អភិបាលខេត្តកំពង់ចាម សម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលនានា ស្ថិតនៅក្នុងសាលាបឋមសិក្សាឧត្តរ ក្រុងកំពង់ចាម
December 25, 2019 អ្នកទស្សនា :

      ខ្លោងទ្វារ រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ សម្ដេចសង្ឃ ជួន ណាត និងរូបសំណាក ក្រម ង៉ុយ ព្រមទាំង សមិទ្ធផលផ្សេងៗ ក្រោមការដឹកនាំកសាង ពីសំណាក់ ឯកឧត្ដម អ៊ុន ចាន់ដា និងលោកឧញ៉ា ហ៊ួត ឈឿន និងលោកជំទាវ ព្រមទាំង សប្បុរសជននានា ស្ថិតនៅក្នុងសាលាបឋមសិក្សាឧត្តរ ស្ថិតនៅក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម។

      លោក លី ម៉េងសាន ឲ្យដឹងថា សមិទ្ធផល ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ ក្រោមការដឹកនាំកសាង ដោយ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយសប្បុរសជននានា ក្នុងនោះមាន ៖ លោកឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មមណ្ឌលកំពង់ចាម និងខេត្តមណ្ឌលគីរី និងលោកជំទាវ បានជួយកសាងខ្លោងទ្វារសាលា និងរូបសំណាកព្រះបាទជ័យវរ្ម័ន៧ អស់ទឹកប្រាក់ចំនួន ៥.៥៥០ដុល្លារអាមេរិក។ លោក ហ៊ន់ ស៊ាងហុង និងអ្នកស្រី ហេង ច័ន្ទបុប្ផា បានជួយជួសជុលអគារ ១ខ្នង ចំណាយទឹកប្រាក់អស់ ចំនួន ៥.៥៥០ដុល្លារអាមេរិក។ លោក យូ ទី និងភរិយា បានកសាងរូបសំណាកសម្តេចព្រះសង្ឃរាជ សម្តេច ជួនណាត អស់ទឹកប្រាក់ចំនួន ៤.៨០០.០០០រៀល។ លោក សយ ស៊ា និងភរិយា បានកសាងរូបសំណាក ក្រមង៉ុយ អស់ទឹក ប្រាក់ ១.២០០.០០០រៀល លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ និងភរិយា ជួយចាក់សាប ចំណាយទឹកប្រាក់ អស់ចំនួន ២.០០០.០០០រៀល លោកស្រី សាន់ សុផាន់ណារ័ត្ន និងស្វាមី ឧបត្ថម្ភទិញកាមរ៉ា ៤០០ដុល្លារ  និងលាបអគារចំនួន ៤.០០០.០០០រៀល ថវិកាសប្បុរសជនក្រាលការ៉ូឡា ចំណាយទឹកប្រាក់អស់ចំនួន ១.៣៣៥ដុល្លារ និង ១៣.៤១៦.០០០រៀល ថវិកាសប្បុរសជន សង់រោងរង់ចាំនៅខាងមុខសាលា ចំណាយទឹកប្រាក់អស់ចំនួន ៤២០$ និង ៧២០.០០០រៀល ផងដែរ។

      ថ្លែងនាឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានចាត់ទុក សមិទ្ធផល កកើតឡើង ទាំងអស់នេះ ដោយសារការរួមសាមគ្គីគ្នា និងការលះបង់នូវថវិកាផ្ទាល់ខ្លួន ពីសំណាក់សប្បុរសជននានា ដើម្បី រួមចំណែកលើកកម្ពស់វិស័យអប់រំ នៅក្នុងខេត្តកំពង់ចាម ឲ្យកាន់តែប្រសើរឡើង ស្របទៅតាមកម្មវិធីកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ដែលផ្ដោតជាសំខាន់ លើការអភិវឌ្ឍធនធានមនុស្ស នេះឯង។ យ៉ាងណាម៉ិញ បច្ចុប្បន្ន វិស័យអប់រំ យុវជន និងកីឡា មានការរីកចម្រើនពាសពេញទូទាំងប្រទេស អាស្រ័យ ដោយរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ព្រមទាំង ជម្រុញលើកទឹកចិត្ត ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ឲ្យខិតខំបំពេញភារកិច្ច កាន់តែមានភាពល្អប្រសើរ និងរីកចំរើនជឿនលឿនឆាប់រហ័ស ដូចបណ្ដាប្រទេសនានា លើសកលលោក។

      ដូច្នេះ ការរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលថ្មី នៅក្នុងសាលាបឋមសិក្សាឧត្ដរនាពេលនេះ ក៏ជាផ្នែកមួយ ជម្រុញធ្វើឲ្យក្មេងៗជំនាន់ក្រោយបានដឺងអំពីប្រវត្តិនានា នៃរូបសំណាក់ខាងលើ ក៏ដូចជា ការចូលរួមចំណែកលើកកម្ពស់ ផ្នែកបរិស្ថានឲ្យស្រស់បំព្រង ទាក់ទាញដល់ការសិក្សារបស់ក្មួយៗសិស្សានុសិស្ស ដែលជាសាក្ខីភាព បញ្ជាក់ពីការរីកចំរើនប្រកបដោយភាពរឹងមាំ និងថែមទាំងបង្ហាញពីការចូលរួមចំណែកអភិវឌ្ឍ និងបង្កើនបានការលើកកម្ពស់មួយកម្រិតទៀត ក្នុងវិស័យអប់រំ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងខេត្តកំពង់ចាមទាំងមូលផងដែរ។

      ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានលើកការសំណូមពរ ទៅដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ នៅក្នុងក្រុងកំពង់ចាម សូមមេត្តានាំគ្នាចូលរួមថែរក្សា និងការពារ ពីព្រោះថា វាជាទ្រព្យសម្បត្តិរបស់យើងទាំងអស់ ដើម្បីឲ្យបានគង់វង្សទុកសម្រាប់ប្អូនៗជំនាន់ក្រោយ។ ក្រៅពីនោះ ក្មួយៗស្សានុសិស្ស ក៏ខិតខំសិក្សារៀនសូត្រឲ្យបានពូកែ ដើម្បីអនាគតរបស់ខ្លួន ក៏ដូចជាការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចំរើនទៅមុខបន្តទៀតផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ