អាជ្ញាធរខេត្តក្រចេះ ប្រារព្វទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩
December 11, 2019 អ្នកទស្សនា :

      ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ ខេត្តក្រចេះប្រារព្វទិវាពិភពលោក​​ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ (ទាំងអស់​​គ្នាចូលរួមជាចរន្ដជាតិមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍) ក្រោមអធិបតីភាព លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត និងមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត យុវជន ស ស យ ក យុវជនស្ម័គ្រចិត្ត កាកបាទក្រហម សិស្សានុសិស្ស និងប្រជាពល​រដ្ឋប្រមាណជា៣០០នាក់ ដែលរៀបចំឡើងដោយមន្ទីរសុខាភិបាលខេត្ត រួមសហការជាមួយកាកបាទក្រហម និងអង្គការដៃគូមួយ​ចំនួន។

      លោកវេជ្ជបណ្ឌិត ឈ្មាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្ត និង​ជា​អនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត បាន​លើក​ឡើងថា បច្ចុប្បន្នដោយមានការខិតខំយកចិត្តទុកដាក់​​ពីរដ្ឋា​ភិបាលកម្ពុជា ក៏ដូចជាមន្ទីរពាក់ព័ន្ធសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍​នានា បានធ្វើឲ្យអត្រាឆ្លងមេរោគអេដស៍មានការថយចុះក្នុង​ចំណោមប្រជាជនទូទៅ ដោយអ្នកឆ្លងថ្មីមានការថយចុះ៦២% ចាប់ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៨ អ្នកស្លាប់ដោយសារមេរោគ​អេដស៍មានការថយចុះ៤៨% ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៨ ស្រ្តីមានផ្ទៃពោះផ្ទុកមេរោគអេដស៍បានទទួលឪសថប្រឆាំងមេរោគអេដស៍មានការកើនឡើងពី១១%ដល់ទៅ៩៤%នៅឆ្នាំ២០១៧ ការមាក់ងាយរើសអើងពីខាងក្រៅមានការធ្លាក់ចុះ ជាពិសេសការបដិសេធមិនផ្ដល់ការងារបានថយចុះពី៤៦%នៅឆ្នាំ២០១០មកត្រឹម ២%នៅឆ្នាំ២០១៩ អ្នកបំរើសេវាកំសាន្ដសប្បាយមានអត្រាផ្ទុក​មេរោគអេដស៍បានថយចុះពី១៤%នៅឆ្នាំ២០១០មកត្រឹម ៣,២%នៅឆ្នាំ២០១៦។

      ក្នុងឱកាសនោះលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត បានអាននូវសន្ទរកថារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគ​អេដស៍ ជំងឺអេដស៍នៅកម្ពុជា។ និងមានប្រសាសន៍ពីឱកាស​ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ដែលមាន​ន័យខ្លឹមសារ ជាអាទិថា ទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍​ក្នុងឆ្នាំ២០១៩នេះ ដែលកម្ពុជាយើង បានកំណត់ក្រោមប្រធានបទ «ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍» ដែលជាប្រធានបទមាន​គោល​បំណងបញ្ជាក់ពីការប្ដេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាល​កម្ពុជាក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ឈានទៅសម្រេចបានគោលដៅបញ្ចប់បញ្ហាអេដស៍នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២៥។

      លោក ខ័ណ្ឌ ចំណាន ក៏បានបញ្ជាក់ផងដែរថា ៖ សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអំពាវនាវផងដែរថា បើទោះបី​កម្ពុជា​យើងសម្រេចបាននូវសមិទ្ធផលធំធេង និងជោគជ័យជាបន្ត​បន្ទាប់យ៉ាងណាក៏ដោយ។ ដូច្នេះសូមអំពាវនាវ ដល់ថ្នាក់ដឹកនាំ​គ្រប់​ជាន់​ថ្នាក់ ជនរួមជាតិគ្រប់មជ្ឈដ្ឋាន រួមកម្លាំងគ្នាចូលរួមជា​ចរន្តជាតិមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ហើយក៏សូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា បន្តចូលរួមគាំទ្រ និងអនុវត្តដោយម៉ឺងម៉ាត់​នូវផែន​ការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតប​មេរោគអេដស៍ ជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ ដែលជាផែនទីចង្អុលផ្លូវតែមួយគត់សម្រាប់ការងារប្រយុទ្ធ ទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។

      ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត ក៏បានចែកអំណោយ​មនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្ត និងមន្ទីរសុខាភិបាលខេត្ត ជូនដល់គ្រួសារអ្នករងគ្រោះ ដោយសារមេរោគអេដស៍ ជំងឺអេដស៍ មួយចំនួន ក្នុងពិធី នោះផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ