ព្រឹកថ្ងៃសុក្រ ០៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីក្រុងពិលី បញ្ចុះបឋមសិលា សាងសង់អគារសាលាឃុំជ្រៃ ដែលជាអំណោយថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេក រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីតាំងសាលាឃុំចាស់ ស្ថិតក្នុងភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ។ សមិទ្ធផលថ្មីនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាសាធារណៈ ឲ្យកាន់តែកៀកជិតប្រជាពលរដ្ឋ ដើម្បីបន្តវឌ្ឍនៈភាព នូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨)