អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ និងសមាគមមៀនប៉ៃលិន ចំនួន ៣ខេត្ត បានបើកកិច្ចជុំ រកដំណោះស្រាយ​បញ្ហារបាំងបច្ចេកទេស ដែលរាំងស្ទះដល់ការនាំចេញផ្លែមៀនប៉ៃលិន ទៅក្រៅប្រទេស
November 05, 2019 អ្នកទស្សនា :

     នៅថ្ងៃទី០៥ ខែវិច្ចិកា ឆ្នាំ២០១៩ ដោយមានការសម្របសម្រួល និងរៀបចំដោយមន្ទីរ​ពាណិជ្ជកម្ម​ខេត្តប៉ៃលិន អាជ្ញាធរ មន្ត្រីជំនាញ​ពាក់ព័ន្ធ និងសមាគមមៀន ចំនួន ៣ខេត្ត គឺខេត្តប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យ ឯកឧត្តម ផាន់ ចាន់ធុល អភិបាល​ខេត្ត​ប៉ៃលិន បានដឹកនាំកិច្ចប្រជុំ​ពិភាក្សា​ថ្នាក់ក្រោមជាតិ ដើម្បីរក​ដំណោះ​ស្រាយ​បញ្ហារបាំងបច្ចេកទេស និងលិខិតបញ្ជាក់ (១-GAP: ការ​អនុវត្ត​កសិកម្មល្អ ២-GMP: ការវេចខ្ចប់ទំនិញ ៣-ISO 22000: ការបញ្ជាក់ពីស្តង់ដារទំនិញ) ដែលធ្វើឱ្យរាំងស្ទះដល់ការ​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន ទៅក្រៅប្រទេស ។

     ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍​លើកឡើងថា៖ បច្ចុប្បន្ននេះ ផ្លែមៀនប៉ៃលិន មានបរិមាណកើន​ឡើង​​ជារៀងរាល់ឆ្នាំ ដូច្នេះអាជ្ញាធរខេត្ត ក៍ដូចជាមន្ត្រីជំនាញ​ពាក់​ព័ន្ធ គឺកំពុងជួយសម្របសម្រួល និងបើកផ្លូវឱ្យការនាំចេញផ្លែមៀន​ប៉ៃលិន ទៅលក់នៅក្រៅប្រទេស ប៉ុន្តែបានជួបប្រទះនូវបញ្ហារាំង​ស្ទះ​មួយចំនួន ដូចជា៖ បញ្ហារបាំងបច្ចេកទេស និងលិខិតបញ្ជាក់ (១-GAP: ការអនុវត្តកសិកម្មល្អ ២-GMP: ការវេចខ្ចប់ទំនិញ ៣-ISO 22000: ការបញ្ជាក់​ពីស្តង់ដារ​ទំនិញ) ដែលតម្រូវឱ្យគ្រប់ភាគីពាក់​ព័ន្ធទាំងអស់ ទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ចូលរួមដោះស្រាយ​ជា​បន្ទាន់ ព្រោះបញ្ហានេះធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចរបស់​ប្រជាកសិករ​ដាំ​ដុះ​ដំណាំមៀនប៉ៃលិន។ ឯកឧត្តមអភិបាលខេត្ត ក៍បានមាន​ប្រ​សា​សន៍​​កោតសរសើដល់សមាគមមៀនប៉ៃលិន ទាំង ៣ខេត្ត ដែល​បានខិតខំរួមចងក្រងគ្នាជាសមាគម និងចូលរួមលើកស្ទួយ​គុណ​ភាពកសិផលខ្មែរ សម្គាល់​ភូមិសាស្ត្រ ហើយត្រូវរួមគ្នាផលិត​ផ្លែ​មៀនឱ្យបានបរិមាណច្រើន ព្រមទាំងមានគុណភាព អនាម័យ ស្រប​​តាមស្តង់ដា និងតម្រូវការទីផ្សារអន្តរជាតិផងដែរ។ នៅក្នុង​ឱកាស​​នោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានស្នើដល់អង្គ​ភាព​​ពាក់ព័ន្ធទាំងអស់ត្រូវរៀបចំឯកសា ទៅក្រសួងសាមីរបស់ខ្លួន ដើម្បី​​ត្រៀមកិច្ចប្រជុំអន្តរក្រសួង នាពេលខាងមុខ ក្នុងធ្វើការដោះ​ស្រាយនូវបញ្ហានាំចេញផ្លែមៀន​ប៉ៃលិន​នេះឱ្យ​ទ​ទួលបានជោគជ័យ។

     បើតាមរបាយការណ៍​របស់ ឯកឧត្តម សុខ សាធីម ទីប្រឹក្សាក្រសួង​ពាណិជ្ចកម្ម និងជាប្រធាន​មន្ទីរពាណិជ្ចកម្មខេត្តប៉ៃលិន បានឱ្យ​ដឹងថា៖ បច្ចុប្បន្នក្នុង១ឆ្នាំ ក្រុមហ៊ុន ឆាយណា ជីនវ័រយន្ត អ៊ីមផត អិចផត (ខេមបូឌា) បានបញ្ជាទិញផ្លែមៀនប៉ៃលិន ពីខេត្តចំនួន ៨ នៃព្រះរាជាណាចក្រកម្ពុជា មានដូចជា៖ ១-ខេត្តប៉ៃលិន ចំនួន ២០ពាន់តោន ២-ខេត្តបាត់ដំបង ចំនួន ២៥ពាន់តោន ៣-ខេត្ត​បន្ទាយ​មានជ័យ ចំនួន ១០ពាន់តោន ៤-ខេត្តពោធិសាត់ ចំនួន ៣ពាន់​តោន ៥-ខេត្តព្រះវិហារ ចំនួន ២ពាន់​តោន ៦-ខេត្តកំពង់ចាម ចំនួន ៣ពាន់តោន ៧-ខេត្តរតនៈគីរី ចំនួន ៣ ៥០០តោន និង​៨-ខេត្តកំពង់ធំ ចំនួន ៣ពាន់តោន សរុបចំនួន ៦៩៥០០តោន គិតជាទឹកប្រាក់ចំនួន ៧០,៥៧០,៥០០ដុល្លារ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ