ទិវាជនមានពិការភាពកម្ពុជា លើកទី២១ និងជនមានពិការភាព​អន្តរជាតិលើកទី៣៧
December 18, 2019 អ្នកទស្សនា :

      លោក គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល លើកទឹក​ចិត្តដល់​បង​ប្អូនមានពិការភាព មិនត្រូវមា​នអស់សង្ឃឹមក្នុងជីវិតឡើយ ត្រូវខិតខំរៀនសូត្រ និងដាក់គោលដៅក្នុងជីវិតឱ្យ​បានច្បាស់លាស់​ទើបជីវិតទទួលបានជោគជ័យ។ លោកជំរុញ​លើកទឹក​បែបនេះ​ក្នុង ទិវាជនមានពិការភាពកម្ពុជាលើកទី២១ ទិវាជនមានពិការភាព​អន្តរជាតិលើកទី៣៧ និងបិទវគ្គបណ្ដុះបណ្ដាលវិជ្ជា​ជីវៈជនមាន​ពិការ​ភាពជំនាន់ទី៣២ នៅបន្ទាយព្រាប ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។
លោកបន្តថា មណ្ឌលបណ្ដុះបណ្ដាលវិជ្ញាជីវៈបន្ទាយព្រាប បានបណ្ដុះបណ្ដាលជូនបងប្អូនពិការ ឱ្យទទួលបានការសិក្សា​រៀនសូត្រ និងទទួលយកចំណេះដឹង ចំណេះធ្វើសម្រាប់ជាទុន​យក​ទៅប្រកបរបរតាមជំនាញរៀងៗខ្លួន នៅតាមមូលដ្ឋាន​ជាក់ស្ដែង។ ហើយនៅពេលដែលបងប្អូន​ជនមានពិការ​ភាព​កាន់តែមានសមត្ថភាព ក្នុងការប្រកួតប្រជែងក្នុងទីផ្សារពលកម្ម ដែលអាចដរកប្រាក់ចំណូល ដើម្បីធានានូវនីរន្តរភាពជីវិត ហើយរស់នៅដោយម្ចាស់ការ និងសេចក្ដីថ្លៃថ្នូរតាមមុខ​របររបស់​ខ្លួន មិនត្រឹមតែប៉ុន្នោះ នៅពេលជនពិការមានសមត្ថភាព គឺបាន​លុបបំបាត់រាល់ទម្រង់កេងប្រវ័ញ និងការរើសអើងផងដែរ។

      លោកអភិបាលរងខេត្ត បានផ្ដាំផ្ញើរដល់សិក្ខាកាម​ដែលទើប​តែបញ្ចប់វគ្គបណ្ដុះបណ្ដាល ជំនាន់ទី៣២ និងបងប្អូនជនមាន​ពិការភាពគ្រប់រូប ត្រូវបន្តស្មារតីក្លាហាន សេចក្ដីសង្ឃឹម និងជំនឿ​ជាក់​លើខ្លួនឯង ខិតខំរៀនសូត្រខំណេះទូទៅ បន្តរៀនសូត្រវិជ្ជា​ជីវៈ ប្រើប្រាស់នូវសម្បទាដែលនៅមាន ពុះពារជំនះរាល់ការ​លំបាក និងបង្កើតមុខរបរផ្ទាល់ខ្លួន និងបង្កើនសមត្ថភាពត្រៀម​ចូលបំរើការងារតាមស្ថាប័នរដ្ឋ រោងចក្រ សហគ្រាស តាមអត្រា​កំណត់​នៃច្បាប់ដើម្បីបង្កើនចំណូល កសាងជីវភាពរស់នៅ​ដោយមានឯករាជ្យ ម្ចាស់ការ ប្រកបដោយសេចក្ដីថ្លៃថ្នូរ។ នៅពេលមានមុខរបរច្បាស់លាស់ និងចំណូលសមរម្យ ត្រូវចេះសន្សំសំចៃក្នុងគ្រួសារ ត្រូវប្រកាន់យក នូវក្រមសីលធម៌រស់នៅល្អ មិនប្រើអំពើហិង្សាក្នុងគ្រួសារ និងត្រូវចេះអនុវត្តតាមខ្លឹមសារបំផុសចលនា ៣ពូកែ គឺធ្វើសេដ្ឋកិច្ចគ្រួសារពូកែ ជួយគ្នាដើម្បីការត់បន្ថភាពក្រីក្រ អភិវឌ្ឍន៍សហគមន៍ និងសង្គមជាតិពូកែ។

      លោក លី សុធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល បានឱ្យដឹងថា មណ្ឌលបន្ទាយព្រាប បានបង្ហាត់បង្រៀនជូនសិក្ខាកាម​ជំនាន់ទី៣២ មានចំនួន៩៣នាក់ ស្រី២៧នាក់ បានបោះបង់ការសិក្សាចំនួន១៤នាក់ ដោយបញ្ហាសុខភាព សិក្ខាដែលបានបញ្ចប់វគ្គមានចំនួន៧៩នាក់។ មានមុខជំនាញចំនួន៧ ដូចជាជាងកាត់ដេរ ជាងម៉ាស៊ីន ផ្នែកកសិកម្ម ជាងអេឡិចត្រូនិច ជាងជួសជុលទូរសព្ទដៃ ផ្នែកសំអាង និងផ្នែកខ្សោយសតិបញ្ញា។
លោកបន្តថា សិស្សដែលជ្រើសរើសមកសិក្សាក្នុងមណ្ឌល មកពី២៥រាជធានី ខេត្ត ហើយការជ្រើរើសគឺនៅមូលដ្ឋានផ្ទាល់ ដោយពិនិត្យលើលក្ខណៈពិការ ស្ថានភាពជីវភាពគ្រួសារ ចំណង់ចំណូលចិត្តទទួលយកការសិក្សា និងសំខាន់ទៀតនោះគឺ ពិនិត្យទៅលើតម្រូវការមុខជំនាញអោយសមស្របតាមមូលដ្ឋានរបស់ពួកគេផ្ទាល់ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ