រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីជូនដំណើរកីឡាករ កីឡាការនីទូកអុំ ទូកចែវ ចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
November 08, 2019 អ្នកទស្សនា :

      កំពង់ឆ្នាំងៈឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងកីឡាករទាំងអស់ថាៈក្នុងនាមជាកីឡាករតំណាងអោយខេត្តទាំងមូល ត្រូវខិតខំប្រឹងប្រែងអោយអស់ពីកំលាំងកាយកំលាំងចិត្ត ប្រកួត យកជ័យជំនះអោយបានដោយរក្សាអោយនូវសន្តិសុខសណ្តាប់ធ្នាប់ គោរពបទបញ្ជា របស់គណៈកម្មការជាតិ រៀបចំការប្រណាំងទូក ដោយប្រកាន់ខ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូ សីលធម៌ សុជីវធម៌ ដ៏ប្រពៃសក្តិសមជាកីឡាករគឺឈ្នះដោយកិត្តិយស។

      ឯកឧត្តម បានផ្តាំផ្ញើ បែបនេះនាព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវត្តកំពង់ត្រឡាចក្រោមស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងពិធីជួបសំណេះសំណាលជាថ្នាក់ដឹកនាំ និង កីឡាករអំុទូកចំនួន១៣៦០នាក់ ស្រីចំនួន ១៦០នាក់ មុនទៅចូលរួមប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញ។ ក្នុងពិធីនោះក៏មានការចូលរួមពីឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកលោកស្រីថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុកចូលរួមផងដែរ។

      ឯកឧត្តម ឈួរ ច័ន្ទឌឿន បានផ្តាំផ្ញើបន្តថាៈកីឡាករទាំងអស់ត្រូវមានសាមគ្គីភាពទូលំទូលាយ និងត្រូវចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្នកើតឡើង ត្រូវថែទាំសុខភាពផ្ទាល់ខ្លួអោយ
បានល្អទាំងការដើរហើរ ការសំរាក ការហូបចុក ដើម្បីអោយមានសុខភាពល្អ កំលាំងមាំមួនយកជ័យជំនះអោយបានលើគូរប្រកួត។

     ឯកឧត្តមក៏បានជូនពរដល់កីឡាករទាំងអស់សូមមានសុវត្ថិភាពល្អក្នុងពេលធ្វើដំណើរទាំងពេលទៅនិងពេលត្រឡប់មកលំនៅដ្ឋានវិញ។

      ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានអោយដឹងថាៈទូកនៅខេត្តកំពង់ឆ្នាំងមាៈ​ចំនួន​២៥​ក្នុងនោះ​ទូក​ចែវ​បុរស​ចំនួន​១៣,​ទូក​ចែវ​នារី​ចំនួន​១,​ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ​ចំនួន​៩,ទូក​អុំ​បុរស​ខ្នាត​វែង​ចំនួន១,​និង​ ទូក​អុំ​នារី​ខ្នាត​វែងចំនួន​១។ ដោយឡែកទូក​ទាំង​២៥នេះ​ មកពីក្រុង ស្រុក​ចំនួន៦ និង មាន កីឡាករ​កីឡា​ការ​នី​សរុប​ចំនួន​១.៣៦០​នាក់​ស្រី​១៦២​នាក់​។

      នៅចុងបញ្ចប់នៃពិធី ក៏មានការអុំ ចែវប្រណាំងសាកល្បង នៅដងទន្លេមុខវត្តកំពង់ត្រឡាចក្រោមផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ