សម្បទានិកចំនួន៤៣៣គ្រួសារ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់ ៣៥៦ប័ណ្ណពីរាជរដ្ឋាភិបាល នៅឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
December 19, 2019 អ្នកទស្សនា :

       ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II)ខេត្តក្រចេះ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន ៣៥៦ គ្រួសារ ស្មើនឹង ៤៣៤ ប័ណ្ណ និង ៣៦ ប័ណ្ណ សម្រាប់ដីរដ្ឋបាលនៅក្នុងឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះក្រោមអធិបតីភាព ឯកឧត្តម ឌុច វនទីតូ អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត និងជាប្រធានគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ខេត្តក្រចេះ។

      ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកនាពេលនេះ គឺបន្ទាប់ពីសម្បទានិកបានបំពេញតាមលក្ខខណ្ឌនៃកិច្ចសន្យា និងស្របតាមអនុក្រឹត្យលេខ ១៩ អនក្រ.ប ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នំា ២០០៣ និងប្រកាសលេខ ២០០ ដនស.ប្រក ចុះថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០០៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ សម្បទានិកដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅក្នុងពិធីនេះទទួលបានដីលំនៅឋានទំហំ ២០ គុណ ៥០ម៉ែត្រ និងដីកសិកម្មទំហំ ១,៥ ហិចតា ស្មើៗគ្នា។

      តាមបញ្ជាក់ពីលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត ៖ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក បានកំណត់យកខេត្តក្រចេះជាខេត្តគោលដៅក្នុងការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ទាំងជំហានសាកល្បង (LASED I) ចាប់តាំងពីឆ្នាំ២០១៨ និងជំហាន២ (LASED II) ចាប់ពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន។ រដ្ឋបាលខេត្តក្រចេះ សម្រេចជ្រើសរើសយកស្រុកគោលដៅចំនួន២ គឺស្រុកចិត្របុរី មានឃុំគោលដៅចំនួន៤ គឺឃុំសំបុក ឃុំចង្ក្រង់ ឃុំដារ និងឃុំថ្មី និងស្រុកព្រែកប្រសព្វ មានឃុំគោលដៅចំនួន១ គឺឃុំចំបក់។ ការផ្ដល់ប័ណ្ណកម្មសិទ្ធិនេះ គឺធានាដល់សុវត្ថិភាពអ្នកកាន់កាប់ដីធ្លី(ម្ចាស់កម្មសិទ្ធិ) មានន័យថាប្រជាពលរដ្ឋជាសម្បទានិកមានលក្ខខណ្ឌស្របច្បាប់ក្នុងការវិនិយោគលើដីធ្លីដែលពួកគាត់បានរស់នៅ និងប្រើប្រាស់ដីអស់រយៈពេលប្រាំឆ្នាំ និងទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។

      ឯកឧត្តមអនុរដ្ឋលេខាធិការមានប្រសាសន៍បន្ថែម ៖ សមិទ្ធផលថ្មីមួយទៀតហើយ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនដល់បងប្អូនជាសម្បទានិកទាំងអស់ បន្ថែមពីលើសមិទ្ធផលនានាដែលបានប្រគល់ជូនដល់សម្បទានិកដែលជាគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ទាក់ទងនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទមួយចំនួន រួមមាន ៖ ផ្លូវ សាលារៀន អគារសហគមន៍ ផ្ទះស្នាក់នៅរបស់គ្រូបង្រៀន និងគិលានុបដ្ឋាយិកា បុស្តិ៍សុខភាព អណ្ដូងទឹក ស្រះទឹក ប្រព័ន្ធស្រោចស្រពខ្នាតតូច ព្រមទាំងការយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្ម និងចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម ការអប់រំសុខភាពទូទៅ ចំណេះដឹងជំនាញអាជីវកម្មខ្នាតតូច។ ទាំងនេះបាននឹងកំពុងរួមចំណែកកាត់បន្ថយការធ្វើចំណាកស្រុក លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់សម្បទានិក និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនបានមួយកម្រិតធំ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ