ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយ៉ាល ភូមិគោកត្របែក ទទួលបាន​សាលាកបត្រពត៌មានដីអាស្រ័យផល
December 26, 2019 អ្នកទស្សនា :

      ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា​ប្រធាន​​ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាអធិបតី​ក្នុងពិធី​ប្រគល់សាលាកប័ត្រព័ត៌មានជូនប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែងដីនៅតំបន់៣ មានចំនួន ១២៤គ្រួសារ ស្ថិតនៅភូមិ​គោក​ត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។

      ថ្លែងក្នុងពិធីនេះ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ចំពោះដីអាស្រ័យផលនៅតំបន់៣នេះ ក្រុមការងារជំនាញបានចុះ​បំពេញសាលាកបត្របានចំនួន ១២៤គ្រួសារ ដែលមានផ្ទៃដីសរុប ជាង ១៣១ ហិកតា គិតជាក្បាលដីចំនួន ១៣៣ក្បាលដី ក្នុងនោះ​ប្រជាពលរដ្ឋដែលមានក្បាលដី ០២ប្លង់ មានចំនួន ០៧គ្រួសារ និងមានក្បាលដី ០៤ប្លង់ មានចំនួន ០១គ្រួសារ។ ការចុះធ្វើ​សាលាកបត្រនេះ គឺក្រុមការងារចុះធ្វើតែលើទីតាំងដែល​ប្រជាពលរដ្ឋអាស្រ័យផលជាក់ស្តែងតែប៉ុណ្ណោះ ហើយក្នុង ០១គ្រួសារ មិនលើសពី ០៥ហិកតា។

      ជាមួយគ្នានោះដែរ ឯកឧត្តម ថោង ខុន មានប្រសាសន៍​លើកឡើង​ថា បងប្អូនដែលទទួលបានសាលាកបត្រព័ត៌មាននេះ និងប្រជា​ពលរដ្ឋទាំងអស់ ដែលរស់នៅតំបន់នេះ សូមកុំលក់ដូរដីនៅតំបន់ ៣នេះ ព្រោះជាដីអាស្រ័យផល សូមមេត្តាបញ្ឈប់សកម្មភាព​ការ​កាប់​រាន​ព្រៃលិចទឹក និងការនេសាទដោយប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ ហើយរួមគ្នាថែរក្សាការពារ សម្បត្តិធនធានធម្មជាតិ ដើម្បីយើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយៗទៀត និងសូម​កុំឲ្យមានការទិញលក់ដីដែលរាជរដ្ឋាភិបាលផ្តល់ជូនក្នុងតំបន់នេះ ព្រោះដីនេះបងប្អូនប្រជាពលរដ្ឋមានសិទ្ធិតែអាស្រ័យផលតែប៉ុណ្ណោះ។ ម្យ៉ាវិញទៀត ត្រូវចូលរួមថែរក្សារាល់សមិទ្ធផលទាំង​ឡាយ​នៅភូមិគោកត្របែក ដែលជាអំណោយដ៏ថ្ងៃថ្លារបស់សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសប្បុរសជន​នានា ហើយសូមបងប្អូនត្រូវមានជំនឿជឿជាក់ កក់ក្តៅ និងទុកចិត្តមកលើរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការបន្តដឹកនាំ និងកសាងប្រទេស​ជាតិឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើន​លើគ្រប់វិស័យ។

      ប្រជាពលដ្ឋមានសេចក្តីរីករាយក្រៃលែង និងសូមថ្លែងអំណរគុណ​ដល់រាជរដ្ឋាភិបាល ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក ឃុំ និងភូមិ ដែលបានយកចិត្តទុកដាក់គិតគូរដល់ការបង្កបង្កើនផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

      បន្ទាប់ពីសំណេះសំណាល់ចប់ ឯកឧត្តម ថោង ខុន និង ឯកឧត្តម សុខ លូ ក៏បានចែកជានិម្មិត្តរូបនូវសាលាកបត្រព័ត៌មាន​ដីអាស្រ័យ​ផលជូនប្រជាពលដ្ឋ និងចែកអំណោយជូនប្រជាពលដ្ឋចូលរួ​ម​ប្រមាណ ៣០០នាក់ ដោយក្នុង ០១នាក់ ទទួលបាន សារ៉ុង ០១ ថវិកា ០២ម៉ឺនរៀល និងថ្នាំពេទ្យ TIFFY ០៣បន្ទះ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ