លោក MICHAEL NEWILL អនុប្រធានបេសកកម្មនៃស្ថានទូតសហរដ្ឋអាមេរិកចូលជួបសំដែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ
November 06, 2019 អ្នកទស្សនា :

      លោក MICHAEL NEWBILL អនុប្រធានបេសកកម្ម នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់បន្ថែម និងស្វែងរកមធ្យោបាយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

      ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរាបជូនថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក មានទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ។ សហរដ្ឋអាមេរិក មានកិច្ចសហប្រតិបត្តិការជាមួយខេត្តព្រះសីហនុ លើសកម្មភាពការងារសមយុទ្ធ រវាងកងកម្លាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បានជួយឧបត្ថម្ភគាំទ្រ សាងសង់ និងជួសជុលអគារធ្វើការនៅមូលដ្ឋានសមុទ្រ និងការងារសង្គមមួយចំនួននៅក្នុងក្រុងព្រះសីហនុ។ សហរដ្ឋអាមេរិកជួយឧបត្ថម្ភគាំទ្រដល់វិស័យអប់រំ ក្នុងនោះមានសាងសង់ និងជួសជុលសាលារៀន បន្ទប់ទឹកសិស្ស ជីកអណ្ដូងទឹកជាដើម គាំទ្រដល់វិស័យសុខាភិបាល ក្នុងនោះរួមមាន សង់អាគាររង់ចាំនៅមណ្ឌលសុខភាព និងបំពាក់បរិក្ខារពេទ្យ ។​ ចំពោះវិស័យសេដ្ឋកិច្ច សហរដ្ឋអាមេរិកបានជួយបញ្ជាទិញទំនិញជាច្រើនពីរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ខេត្តព្រះសីហនុបានបង្កើតទំនាក់ទំនងខេត្តបងប្អូនជាមួយនឹងក្រុងស៊ីអាថុល សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ២០០០ និងទទួលបាននូវជំនួយមនុស្សធម៍ មានដូចជាការពិនិត្យព្យាបាលជំងឺទូទៅ និងព្យាបាលវះកាត់ភ្នែកចំនួន ២លើក។

      ឯកឧត្តម គួច ចំរើន បញ្ជាក់ថា រដ្ឋបាលខេត្តមានផែនការអភិវឌ្ឍទីក្រុងព្រះសីហនុ ឱ្យទៅទីក្រុងវៃឆ្លាត (Smart City) នាពេលអនាគត។ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើដល់ស្ថានទូតអាមេរិកជួយជម្រុញដល់ក្រុងស៊ីអាថុល បន្តទំនាក់ទំនងជិតស្និទ្ធ និងរឹតចំណងមិត្តភាពឱ្យកាន់តែល្អប្រសើរ។​​ ក្នុងនោះ ឯកឧត្តមក៏បានស្នើសុំស្ថានទូតអាមេរិកជួយ​ផ្តល់ជំនួយអភិវឌ្ឍធនធានមនុស្ស និងវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ និងជួយធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគអាមេរិក មកទេសចរណ៍ និងវិនិយោគនៅខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន ព្រោះខេត្តព្រះសីហនុមានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍។

      លោក MICHAEL NEWBILL អនុប្រធានបេសកកម្មនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ ឯកឧត្តមអភិបាលខេត្ត បានអនុញ្ញាតិចូលជួបពិភាក្សា ឈ្វេងយល់បន្ថែមរកមធ្យោបាយ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរខេត្តកាន់តែល្អប្រសើរថែមទៀត។ ព្រមទាំងបានជំរាបជូនពីគោលបំណងដែលសហេដ្ឋអាមេរិក ចង់ជួយ និងធ្វើការវិនិយោគនៅខេត្តព្រះសីហនុ មានដូចជា ទី១.ចង់ផ្តល់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ ២.ចង់ជួយបណ្តុះបណ្តាលធនធានមនុស្សផ្នែកភាសាអង់គ្លេស និងកីឡា ទី៣.មានបំណងនាំក្រុមហ៊ុនរបស់អាមេរិក មកវិនិយោគលើវិស័យថាមពលអគ្គីសនីនៅខេត្តព្រះសីហនុ។

      ជាចុងក្រោយ​ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណ លោក MICHAEL NEWBILL អនុប្រធានបេសកកម្មនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ និងតាមរយៈវត្តមានរបស់លោកនឹងផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ គាំទ្រគ្នាក្នុងការរក្សាឱ្យបាននូវដំណើរការសុខសន្តិភាពនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកចំណងទាក់ទងឱ្យកាន់តែល្អប្រសើរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ