កាកបាទក្រហមកម្ពុជាខេត្តកោះកុង ប្រារព្ធទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០១៩
December 19, 2019 អ្នកទស្សនា :

      សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានប្រារព្ធទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០១៩ ក្រោមប្រធានបទ «ស្ម័គ្រចិត្តដើម្បីអនាគតប្រកបដោយបរិយាប័ន្ន» ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តកោះកុង សមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ-មន្ត្រី សាខា កក្រក ខេត្តកោះកុង អនុសាខាកក្រក ក្រុងខេមរភូមិន្ទ អ្នកស្ម័គ្រចិត្ត សរុបប្រមាណ ៤៥នាក់ នៅសាលប្រជុំមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកោះកុង។ 

       ថ្លែងក្នុងឱកាសនោះ លោកជំទាវប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក ថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកម្លាំងឈានមុខរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបាន បរិច្ចាគធនធាន ពេលវេលា កម្លាំងកាយ-ចិត្តចេញពីបេះដូងមនុស្សធម៌សុទ្ធសាធក្នុងការចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត នៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សានានា។

      ជាមួយគ្នានេះ លោកជំទាវប្រធាន បានគូសបញ្ជាក់ពីគុណតម្លៃនៃការងារស្ម័គ្រចិត្ត ហើយដែល ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត គឺជាការលើកកម្ពស់ការចូលរួមដោយស្ម័គ្រចិត្តក្នុងការងារមនុស្សធម៌របស់ចលនាអន្ដរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែល មកដល់បច្ចុប្បន្ននេះមានសមាគមជាតិចំនួន ១៩២ ប្រទេស មានអ្នកស្ម័គ្រចិត្តជាង១២លាននាក់ ជាធនធានមនុស្សដ៏មានសក្កានុពល ជាឆ្អឹងខ្នងរបស់ចលនា និងជាកម្លាំងប្រតិបត្តិករមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ជាក់ស្តែង កាកបាទក្រហមកម្ពុជា បានពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្តបានរហូតដល់ជាង ៤ម៉ឺន នាក់នៅទូទាំងប្រទេស ដែលសុទ្ធតែជាកម្លាំងមិនអាចខ្វះបាន ក្នុងការផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នកងាយរងគ្រោះបំផុតបានទាន់ពេលវេលា និងគ្រប់ទីកន្លែង។

      តំណាងអ្នកស្ម័គ្រចិត្ត ២នាក់ និងលោកស្រីអនុប្រធានគណៈកម្មាធិការអនុសាខាក្រុងខេមរភូមិន្ទ បានថ្លែងចំណាប់អារម្មណ៍ និងបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញតួនាទីជាកម្លាំងឈានមុខ ដើរតាមគំរូវីរភាពរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមសកម្មភាពជាបន្តទៀត ក្នុងតួនាទីជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដើម្បីជាផលប្រយោជន៍នៃជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅក្នុងសហគមន៍។

      ដើម្បីលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្ត ឆ្នើមចំនួន ១០នាក់ ដែលចូលរួមក្នុងឱកាស នោះ កាកបាទក្រហមកម្ពុជា បានផ្ដល់ជូននូវបណ្ណសរសើរ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសាខា កក្រក ខេត្តកោះកុង បានឧបត្ថម្ភបន្ថែម ម្នាក់ៗទទួលបាន មួកសុវត្ថិភាព ១ អាវយឺត៣អាវ  និងថវិកា ២ម៉ឺនរៀល។ ចំពោះសង្កាត់ទាំងបី ក្នុងមួយសង្កាត់ៗ ទទួលបានអាវយឺត ចំនួន២០០អាវ ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ