ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តរតនគិរី អញ្ជើញជាអធិបតីភាពប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩
December 11, 2019 អ្នកទស្សនា :

      ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តរតនគិរី អញ្ជើញជាអធិបតីភាពប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទាំងអស់គ្នារួមគ្នាចរន្តជាតិមួយក្នុងការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍»

      ឯកឧត្តម ណាប់ ប៊ុនហេង​ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ចើញជាអធិបតីភាពក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទាំងអស់គ្នារួមគ្នាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគ
អេដស៍និងជំងឺអេដស៍»។ ទិវានេះប្រារព្ធធ្វើឡើង នៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន ដោយមានការចូលរួមពីមន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ សិស្សានុសិស្ស យុវជនស្ម័គ្រចិត្ត​កាកបាទក្រហមខេត្តនិងអ្នកផ្ទុកមេរោគអេដស៍សរុបជាង២០០នាក់។

      ឯកឧត្តម ថង សាវុន បានអាននូវសារលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជាដែលបានលើកឡើងក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩
ដែលមានន័យខ្លឹមសារ ជាអាទិ៍ថា ទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍ក្នុងឆ្នាំ២០១៩នេះ ដែលកម្ពុជាយើង បានកំណត់ក្រោមប្រធានបទ «ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍និងជំងឺអេដស៍» ដែលជាប្រធានបទមានគោលបំណងបញ្ជាក់ពីការប្ដេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ឈានទៅសម្រេចបានគោលដៅបញ្ចប់បញ្ហាអេដស៍នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២៥។

      តាមរយៈសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានឲ្យដឹងទៀតថា ក្នុងរយៈកាល ២៨ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយដៃគូសហប្រតិបត្តិការជាតិ-អន្តរជាតិ អង្គការសង្គម ស៊ីវិល វិស័យឯកជន ផ្នែកសាសនា និងកាកបាទក្រហមកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ រហូតសម្រេចបាននូវការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ ធ្វើឲ្យអត្រាផ្ទុកមេរោគអេដស៍ ក្នុងចំណោមប្រជាជនទូទៅចាប់ពីអាយុ១៥ឆ្នាំ ទៅ ៤៩ឆ្នាំ បានធ្លាក់ចុះពី ២,៦ភាគរយ នៅឆ្នាំ១៩៩៨ និងបន្តធ្លាក់ចុះមកនៅ១ភាគរយ នៅឆ្នាំ២០០៦ និងបន្តធ្លាក់ចុះទៀតជាបន្តបន្ទាប់ នៅ ០,៨ភាគរយ នៅឆ្នាំ២០១០ និង ០,៥ ភាគរយ នៅឆ្នាំ២០១៩នេះ។

      សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអំពាវនាវផងដែរថា បើទោះបីកម្ពុជាយើងសម្រេចបាននូវសមិទ្ធផលធំធេង និងជោគជ័យជាបន្តបន្ទាប់យ៉ាងណាក៏ដោយ​។ ដូច្នេះសូមអំពាវនាវ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជនរួមជាតិគ្រប់មជ្ឈដ្ឋាន រួមកម្លាំងគ្នាចូលរួមជាចរន្តជាតិមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ហើយក៏សូមអំពាវនាវដល់គ្រប់ ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា បន្តចូលរួមគាំទ្រ និងអនុវត្តដោយម៉ឺងម៉ាត់នូវផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ ដែលជាផែនទីចង្អុលផ្លូវតែមួយគត់សម្រាប់ការងារប្រយុទ្ធ ទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។

      ក្នុងឱកាសនោះដែរ ឯកឧត្តម ថង សាវុន ក៏បានចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារអ្នករងគ្រោះ ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ចំនួន៥០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអំណោយ រួមមាន៖ អង្ករ២៥គីឡូ ទឹកដោះគោឆៅ១យួ ទឹកសុីអ៉ីវ១យួរ ឃីត១កញ្ចប់មានមុង១ភួយ១ក្រម៉ា១និងគ្រឿងឧបភោគ
បរិភោគ១កញ្ចប់៕

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ