ទិវាជាតិលើកទី១៣ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយ​រៀង
December 26, 2019 អ្នកទស្សនា :

      រដ្ឋបាលខេត្តស្វាយរៀង បាន​ប្រារព្ធទិវាជាតិលើកទី១៣ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយ​រៀង ក្រោមអធិបតីភាពលោកស្រី ឯក សុវណ្ណភារៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីលោកស្រីនាយករង​រដ្ឋបាលសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាព តំណាង​កងកម្លាំងប្រដាប់អាវុធទាំងបី លោកស្រីអភិបាលរងក្រុង-ស្រុក លោក លោកស្រី តំណាងអង្គការ ឆាលហ្វាន់ និងលោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះករផងដែរ កាលពីថ្ងៃពុធទី២៥ ខែធ្នូ ឆ្នាំ២០១៩។

      លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្ត បានមាន​ប្រសាសន៍​​ថា ទិវាជាតិ ១២ធ្នូ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី១៣ ជាទិវាមួយ ក្នុងចំណោមអាទិភាពជាច្រើនសម្រាប់ការ​លើកកម្ពស់​សន្តិសុខ និងសុវត្ថិភាពសង្គម ក៏ដូចជាការលើកកម្ពស់ការ​គោរព​សិទ្ធិ និងសេចក្តីថ្លៃថ្នូរមនុស្ស ព្រោះថាអំពើជួញដូរមនុស្ស ជាបទ​ឧក្រិដ្ឋដែលជនល្មើសជួញដូរមនុស្ស បានប្រើប្រាស់គ្រប់កលល្បិច ដើម្បីកេងប្រវ័ញ្ចរំលោភបំពានលើមនុស្ស ដោយមិនខ្វាយខ្វល់​ពីទុក្ខវេទនា និងអាយុជីវិតរបស់មនុស្សដែលចង់រស់​រៀនជួបជុំ​គ្រួសារ និងសេចក្តីសុខ ដោយរដ្ឋបាលខេត្តនឹងបន្តការប្ដេជ្ញាចិត្ត​ខ្ពស់ រិះរកគ្រប់វិធានការ និងពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនានា ដើម្បីការពារប្រជាពលរដ្ឋ ពីបទល្មើសដ៍ស្មុគស្មាញនេះ។

      លោកស្រីបន្ថែមថាទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាយុទ្ធនាការ ដ៏ទូលំទូលាយសម្រាប់ការផ្សព្វផ្សាយការយល់ដឹង អំពើជួញដូរមនុស្ស ផលប៉ះពាល់ និងអំពីកិច្ចខិតខំប្រឹងប្រែងក្នុង​ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សប្រចាំឆ្នាំ ក៏ដូចជាវេទិកាអំពាវ​នាវដល់ជនរួមជាតិ និងសហគមន៍អន្តរជាតិចូលរួមសហការ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពមនុស្សជាតិ ពីអំពើជួញដូរ​មនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់រូបភាព​ទៅលើមនុស្ស។

      ដូច្នេះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ស្ថាប័ន អយ្យការ តុលាការ កងកម្លាំងគ្រប់ប្រភេទ ក៍ដូចជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងវិស័យឯកជន តែងតែរួមគ្នាជម្នះដោះស្រាយបញ្ហាចំពោះ​មុខដោយមិនខ្លាចនឿយហត់ ពុះពារប្រឆាំងដាច់ខាត ទៅនឹងសកម្មភាពរបស់ឧក្រិដ្ឋជនស្របតាមទិសដៅ នៃគោលនយោបាយជាតិ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។

      លោកស្រី ក៏សូមអំពាវនាវ និងប្រកាសជាឱឡារិកក្នុងទិវា​ជាតិ​លើកទី១៣ នៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ បន្តយុទ្ធនាការប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីឱ្យប្រជាជនកម្ពុជា និងមនុស្សជាតិ ទទួលបានការគោរពសិទ្ធិ សេចក្ដីថ្លៃថ្នូរ ផល​ប្រយោជន៍​ស្របច្បាប់ និងភាពសុខដុម រមនា ដោយរួមសហការ​ជាមួយដៃគូពាក់ព័ន្ធនានា ដើម្បីរួមគ្នាបង្ក្រាបអំពើជួញដូរមនុស្ស​គ្រប់រូបភាព និងផ្តន្ទាទោសជនល្មើសម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយ ឈានទៅលប់បំបាត់បទល្មើសទាំងឡាយនៅកម្ពុជា ទទួលបាន​ភាព​សុខសាន្តគ្មានអំពើរំលោភបំពាន និងអំពើជួញដូរមនុស្ស។

      លោកស្រីមានសង្ឃឹមជឿជាក់ថា ការបា្ររព្ធទិវានៅថៃ្ងនេះជា​ស្មារតីយល់ដឹងដ៏មានសារៈសំខាន់បំផុត ក្នុងការផ្សព្វផ្សាយ​ជា​សាធារណៈ បំផុសកិច្ចចូលរួមក្នុងការអនុវត្តច្បាប់ ស្តីអំពីការ​ជួញ​ដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទលើស្រ្តី និងកុមារ ព្រម​ទាំង​សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ផ្តល់ការគាំទ្រ បន្តការសហការ​ជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តស្វាយ​រៀង ដើម្បីអនុវត្តច្បាប់នេះ ឲ្យកាន់តែមានប្រសិទ្ធិភាព និង​ជោគ​ជ័យថែមទៀត ដើម្បីប្រជាជន និងប្រទេសជាតិយើងផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ