ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តស្វាយរៀង
January 10, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងក្រសួងមហាផ្ទៃ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី នាយក នាយករងទីចាត់ការ និងប្រធាន អនុប្រធានអង្គភាពលទ្ធកម្មរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាព ប្រធានក្រុមប្រឹក្សា អភិបាល និងអធិការក្រុង ស្រុក ទាំង៨ មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្មៀនឃុំ-សង្កាត់ ទាំង៨០ និងមន្រ្តីរាជការសាលាខេត្ត សរុបប្រមាណ ៤០០នាក់ នៅសាលប្រជុធំសាលាខេត្តស្វាយរៀង ។ មានប្រសាសន៍បើកក្នុងអង្គសន្និបាត ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញការងារប្រកបដោយការទទួលខុសត្រូវ ស្របតាមតួនាទី និងភារកិច្ច ច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសូង ស្ថាប័ន ធ្វើឲ្យរដ្ឋបាលខេត្តធានាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សារណៈល្អប្រសើរ ជាពិសេសសម្រេចបាននូវសមិទ្ធផលជាច្រើនបម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ក្នុងឱកាសនេះផងដែរ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានមានមតិផ្ដាំផ្ញើដល់អង្គសន្និបាតទាំងមូល ត្រូវបន្តចូលរួមសហការថែរក្សាការពារនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម បង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបាននូវបទល្មើសនានាដែលកើតឡើង ដើម្បីផ្ដល់ភាពកក់ក្ដៅដល់បងប្អូនប្រជាពលរដ្ឋ បន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបន្តពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងចំណោមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងក្នុងអង្គភាពតែមួយ និងអន្តរអង្គភាពឲ្យកាន់តែល្អប្រសើរ យកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខខណ្ឌការងារ បន្តខិតខំយកចិត្តទុកដាក់ផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ដោយមិនត្រូវយកកម្រៃសេវាលើសច្បាប់កំណត់ ជាពិសេសត្រូវបង្កើនទ្វេរដងប្រកបដោយភាពស្មោះត្រង់ក្នុងកិច្ចការបម្រើ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាឆ្ពោះទៅការកសាង និងអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានការរីកចម្រើន និងសុខដុមរមនា ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ប្រជាពលរដ្ឋ ។ នៅក្នុងសន្និបាតនេះ ក៏មានបទអន្តរាគមន៍របស់មន្ទីរ-អង្គភាព ចំនួន ០៦ រួមមាន ៖ ១.ស្នងការដ្ឋាននគរបាលខេត្ត: ប្រធានបទ " កិច្ចប្រតិបត្តិការ បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន" ២.មន្ទីរធនធានទឹក និងឧតុនិយមខេត្ត: ប្រធានបទ "ការគ្រប់គ្រងអាងទន្លេ បឹង បួរ ព្រែកក្នុងខេត្ត" ៣.អង្គភាពអគ្គិសនីស្វាយរៀង: ប្រធានបទ "ការពង្រីកបណ្ដាញបញ្ជូនចរន្តអគ្គិសនី និងការតភ្ជាប់បណ្ដាញអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងខេត្ត" ៤. មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត: ប្រធានបទ "ការជួសជុល និងស្ថាបនាផ្លូវជនបទតាមបណ្ដាក្រុង ស្រុក" ៥.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត: ប្រធានបទ "ការងារផលិតកម្មដំណាំស្រូវ និងដំណាំកសិ-ឧស្សាហកម្ម" ៦.រដ្ឋបាលក្រុងបាវិត: ប្រធានបទ "ការផ្ដល់សេវារដ្ឋបាល" ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង ( ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ