ពិធីប្រកាសតែងតាំងនិងផ្ទេរភារកិច្ចប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពត
December 23, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំ​សាលាខេត្ត​កំពត​មានរៀបចំពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ច​ប្រធាន​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ខេត្តកំពត។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជាវ តាយ អភិបាលនៃ​គណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សខេត្តកំពត ព្រមទាំងមានការអញ្ជើញចូល​រួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរយនាក់។

      យោងប្រកាសលេខ១៧៨.ដនស.ប្រក ចុះថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ មានខ្លឹមសារថា ត្រូវបានតែងតាំងលោក ដាញ់ សារី ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ខេត្តកំពត ជំនួសលោក យិន វុឌ្ឍ ដែលត្រូវបានផ្ទេរភារកិច្ចទៅ​បម្រើការនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

      ផ្តាំផ្ញើក្នុងឱកាសនេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈ​អភិបាល​ខេត្តកំពតបានមានប្រសាសន៍ថា ប្រធានមន្ទីរទើប​ទទួលតំណែងថ្មីត្រូវបន្តធ្វើកិច្ចការដែលនៅសេសសល់ដេីម្បីបម្រើប្រជាពលរដ្ឋឱ្យបានល្អ ពិសេសការផ្តល់ប័ណ្ណកម្មសិទ្ធិជាលក្ខណៈ​ប្រព័ន្ធជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលលើកិច្ចការងារដីធ្លី។

      ក្រើនរំលឹកស្រដៀងគ្នានោះដែរ ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខា​ធិការ​ប្រចាំការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា មន្ត្រីជំនាញស្ថិតក្នុងក្រប​ខ័ណ្ឌរដ្ឋត្រូវប្រើប្រាស់ពេលវេលាឱ្យបានសមរម្យស្របតាមច្បាប់ដែលបានកំណត់។ មានន័យថាក្នុងនាមខ្លួនជាអ្នកធ្វើការងារ និងទទួលប្រាក់បៀវត្សរ៍របស់រដ្ឋបែរជាទៅបម្រើការឱ្យក្រុមហ៊ុនដោយទុកកិច្ចការទាំងឡាយឱ្យនៅរាំងស្ទះរហូតបង្កការលំបាកដល់ប្រជាពលរដ្ឋដែលត្រូវពឹងពាក់នោះឡើយ៕

ប្រភព៖​ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ