ខេត្ដព្រះសីហនុ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត​កង​យោធពលខេមរភូមិន្ទខេត្តព្រះសីហនុ
November 09, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវា​បុណ្យ​ឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០១៩) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅវេទិកាបុណ្យជាតិ ៧ មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការ​និមន្ដ អញ្ជើញចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាង​ច្រើនកុះករ។

      ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ថា ៩វិច្ឆិកា គឺជាទិវាប្រវត្តិសាស្រ្ត ប្រពៃថ្លៃថ្លា ឧត្តុងឧត្តមបំផុត ដែលកម្ពុជាទទួលបានឯករាជ្យ សេរីភាព អអធិបតេយ្យភាពពេញលេញពីអាណានិគមនិយមបារាំង ក្រោមស្នាព្រះហស្ថ និងព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម​របស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបីតាឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដ៏អង់អាចក្លាហាន និងមហាបុរសរដ្ឋដ៏ឆ្នើម ដែលបានបូជា​ព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យ សេរីភាព អធិបតេយ្យភាព បូរណភាពទឹកដីនៃមាតុភូមិកម្ពុជា ពីអាណានិគមនិយមបារាំង។

      ឯកឧត្តម បានបញ្ជាក់​ថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ នឹងបន្តខិតខំបម្រើសេវាសាធារណៈ ជូនបង​ប្អូនប្រជាពលរដ្ឋនៅតាមក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្ដឱ្យមានគុណភាព តម្លាភាព និងភាពជឿជាក់ ដើម្បីឱ្យប្រជាពលរដ្ឋមកទទួលសេវាបានទាន់ពេលវេលា។

      ឯកឧត្តម អភិបាលខេត្ដបន្ដថា ក្រោមស្នាព្រហស្ថ និងគំរូវីរភាពដ៍ឧត្តុងឧត្តម ព្រះបញ្ញាញាណដ៍ឈ្លាសរបស់ព្រះករុណាជាអម្ចាស់ជីវិតកំកល់លើត្បូង ពិសេសព្រះរាជបូនីយកិច្ចដ៍ថ្លៃថ្លារបស់ព្រះអង្គទាំងក្នុងផ្ទៃជាតិ និងឆាកអន្តរជាតិ ទើបមាតុភូមិ បានរួចផុតពីនឹមអណានិគមនិយមបារាំង ប្រគល់ឯករាជ្យមកឱ្យកម្ពុជា ប៉ុន្តែកម្លាំងបរទេសមួយចំនួន នៅតែទន្ទ្រានរាតត្បាតផ្ទៃក្នុងប្រទេសនៅឡើយ។ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ព្រះអង្គបានបន្តនូវព្រះរាជបេសកកម្ម ក្នុងប្រតិបត្តិការសាមគ្គីដេញកំចាត់ពួកខ្នាំងសត្រូវជាបន្តបន្ទាប់ប្រកបដោយជោគជ័យ។ មិទ្ទិញរំលឹកឡើងវិញនូវមាទនភាពជាតិដ៍ឧត្តុងឧត្តម នៃខួបអនុស្សាវរីយ៍លើកទី៦៦ ទិវាឯករាជ្យជាតិរបស់យើង ក្នុងស្មារតីបង្កើនសាមគ្គីភាព ឯកភាពជាតិ ដោយរួមគ្នាអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលកាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់ដ៍ត្រជាក់ របស់ព្រះករុណា ព្រះបាទសម្តេវព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំ ប្រកបដោយបញ្ញាញាណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សង្គមជាតិមានសុខសន្តិភាពពេញលេញ ធានាបាននូវស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កាត់បន្ថយភាពក្រីក្រ ព្រមទាំងលើកកម្ពស់គោលនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា ក្រោមដំបូល រដ្ឋធម្មនុញ្ញ" ជាតិ សាសនា ព្រះមហាក្សត្រ "។

      លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បានរម្លឹកអំពីប្រវត្តិស្នាដៃរបស់កងយោធពលខមរភូមិន្ទ ដែលទទួលបាន​ឯករាជ្យពេញ​បរិបូរណ៍​នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយចលនាតស៊ូរបស់កងទ័ព និងប្រជាជនគ្រប់​ស្រទាប់វណ្ណៈ និងក្រោមព្រះរាជបូជនីយកិច្ចដឹកនាំទាមទារ​ឯករាជ្យ​របស់ព្រះករុណា ព្រះបាទ​សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។ ​ជារៀងរាល់ឆ្នាំ​កងយោធពលខេមរភូមិន្ទ ប្រារព្វធ្វើពិធីនេះឡើង ដើម្បីរម្លឹកនូវប្រវត្តិស្នាដៃគំរូវីរៈភាព​ដ៏អង់អាចក្លាហាន ហ៊ានធ្វើពលីកម្មដ៏ធំធេងរបស់ប្រជាជន យុទ្ធជន យុទ្ធនារី​កម្ពុជា ក្នុងបុព្វហេតុតស៊ូប្រយុទ្ធប្រឆាំងសត្រូវឈ្លានពានគ្រប់សម័យកាល ដើម្បី​ដណ្តើមឯករាជ្យជូន​ជាតិមាតុភូមិ។

      ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញ និមន្តព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋចូលរួមឆាន់ និងពិសារ អំបុកការពារ ជាតិ សាសនា ព្រះមហាក្សត្រ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ