នៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត លោក សេង សីលា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដម វ៉ា សារ៉េន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ឯម សូផាត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងប្រធាន-អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តស្វាយរៀង។
ក្នុងឱកាសនោះ ក្នុងនាមឯកឧត្ដមអភិបាលខេត្ត លោក សេង សីលា អភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ប្រកបដោយសុទិដ្ឋិនិយម ចំពោះស្មារតីដឹកនាំ គ្រប់គ្រង របស់លោក ឯម សុត អតីតប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង ដែលបានលះបង់កម្លាំងកាយចិត្ត ខិតខំបំពេញភារកិច្ចក្នុងការទទួលខុសត្រូវខ្ពស់ មានកិច្ចសហការល្អជាមួយគណបក្សនយោបាយ អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន ធ្វើឲ្យការបោះឆ្នោតគ្រប់អាណត្តិប្រព្រឹត្តទៅដោយរលូន។ លោកចាត់ទុកការលះបង់ និងការខិតខំប្រឹងប្រែងនេះ ជាគំរូវីរភាពដ៍ឧត្តុង្គឧត្តមសម្រាប់ប្អូនៗជំនាន់ក្រោយ ដែលជាអ្នកបន្តវេន រៀនសូត្រតាម។
មានមតិសំណេះសំណាលក្នុងឱកាសនោះឯកឧត្ដម ឯម សូផាត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានប្រសាសន៍ថា នេះជាលើកទីមួយហើយ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើពិធីប្រកាសដាក់ឲ្យបញ្ចប់មុខតំណែងប្រធាន និងអនុប្រធានលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត ដោយសារការដល់អាយុចូលនិវត្តន៍របស់ពួកគាត់ ហើយបានធ្វើការតែងតាំងប្រធាន-អនុប្រធានថ្មីជំនួស ព្រោះថានៅមុនឆ្នាំ២០១៦ មន្ត្រី បុគ្គលិកបំរើការងារនៅអគ្គលេខាធិការដ្ឋានគជប និងនៅលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត គឺសុទ្ធតែមន្ត្រីកិច្ចសន្យាទាំងអស់ ហើយទើបតែត្រូវបានធ្វើសមាហរណកម្មចូលក្នុងលក្ខន្តិកៈ ដោយឡែកនៃក្របខ័ណ្ឌមន្ត្រីរាជការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងឆ្នាំ២០១៦កន្លងមកនេះ ។ ឯកឧត្ដមបន្តទៀតថា ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍របស់ពួកគាត់ ត្រូវបានរក្សាទុកជាធនធានមនុស្ស តាមរយៈការតែងតាំងជាជំនួយការប្រចាំការនៅតាមបណ្ដាលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តនីមួយៗ ។ ឯកឧត្ដមបានផ្ដាំផ្ញើដល់ ប្រធាន និងអនុប្រធាន ដែលទើបតែងតាំងថ្មីនេះ លើកកម្ពស់សមត្ថភាពបំពេញការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ស្របតាមច្បាប់ស្ដីពីការបោះឆ្នោត ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។
សូមបញ្ជាក់ថា យោងតាមសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លេខ៤៦៨ គជប.សសរ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ បានសម្រេចតែងតាំងលោក សុខ សាគុន ជាប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តស្វាយរៀង និងលោក មុំ ពណ្ណារាយ ជាអនុប្រធាន។ ចំណែកលោក ឯម សុត អតីតប្រធាន ដែលចូលនិវត្តន៍ ត្រូវបានតែងតាំងជាជំនួយការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យប្រចាំការនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង៕
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង