ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាសម្តែងការសោកស្តាយនូវការបាត់បង់អាយុជីវិតមនុស្សដោយសារបាក់រលំសំណង់ឧបដ្ឋានសាលាវត្តប្រាសាទគោកចក
December 04, 2019 អ្នកទស្សនា :

      សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តសៀមរាប រួមជាមួយប្រតិភូអមដំណើរជាសមាជិក សមាជិកា ក្រុមការ ងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តសៀមរាប និងមានវត្តមានតំណាងរាស្ត្រមណ្ឌលសៀមរាប គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ កាលពីរសៀលថ្ងៃទី០៣ខែធ្នូឆ្នាំ២០១៩នេះ បានអញ្ជើញពិនិត្យ គំនរបាក់បែកនៃទីតាំងការដ្ឋានសំណង់ឧបដ្ឋានសាលាឆាន់ ស្ថិតក្នុងវត្តប្រាសាទគោកចក សង្កាត់គោកចកក្រុងសៀមរាប ខេត្តសៀមរាប ដែលបានដួលរលំនៅអំឡុងម៉ោង ១៤និង១៥នាទី នារសៀលថ្ងៃទី២ខែធ្នូឆ្នាំ២០១៩ បណ្តាលឲ្យមនុស្សរង្គ្រោះ១៦នាក់ក្នុងស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល១៣នាក់ ត្រូវបានអភិបាលនៃគណៈអភិបាលខេត្ត ជាគណៈបញ្ជា ការឯកភាពរដ្ឋបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះ ចាត់វិធានការទាន់ពេលវេលាជួយសង្គ្រោះជនរងគ្រោះដែលនៅមានជីវិតយកទៅកាន់មន្ទីរពេទ្យ។

      ក្នុងដំណើរចុះពិនិត្យទីតាំងសំណង់បាក់រលំនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុដោយចៃដន្យនេះ សំខាន់សម្តែងការសោកស្តាយជាទីបំផុតដល់អ្នកដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នេះ ។ ក្នុងឱកាសនោះ សម្តេចពិជ័យសេនា បានមានប្រសាសន៍ស្នើដល់សមត្ថកិច្ចគ្រប់ផ្នែក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីគ្នាប្រឹងប្រែងទប់ស្កាត់ បង្ការនិងបញ្ចៀសឲ្យផុតនូវបញ្ហាដែលមិនគួរកើតឡើង តែបែរជាកើតមានឡើង ជាក់ស្តែងដូចក្នុងករណីឧបទ្ទវហេតុនេះ កុំឲ្យកើតមាននៅពេលអនាគតទៀត ដែលវាជះឥទ្ឋិពលមិនល្អដល់ការអភិវឌ្ឍប្រទេសជាតិយើង និងនាំមកនូវទុក្ខលំបាកដល់អ្នករងគ្រោះ និងគ្រួសារអ្នករងគ្រោះ។

      សម្តេចពិជ័យសេនា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចបានតាមដានយ៉ាងយកចិត្តទុកដាក់ និង ក្តុកក្តួលជាទីបំផុត ចំពោះហេតុការណ៍ដែលកើតឡើងនេះ។សំណង់នេះជាសំណង់តាមបែបព្រះពុទ្ឋសាសនាសម្រាប់ជាកន្លែងទីសក្ការៈគោរពបូជារបស់ប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ ហេតុនេះត្រូវការ ការត្រួតពិនិត្យ ស្រាវជ្រាវឲ្យបានច្បាស់លាស់ ដើម្បីឈានទៅវាយតម្លៃនិងសន្និដ្ឋាន កំហុសដែលកើតឡើងដោយប្រការណាមួយ នឹងមានការគិតគូរនៅពេលក្រោយទៀត។

      សម្តេចពិជ័យសេនាបានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលបានមានវិធានការ ចេញនូវសរាចរ សេចក្តីណែនាំផ្សេងៗ ដើម្បីត្រួតពិនិត្យលើសំណង់ រហូតដល់សំណង់ខុសច្បាប់មួយចំនួនត្រូវផ្អាកមិនឲ្យសាងសង់ និងកន្លែងខ្លះឈានទៅវាយកំទេចចោលផងដែរ។ សំណង់ទាំងនោះជាសំណង់ទូទៅ ខុសពីសំណង់ឧបដ្ឋានសាលាវត្តប្រាសាទគោកចក ក្នុងខេត្តសៀមរាបនេះ ដែលជាសំណង់ស្ថិតក្នុងទីអារាម និងកសាងឡើងសម្រាប់បម្រើដល់វិស័យព្រះពុទ្ឋសាសនា និង ការទទួលខុសត្រូវក៍មានមួយកម្រិតណាដែរ។

      នារសៀលថ្ងៃដដែលសម្តេចពិជ័យសេនា ទៀ បាញ់ និង ប្រតិភូអមដំណើរ បានបន្តដំណើរអញ្ជើញទៅសួរសុខទុក្ខដល់អ្នករបួសធ្ងន់ស្រាល ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយបាននាំយកនូវថវិកាមួយចំនួនជូនដល់ពួកគាត់ផងដែរ។ ជាមួយគ្នាសម្តេចពិជ័យសេនា បានណែនាំដល់គ្រួសារ និង ជនរងគ្រោះត្រូវលេបនិងប្រើប្រាស់ថ្នាំសង្កូវ ជូតលាងមុខរបួស ទៅតាមវេជ្ជបញ្ជានិងការណែនាំរបស់គ្រូពេទ្យ និង ខំថែទាំសុខភាពឲ្យបានឆាប់ជាសះស្បើយ និង ចេញទៅប្រកបរបររកទទួលទានចិញ្ចឹមក្រុមគ្រួសារឡើងវិញ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ