ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៥ នៃ បណ្តាញសាកលវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យាអាស៊ាន-ចិន
December 11, 2019 អ្នកទស្សនា :

      នារសៀលថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៥ នៃ បណ្តាញសាកលវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យាអាស៊ាន-ចិន (ACNET-EngTech) ស្ថិតនៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង។

      កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងសាកលវិទ្យាល័យចំនួន ១៣ ដែលជាសមាជិកបណ្តាញសាកលវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យា អាស៊ាន-ចិន ក្នុងនោះរួមមានសាកលវិទ្យាល័យដែលអញ្ជើញមកពីសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៧សាកលវិទ្យាល័យ បណ្តាប្រទេសអាស៊ានចំនួន ៦សាកលវិទ្យាល័យ និងមានការចូលរួមពីតំំណាងស្ថាប័ន គ្រឹះស្ថាននានា ថ្នាក់ដឹកនាំ មន្រ្តីអប់រំ និងនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀង សរុបចំនួនចំនួន៣០០នាក់។

      ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំនេះ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យស្វាយរៀង បានសម្ដែងនូវការសាទរ និងការគាំទ្រចំពោះការបង្កើតឲ្យមានបណ្ដាញសាកលវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យា អាស៊ាន-ចិន នេះឡើង ដោយក្នុងនោះក៏មានសាកលវិទ្យាល័យស្វាយរៀង ដែលជាសាកលវិទ្យាល័យរដ្ឋតែមួយគត់មានទីតាំងក្នុងខេត្តស្វាយរៀងជាសមាជិក ដែលនេះមិនត្រឹមតែមានសារៈសំខាន់ក្នុងក្របខ័ណ្ឌ នៃការលើកកម្ពស់ និងពង្រឹងគុណភាពបណ្ដុះបណ្ដាលរវាងសាកលវិទ្យាល័យ និងសាកលវិទ្យាល័យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់ជួយជ្រោមជ្រែងដល់ដំណើរការជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាការអភិវឌ្ឍនៅក្នុងខេត្តស្វាយរៀង តាមរយៈការបណ្ដុះបណ្ដាលបាននូវធនធានមនុស្សក្នុងវិស័យវិស្វកម្ម និងបច្ចេកវិទ្យា ស្របតាមតម្រូវការចាំបាច់ជាក់ស្ដែងក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

      សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ សម្ព័ន្ធឧត្តមភាព នៃសាកលវិទ្យាល័យចិន (E9) និង សាកលវិទ្យាល័យ អាស៊ានចំនួន៨ បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមរបស់អាស៊ាន-ចិន ស្តីពីការបង្កើតនូវបណ្តាញសម្រាប់ កិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរ ក្នុងចំណោមសាកលវិទ្យាល័យដែលធ្វើការបណ្តុះបណ្តាលវិស្វកម្ម និងបច្ចេកវិទ្យា។ ជាមួយនិងការផ្តួចផ្តើមនិងគាំទ្ររួមគ្នាដោយ E9 មជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) និងមជ្ឈមណ្ឌលរចនាសម្ព័ន្ធរដ្ឋមន្រ្តីអប់រំអាស៊ីអាគ្នេយ៍សម្រាប់ឧត្តមសិក្សា និងការអភិវឌ្ឍ (SEAMEO RIHED) បណ្តាញអាស៊ាន-ចិនសម្រាប់សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិស្វកម្ម (អក្សរកាត់ថា ACNET-EngTech) ត្រូវបានបង្កើតឡើង ដោយមានសាកលវិទ្យាល័យជាសមាជិកចំនួន ១៩ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ លើការបណ្តុះបណ្តាល និងស្រាវជ្រាវ ជំនាញវិស្វកម្ម និងបច្ចេកវិទ្យា។

      ចាប់ពីពេលបង្កើតបណ្តាញ ACNET-EngTech នេះឡើង មានការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំចំនួន ៤លើករួចមកហើយ នៅតាមសាកលវិទ្យាល័យជាសមាជិក ហើយឆ្នាំ២០១៩នេះជាលើកទី៥ ដែលទទួលរៀបចំធ្វើដោយសាកលវិទ្យាល័យស្វាយរៀង ដោយមានការសហការពី សាកលវិទ្យាល័យមានជ័យ និងវិទ្យាស្ថានអាស៊ីកម្ពុជា និងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១៩៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ