រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាបអាណត្តិទី៣ គោលដៅទី៥ នៅស្រុកជីក្រែង
December 19, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តខ្នារធ្នង់ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាបបានរៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និង លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការ អញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរជាតិអប្សរា តំណាងអង្គការសង្គមស៊ីវិល សិស្សានុសិស្ស អាជ្ញាធរ និង ប្រជាពលរដ្ឋមកពីស្រុក ស្វាយលើ និង ស្រុកជីក្រែង។ អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ក គឺជាការផ្តល់ឱកាសដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន បានលើកឡើងពីបញ្ហាប្រឈម ក្តីកង្វល់ សំណូមពរ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច បណ្តាអង្គភាពពាក់ព័ន្ធ ពិនិត្យដោះស្រាយ និង ឆ្លើយតបចំពោះតម្រូវការទាំងនោះ ហើយវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ត្រូវបានធ្វើឡើងក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ។ 

      អង្គវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់នេះ គឺជាឧបករណ៍ដ៏មានសារសំខាន់ សម្រាប់លើកកំពស់គណនេយ្យភាព តម្លាភាព ការឆ្លើយតប និងការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ទាំងបុរស ស្រ្តី យុវវ័យ និងជនងាយរងគ្រោះ លើកិច្ចដំណើរការអភិបាលកិច្ច របស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ។ អង្គវេទិកាក៏បានលើកនូវសំណួរសំណូមពរ អំពីទុក្ខកង្វល់របស់ពួកគាត់នៅតាមមូលដ្ឋាន  ដោយបានផ្តោតទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ (សុំសាងសង់សាលាឃុំ, ) ,បញ្ហាព្រៃឈើ (សុំឲ្យប្រជាការពារ និង ប្រជាពលរដ្ឋចូលរួមការពារព្រៃឈើ និង ការសុំភ្ជួរដីអាស្រ័យផលលើដីចំការ ) , ការងារអប់រំ (សុំឲ្យមានការថែទាំសម្ភារៈកុំព្យូទ័រនៅតាមសាលានិងសាងសង់អគារសិក្សា ) ,បញ្ហាតម្លៃកសិផលរបស់កសិករ , បញ្ហាធារាសាស្ត្រ (ជីកស្រះ .ទំនប់ ,ប្រព័ន្ធប្រឡាយ ), បញ្ហាអគ្គិសនី និង សុំឲ្យអាជ្ញាធរជាតិអប្សរារក្សាសាលាឃុំនៅកន្លែងដដែល , បញ្ហាបរិស្ថាន។ 

      អង្គវេទិការបស់ក្រុមប្រឹក្សាខេត្តសៀមរាបអណត្តិទី៣ គោលដៅទី៥នេះ មានសមាជិកសមាជិកាចូលរួមសរុប ប្រមាណជាង៦៥៩នាក់ ស្រី ១៥៧នាក់ និង វាគ្មិនតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត ចំនួន៣៩នាក់។ អង្គវេទិកាទទួលបានសំណួរ និង កង្វល់ផ្ទាល់មាត់ពីបងប្អូនប្រជាពលរដ្ឋចំនួន១៤សំណួរ-សំណូមពរ ដែលត្រូវបានវាគ្មិនបកស្រាយបំភ្លឺ១៣សំណួរសំណូមពរ និង បន្តធ្វើការតាមដាន១សំណួរ។  ដោយឡែកសំណួរ-សំណូមពរ  ជាលាយលក្ខ័ជាអក្សរមិនទាន់បានឆ្លើយបំភ្លឺមានចំនួន៤៥សំណួរ-សំណូមពរ ដែលក្រុមប្រឹក្សាខេត្តទទួលយកទៅពិនិត្យពិភាក្សា ក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតបជម្រាបជូនដំណឹងជាលាយលក្ខណ៍អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមរយៈក្រុមប្រឹក្សាឃុំ។

      លោក ពៅ ពិសិដ្ឋ ក៏បានលើកឡើងនូវចំណុចមួយចំនួន ដែលមានការពាក់ព័ន្ធដល់ផលប្រយោជន៍នៅតាមមូលដ្ឋាន ព្រមទាំងសូមឲ្យអាជ្ញាធរ និង សមត្ថកិច្ចមូលដ្ឋាន មានកិច្ចសហការល្អ ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋានខ្លួន។ មានមតិបូកសរុបនិងបិទអង្គវេទិកានោះ ឯកឧត្តម អ៊ាន ឃុន ក៏បានធ្វើការថ្លែងអំណរគុណ ពីការចូលរួមរបស់សមាជិក សមាជិកានៃអង្គវេទិកាទាំងមូល អាចនិយាយបានថា ជាកម្លាំងចលករជម្រុញឲ្យមានការអភិវឌ្ឍ តាមបែបប្រជាធិប តេយ្យនៅថ្នាក់ក្រោមជាតិកាន់តែមានល្បឿនទៅមុខ ហើយនេះក៏ជាសកម្មភាព ធ្វើឲ្យថ្នាលលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចាក់ឫសជ្រៅនៅសហគមន៍មូលដ្ឋាន។ ព្រឹត្តិការណ៏នេះ វាក៏ជាយន្តការមួយផងដែរ ក្នុងការពង្រឹងនីតិរដ្ឋ និង អភិបាលកិច្ចល្អនៅមូលដ្ឋានបន្ថែមទៀត។  វប្បធម៌នៃការចូលរួមកាន់តែមានវឌ្ឍនភាព ហើយការពង្រឹងខឿនលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន កាន់តែរឹងមាំទូលំទូលាយថែមទៀត។  

      អង្គវេទិកាអស់ រយៈពេលពេញមួយព្រឹកនេះ ជាសញ្ញាវិជ្ជមានថ្មីបន្ថែមទៀត ចំពោះ កិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចពិគ្រោះយោបល់ ពិភាក្សា ដើម្បីពិនិត្យ ពិចារណា និង ធ្វើការឆ្លុះបញ្ចាំងទៅលើសមិទ្ធផលដែលសម្រេចបាន និង បញ្ហាប្រឈមក្នុងឆ្នាំ២០១៩ និង គម្រោងសកម្មភាពជាអាទិភាពសម្រាប់ឆ្នាំ២០២០របស់រដ្ឋបាលខេត្ត ដែលជាកម្លាំងចលករជម្រុញឲ្យការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិកាន់តែមានល្បឿនទៅមុខឥតឈប់ឈរ ហើយក៏ជាកាយវិការដ៏ប្រពៃ សំដៅធ្វើឲ្យថ្នាលនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចាក់ឬសយ៉ាងជ្រៅ នៅតាមសហគមមូលដ្ឋានរបស់យើង ហើយ ព្រឹត្តិការណ៍នាថ្ងៃនេះ វាក៏ជាយន្តការមួយក្នុងការពង្រឹងនីតិរដ្ឋ និង អភិបាលកិច្ចល្អនៅមូលដ្ឋាន។ ក្នុងនោះឯកឧត្តមក៏បានជម្រុញដល់មន្ទីរជំនាញ និង សមត្ថិកិច្ចពាក់ព័ន្ធ ចុះធ្វើការផ្សព្វផ្សាយពីច្បាប់ព្រៃឈើ និង ធ្វើការទប់ស្កាត់ បង្រ្កាបឲ្យខាងតែចំពោះការកាប់ទន្ទ្រានព្រៃឈើ ដែលធ្វើឲ្យបាត់បង់បរិស្ថានធនធានធម្មជាតិ និង ទីជម្រកសត្វព្រៃ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ