ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកកំពង់រោទិ៍
November 08, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ រស់
អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម​ ​ម៉ែន វិបុល​ ​អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកកំពង់រោទិ៍។

      អញ្ជើញចូលរួមក្នុងពិធីនេះមានលោកស្នងការរងនគរបាល​​​​ខេត្ត លោកនាយកទីចាត់គ្រប់គ្រងធនធាន​មនុស្សសាលាខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត កមេបញ្ជាការរងតំបន់ប្រតិបត្តិការប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោក លោកស្រីជាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក តំណាងកងកម្លាំងទាំងបី ប្រធានការិយាល័យមន្ត្រីរាជការចំណុះសាលាស្រុក មេឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងសមត្ថកិច្ចតាមព្រំដែនជាច្រើនរូបទៀត។

     ឯកឧត្ដមអភិបាលរងខេត្តបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងស្រុក ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាល​ស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

      ឯកឧត្ដមក៏បានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួនដូចជា៖
១- ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ត្រូវជៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ។
២- ត្រូវរួមគ្នាបង្កើនការសហការក្នុងចំណោមអាជ្ញាធរ ក្នុងការពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង។
៣- គណៈអភិបាលស្រុក ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់។
៥- បន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ។
៦- យកចិត្តទុកដាក់គ្រប់គ្រង និងណែនាំស្មៀនឃុំដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ឲ្យអនុវត្តបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួន។
៧- ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ។
៨- បង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យឲ្យបានល្អនៅក្នុងក្រុង ជាពិសេសនៅតាមទីប្រជុំជន និងនៅតាមដងផ្លូវសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាពស្រុក។
៩- ត្រូវមានវិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានតឹងរឹងបំផុត និងទប់ស្កាត់ឲ្យទាន់ពេលវេលា ចំពោះសកម្មភាពរំលោភយកដីសាធារណៈយកមកធ្វើជាកម្មសិទ្ធឯកជន។
១០- ខិតខំរួមសហការសាមគ្គីភាពគ្នាអភិវឌ្ឍន៍ស្រុកឲ្យកាន់តែមានការរីកចម្រើនថែមទៀត នឹងត្រូវចុះដោះស្រាយបញ្ហានានា ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការពិតប្រាកដ និងជាក់ស្ដែងរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន។
១១-ត្រូវបន្តចុះណែនាំ ផ្សព្វផ្សាយ ទប់ស្កាត់ឲ្យបាននូវការសាងសង់សំណង់ផ្សេងៗរំលោភលើដីចំណីផ្លូវ​​​​​។
១២-​ ​ចូលរួមហូបអំបុកនៅថ្ងៃទី០៩​​​ ​វិច្ឆិកា​​​ ២០១៩ នាពេលខាងមុខនេះ​​ ​​ដេីម្បីការពារជាតិ ​សាសនា​​​ ​និងព្រះមហាក្សត្រ។

     សូមបញ្ជាក់ថា យោងតាមប្រកាសលេខ៩៥៩៦ប្រក ចុះថ្ងៃសុក្រ៦កេីត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ត្រូវបានតែងតាំង លោក​ ឆោម ក្រិត្យ ឋានន្តរស័ក្តិនាយក្រមការ​ ថ្នាក់លេខ៦ ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ