រដ្ឋបាលខេត្តស្វាយរៀងប្រារព្ធមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ និងហូបអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ
November 09, 2019 អ្នកទស្សនា :

      នាព្រឹកសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំកុ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០១៩) និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩។

      ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការ ស្នងការរងនគបាលខេត្ត មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបតិ្តការសឹករងស្វាយរៀង និងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីអង្គភាពនានាជុំវិញខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ព្រះសង្ឃ និស្សិត សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក.ខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស ចូលរួមសរុបប្រមាណជា ៤.០០០ អង្គ/នាក់។

      ការរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏សំខាន់នៅថ្ងៃនេះ បានឆ្លុះបញ្ចាំងឲ្យកាន់តែច្បាស់អំពីការរំដោះប្រទេសឲ្យរួចផុតពីរបបអាណានិគមនិយមបារាំង ហើយទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ ស្ថិតក្នុងដំណាក់កាលដែលប្រទេសជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្របវិស័យ ជាមួយនិងការរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ ក្នុងសុខសន្តិភាព និងសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមល្អប្រសើរ។

      អង្គពិធីមិទ្ទិញទាំងមូល បានសម្ដែងនូវកត្តញ្ញុតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ " ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណជម្នះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសន្តិភាព ការផ្សះផ្សាជាតិ ភាពចម្រុងចម្រើន និងកិត្តិយសដល់មាតុភូមិ និងប្រជារាស្រ្តខ្មែរ។

      ចុងបញ្ចប់នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋបានជួបជុំទទួលទានអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ ក្រោមទិដ្ឋភាពសាមគ្គីភាពក្នុងនាមជាខ្មែរតែមួយ ប្រកបដោយភាពសប្បាយរីករាយក្រៃលែង៕

ប្រភព​ ៖​ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ