ឯកឧត្តម ជាម ហ៊ីម និងឯកឧត្តម គួច ចំរើន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមខេត្តព្រះសីហនុ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកព្រៃនប់
December 10, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ជាម ហ៊ីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងឯកឧត្តមគួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ រួមដំណើរដោយ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អនុប្រធានកិត្តិយសសាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា និងម្ចាស់ក្រុមហ៊ុន សហគ្រាស ជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១១១៣គ្រួសារ នៅក្នុងស្រុកព្រៃនប់ (មកពីឃុំ ០៤ គឺឃុំវាលរេញ ០២គ្រួសារ ឃុំសាមគ្គី ៣២៧គ្រួសារ ឃុំទឹកល្អក់ ៣១៩គ្រួសារ និងឃុំទឹកថ្លា ៤៦៥គ្រួសារ)។

      លោក សរ កក្កដា អភិបាលស្រុកព្រៃនប់បានអោយដឹងថា ជារៀងរាល់ឆ្នាំ ឃុំចំនួន៣មាន៖ ឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា តាមបណ្ដោយផ្លូវជាតិលេខ៣ ជួរភ្នំបូកគោ តែងតែរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ តែឆ្នាំ២០១៩នេះ ឃុំវាលរេញក៏ត្រូវបានរងផលប៉ះពាល់ ខូចខាតផ្ទះចំនួន២ខ្នងផងដែរ ក្នុងចំណោមលំនៅដ្ឋានប្រជាពលរដ្ឋទាំង១៩៩២ខ្នងដែលរងការខូចខាត ហេីយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះតែងតែបានទទួលការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងចុះមកសួរសុខទុក្ខ ព្រមទាំងនាំយកមកជាមួយនូវអំណោយមកចែកជូនដោយផ្ទាល់ជាបន្តបន្ទាប់។

      ក្នុងឱកាសនោះដែរ ឯកឧត្តមគួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្តម ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

      បន្ថែមពីនេះ ឯកឧត្តមបានពាំនាំសេចក្តីអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ធម្មជាតិ និងសូមរក្សាសុខភាពអោយបានល្អ ដោយ សារពេលនេះអាកាសធាតុចុះត្រជាក់ខ្លាំង ហើយត្រូវរស់នៅមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវ ត្រូវកំចាត់សត្វមូសខ្លា តាមរយៈរៀបចំសម្ភារៈ ក្នុងផ្ទះសំបែងឱ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់គម្ពោតព្រៃជុំវិញផ្ទះ។

      អំណោយដែលផ្ដល់ជូនក្នុងមួយគ្រួសារមាន៖ អង្ករ ២០ គីឡូ មី ១កេះ ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ កន្ទេល ០១ តង់ ០១ ឃីត ១(ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) និងថវិកាចំនួន ៥ម៉ឺនរៀល៕

ប្រភព៖រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ