម្បី ឆ្ពោះទៅរកភាពជោគជ័យ ដោយពុំបានផ្ដែកផ្ដួលទៅតាមព្រេងវាសនា ទៅតាមក្រុមណាមួយ ឬបុគ្គលណាមួយនោះឡើយ ពោលគឺ គាត់បានម្ចាស់ការដោយខ្លួនឯង ពីព្រោះថា យើងអត់មានពិការផ្លូវចិត្តទេ តែយើងពិការតែរូបរាងកាយប៉ុណ្ណោះ។ ដូច្នេះ ដរាបណាយើងនៅមានភាពជឿជាក់គ្មានការបាក់ទឹកចិត្តនៅស្រឡាញ់ដល់ក្រុមគ្រួសារ គឺយើងនៅតែចូលរួមដោះស្រាយរាល់បញ្ហាទាំងឡាយបាន។ នេះ គឺជាបទពិសោធន៍មួយដែលបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែង និងម្ចាស់ការដោយខ្លួនឯងសិន ដូចពាក្យមួយឃ្លាថា «ចង់ឲ្យទេវតាជួយ លុះត្រាតែយើងជួយខ្លួនឯង ជាមុនសិន»

      យ៉ាងណាម៉ិញ ដោយមានកិច្ចសហការពីអង្គការ HI បានចូលរួមសហការ ជាមួយរាជរដ្ឋាភិបាល ដែលធ្វើឲ្យបងប្អូនជាជនពិការ មានសេចក្ដីសង្ឃឹមឡើងវិញ ពោលគឺ ពុំរស់ដោយក្ដីអស់សង្ឃឹម នៅក្នុងជីវិតពិការភាព នោះឡើយ។ ឯកឧត្ដម អភិបាលខេត្ត គូសបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ នៅក្នុងខេត្តកំពង់ចាម មានជនពិការភាពប្រមាណជាង ១.០០០នាក់។ ទោះជាយ៉ាងណាក្ដី រាល់យន្តការទាំងឡាយ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់ចុះមក រដ្ឋបាលខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ តែងធ្វើការអនុវត្តយ៉ាងសកម្ម ដោយបានរំលេចចេញជាសកម្មភាពផ្សេងៗ បំរើដល់សេចក្ដីត្រូវ របស់បងប្អូនជាជនពិការភាព ទាំងការចូលរួមក្នុងសង្គម សេដ្ឋកិច្ច និងវប្បធម៌ ផងដែរ។

      លោក យឹង រិទ្ធី អនុប្រធានសម្របសម្រួលប្រតិបត្តិ នៃអង្គការ អេជអាយ (HI) គូសបញ្ជាក់ថា ការប្រារព្ធពិធីខាងលើ ដើម្បី ជម្រុញឲ្យបញ្ហាពិការភាព ត្រូវបានយល់ដឹងជាសាធារណៈ នូវតម្រូវការរបស់ពួកគេ ក្នុងការចូលរួមក្នុងសង្គម សេដ្ឋកិច្ច និងវប្បធម៌ តាមរយៈការលើកកម្ពស់សិទ្ធិជនមានពិការភាព ការមិនរើសអើង កិច្ចការពារ និងការប្រមូលការគាំទ្រ ដើម្បីលុបបំបាត់ឧបសគ្គរបស់ជនពិការភាព។ ជាក់ស្ដែងនៅឆ្នាំ២០១៩ គិតត្រឹមខែធ្នូនេះ មជ្ឈមណ្ឌលស្ដារនីតិសម្បទាខេត្ត បានគាំទ្រដល់ជនមានពិការភាពចំនួន ២.២៨០នាក់ ក្នុងនោះស្រ្តី ៧៦៥នាក់ កុមារី ៤៥៦នាក់ និងកុមារា ៦០២នាក់ ផងដែរ។

      សូមបញ្ជាក់ដែរថា ពិធីខាងលើ ក៏បានអាននូវ សាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងព្រះរាជសារ របស់ព្រះករុណាព្រះបាទ ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម  

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ