រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ»នៅស្រុកចំការលើ
December 23, 2019 អ្នកទស្សនា :

      ខេត្តកំពង់ចាម ប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ» លើកទី១៣ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្ត ប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នេះ នៅស្រុកចំការលើ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ អភិបាលរងខេត្ត និងលោក លោកស្រី ប្រធានមន្ទីរ អង្គភាព ស្ថាប័ននានា ជុំវិញខេត្ត ព្រមទាំង ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស យ៉ាងច្រើនកុះករ ផងដែរ។

      បន្ទាប់ពី លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការខេត្ត ប្រឆាំងអំពើជួញដូរមនុស្ស បានធ្វើរបាយការណ៍សង្ខេប ក្នុងរយៈពេល ១ឆ្នាំ នៃការងារ ការពង្រឹង និងទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ការជួញដូរមនុស្ស ការធ្វើចំណាកស្រុក នៅក្នុងខេត្ត កន្លងមក ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍ថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាន់តែយកចិត្តទុកដាក់ខ្លាំងក្លាថែមទៀត ក្នុងការការពារប្រជាពលរដ្ឋ និងប្រទេសជាតិ ពីភាពរងគ្រោះទាំងឡាយ ដោយឧក្រិដ្ឋកម្មជួញដូរមនុស្សដែលបានបង្កឲ្យមានវិនាសកម្មជាថ្មី ដល់មនុស្សជាតិ ហើយបាននិងកំពុងក្លាយជា ទាសភាពសម័យទំនើបគួរឲ្យភ័យខ្លាច និងស្អប់ខ្ពើម។ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសាកល ដែលនៅតែបន្តកើតមានអាស្រ័យកត្តា សំខាន់បីសំខាន់ គឺ ៖ ការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស។ លើសពីនេះទៅទៀតនោះ រូបភាព នៃអំពើជួញដូរ មនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែក៏មានបាតុភាពមួយចំនួនទៀត ដែលមានទំនោរទៅរកអំពើជួញដូរសេរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែន ក្រោមរូបភាពអំពើជួលពពោះជំនួស ហើយវាជាកង្វល់ថ្មីទៀត ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននឹងកំពុងតែដាក់វិធានការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបជាបណ្តើរៗ ឲ្យបានទាន់ពេលវេលា និងសិក្សាអំពីបរិបទច្បាប់ បទដ្ឋានគត៌យតិពាក់ព័ន្ធបន្ថែមទៀត ដើម្បីជៀសវាងការីកដុះដាល នៃបទល្មើស ដែលនាំឲ្យបង្កគ្រោះថ្នាក់កាន់តែច្រើនឡើង ដល់សង្គម និងមនុស្សគ្រប់វ័យ។

      ទន្ទឹមជាមួយនោះ ការធ្វើទេសន្តរប្រវេសន៍ ក៏នៅតែជាប្រធានបទដ៏សំខាន់ ដែលត្រូវថ្លឹងថ្លែង អំពីផលចំណេញ និងផល ប៉ះពាល់ ដែលគប្បីធ្វើការសម្រេចចិត្តដោយប្រុងប្រយ័ត្ន ផងដែរ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានធ្វើការប្តេជ្ញាយ៉ាងមុតមាំថា និងយកអស់ស្មារតីខិតខំបន្ថែមទៀត ដើម្បី ទប់ស្កាត់ និងឈានទៅបង្ក្រាប ឲ្យបាននូវរាល់បទល្មើសផ្សេងៗ ទោះពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សក្តី និងបទល្មើសផ្សេងៗទៀតក្តី ឲ្យអស់ពីទឹកដី នៃខេត្តកំពង់ចាម។ ក្នុងន័យខាងលើនេះ ក៏សូមឲ្យគ្រប់សមត្ថកិច្ច បងប្អូនប្រជាពលរដ្ឋនូវទូទាំងខេត្ត ជាពិសេស យន្តការ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ បន្តខិតខំបន្ថែមទៀត ដើម្បី រួមគ្នាលុបបំបាត់ឲ្យបាននូវអំពើល្មើស ច្បាប់ទាំងនេះ ទាំងអស់គ្នា។

      បន្ថែមពីនោះ ក៏សូមអំពាវនាវ ផងដែរ ដល់បណ្តាលខេត្ត ពាក់ព័ន្ធទាំងអស់ សូមមេត្តា ចូលរួមសហការ ជួយជ្រោមជ្រែង សកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ ឲ្យកាន់តែខ្លាំងក្លាថែមទៀត និងសូមអំពាវនាវ និងលើកទឹកចិត្ត ដល់គ្រប់ មន្ទីរ អង្គភាព សូមពង្រឹងការអនុវត្តសកម្មភាព តាមយុទ្ធសាស្ត្រ ដែលមានចែងក្នុងផែនការជាតិ ឲ្យបានកាន់តែសកម្មខ្លាំងក្លាថែមទៀត។ ក្រៅពីនោះ ក៏សូមឲ្យឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលជាសមាជិកគណៈកម្មាធិការខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អាជ្ញាធរ មានសមត្ថកិច្ច វិស័យឯកជន សង្គមស៊ីវិល គ្រប់និកាយសាសនា និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមទាំងអស់គ្នា «រួមសហការគ្នា បង្ការ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ ការពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស»៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ