រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប(GDP) ឆ្នាំ២០១៨ ខេត្តព្រះសីហនុ
December 05, 2019 អ្នកទស្សនា :

      រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប (GDP) ខេត្តព្រះសីហនុ ប្រចាំឆ្នាំ ២០១៨ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩ មានការចូលរួមពីមន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ក្រោមអធិបតីឯកឧត្តម វ៉ា សុផល អនុរដ្ឋលេខាធិការក្រសួងផែនការ និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ។

      លោក ស្រីហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៨ ខេត្តព្រះសីហនុទទួលបានជោគជ័យក្នុងការវិភាគកំណើនសេដ្ឋកិច្ច និងចំណូលសម្រាប់មនុស្សម្នាក់ដែលជាតួលេខមួយសំខាន់សម្រាប់ខេត្តយកមកប្រើប្រាស់ ដើម្បីត្រួតពិនិត្យការអភិវឌ្ឍន៍នៃកំណើនសេដ្ឋកិច្ចរបស់ខ្លួន និងការរៀបចំគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចតាមវិស័យសម្រាប់ឆ្នាំបន្តទៀត ការវិភាគបានបង្ហាញឱ្យឃើញថាការអភិវឌ្ឍន៍របស់ខេត្តមានការរីកចំរើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយរក្សាបាននូវលំនឹងនៃកំណើនសេដ្ឋកិច្ចនិងចំណូលសម្រាប់មនុស្សម្នាក់ៗមានការកើនឡើងជាលំដាប់ និងបានធ្វើឱ្យអត្រាភាពក្រីក្រមានការថយចុះជារៀងរាល់ឆ្នាំ។ កំណើនសេដ្ឋកិច្ច ប្រាក់ចំណូលប្រជាពលរដ្ឋ និងការថយចុះនៃភាពក្រីក្រ គឺដោយសារខេត្តមានសក្តានុពលជាច្រើនសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សដូចជា វិស័យកសិកម្ម មានក្រុមហ៊ុនវិនិយោគលើដំណាំកសិឧស្សាហកម្ម ចម្ការដូងប្រេង ចម្ការកៅស៊ូ និងដំណាំឈើហូបផ្លែ។ វិស័យដឹកជញ្ជូនមានផ្លូវទឹក កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងមានក្រុមហ៊ុនវិនិយោគកំពង់ផែចំនួនពីរ នៅក្នុងស្រុកស្ទឹងហាវ និងមានក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក ៨ក្រុមហ៊ុន។ ផ្លូវអាកាស ព្រលានយន្តហោះអន្តរជាតិ មានក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរតាមផ្លូវ អាកាស ១១ក្រុមហ៊ុន ផ្លូវដែក មាន១ ក្រុមហ៊ុន ផ្លូវគោក មាន ១៤ក្រុមហ៊ុន និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ ៤២ក្រុមហ៊ុន វិស័យឧស្សាហកម្ម មានតំបន់សេដ្ឋកិច្ចពិសេស និងក្រៅតំបន់សេដ្ឋកិច្ចពិសេស មានរោងចក្រសរុប ១៥៨ និងសិប្បកម្ម ៨៩៥មូលដ្ឋាន វិស័យទេសចរណ៍ មានឆ្នេរខ្សាច់ កោះ សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុនរថយន្តដឹកភ្ញៀវទេសចរណ៍។

      ឯកឧត្តម វ៉ា សុផល អនុរដ្ឋលេខាធិការក្រសួងផែនការ មាន ប្រសាសន៍កោតសរសើរ វាយតម្លៃកិច្ចខិតខំប្រឹងប្រែងអនុវត្តរបស់ខេត្តព្រះសីហនុ ទទួលបានលទ្ធផលជាទីមោទន: រាជរដ្ឋាភិបាលកម្ពុជា បានជម្រុញកំណើនសេដ្ឋកិច្ចខ្ពស់ និងការអភិវឌ្ឍប្រកប ដោយចីរភាព ក្នុងអាណត្តទី៥កន្លងមក កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចជាមធ្យម ៧ភាគរយក្នុងមួយឆ្នាំ ជាកំណើនសេដ្ឋកិច្ចខ្ពស់ទី៦ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចខ្ពស់។ ដោយសារយើងរក្សាបានកំណើនសេដ្ឋកិច្ច ៧ភាគរយ ជាប់គ្នាជាច្រើនឆ្នាំ ADB បានវាយតម្លៃថា ប្រទេសកម្ពុជា ជាខ្លាអាស៊ីថ្មី ដែលមានវិស័យមួយចំនួនដូចជា វិស័យសំណង់ កាត់ដេរសម្លៀកបំពាក់ ទេសចរណ៍ និងវិស័យកសិកម្ម។ រាជរដ្ឋាភិបាលបានផ្តល់អទិភាពលើវិស័យអប់រំ សុខាភិបាល តម្លើងប្រាក់បៀវត្យជូនមន្ត្រីរាជការ និងប្រាក់ខែគោលរបស់កម្មករ ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។ ជាក់ស្តែងការផ្សព្វផ្សាយផលិត ផលក្នុងស្រុករបស់ខេត្តព្រះសីហនុឆ្នាំ២០១៨ ជាសមិទ្ធិផលមួយ ដែលចូលរួមការសម្រចបាននូវគោលដៅរបស់អង្គការសហប្រជាជាតិ ក្នុងគោលដៅទី១ គឺការកាត់បន្ថយភាពក្រីក្រ។ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលបានកំណត់បរិយាបន្ន័លើគ្រប់វិស័យធ្វើឱ្យមានកំណើនកើនស្របគ្នា ធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើនលើគ្រប់ផ្នែក។

      ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលអណត្តិទី៦ បន្តអនុវត្តយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ ឱ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដោយរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ។ ជោគជ័យក្នុងការរក្សាកំណើនសេដ្ឋកិច្ច មិនអាចកាត់ផ្តាច់ពីការខិតខំប្រឹងប្រែងនិងការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគ។ ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានសក្តានុពលសម្រាប់វិស័យជាច្រើន ដូចជា សេវាកម្ម ឧស្សាហកម្ម ទេសចរណ៍ ជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ ហើយមានវិស័យ ៣សំខាន់ ដូចជា វិស័យកសិកម្ម ១៩.៩ភាគរយ ឧស្សាហកម្ម ៥០ភាគរយ សេវាកម្ម ៣០.២ភាគរយបង្ហាញថា ខេត្តព្រះសីហនុមានសក្តានុពលអាចជម្រុញវិស័យកសិកម្មកាន់តែខ្លាំងបន្ថែមទៀតនៅពេលខាងមុខ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ