រដ្ឋបាលខេត្តកណ្តាល ពង្រឹងលើការងារប្រឆាំងអំពើជួញដូរមនុស្ស
November 05, 2019 អ្នកទស្សនា :

     បទល្មើសជួញដូរមនុស្ស ការកេងប្រវ័ញ្ចគ្រប់រូបភាព ត្រូវបានបង្ការ ទប់ស្កាត់ និងផ្ដន្ទាសទោសជាបន្តបន្ទាប់ ក្រោមកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងមានកិច្ចសហការល្អ របស់គណ:កម្មាធិការ ខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លេខាធិការដ្ឋាន ក្រុមការងារក្រុង-ស្រុក និងដៃគូនានា ក្នុងការអនុវត្តយុទ្ធសាស្រ្ត និងធ្វើសកម្មភាពព្រមគ្នា ក្នុងការផ្សព្វផ្សាយអប់រំ យ៉ាងផុសផុលដល់ប្រជាពលរដ្ឋ។

      នេះជាការលើកឡើងរបស់លោកជំទាវ ហ៊ុន កុសនីអភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស(គ.ខ.ប.ជ) នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ១០ខែ ឆ្នាំ២០១៩ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោកជំទាវបានបន្តថា ដើម្បីឲ្យការងារនេះអនុវត្តបានកាន់តែមានប្រសិទ្ធភាពខ្ពស់ កម្លាំងមានសមត្ថកិច្ច និងក្រុមការងារពាក់ព័ន្ធ ត្រូវបន្តអនុវត្តសកម្មភាពផ្សព្វផ្សាយអប់រំបន្ថែមទៀត នៅតាមមូលដ្ឋាន ខិតខំរួមគ្នាទប់ស្កាត់ឲ្យបាននូវរាល់បទល្មើស ក្នុងទំរងជាការជួយដូរមនុស្ស ជួញដូរផ្លូវភេទ និងការធ្វើអាជីវកម្មលើស្ត្រី និងកុមារគ្រប់រូបភាព ត្រូវធ្វើយ៉ាងណាខិតខំបង្ក្រាប និងទប់ស្កាត់ឲ្យបានជោគជ័យ បើទោះបីជាជនល្មើស បានប្រើប្រាស់រូបភាពថ្មីៗ ប្លែកៗ ទំនើបឡើងៗ ដែលធ្វើឱ្យកម្លាំងសមត្ថកិច្ច និងក្រុមការងារពិបាកក្នុងការទប់ស្កាត់ និងបង្ក្រាបក៏ដោយ ដែលតម្រូវឲ្យអាជ្ញាធរនៅមូលដ្ឋាន ត្រូវឃ្លាំមើលជាប្រចាំដើម្បីរាយការណ៍ និងចាត់វិធានការបង្រ្កាបបានភ្លាមៗ។ ពាក់ព័ន្ធនឹងបញ្ហាធ្វើចំណាកស្រុកខុសច្បាប់ លោកជំទាវបានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវចុះពន្យល់អប់រំ ណែនាំដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងអំពីលិទ្ធផល ទាំងវិជ្ជមាន និងអវិជ្ជមាន និងផលប៉ះពាល់ផ្សេងៗដល់ពួកគាត់ មុននឹងសម្រេចចិត្តធ្វើចំណាកស្រុក។

      ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវក៏បានផ្ដាំផ្ញើដល់ក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ ទាំងអស់ត្រូវបន្តលើកកម្ពស់ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ ចំណុចនៅគ្រប់មូលដ្ឋានរបស់ខ្លួន។ ត្រូវចុះស្រង់បច្ចុប្បន្នភាពតាមបណ្ដាគោលដៅងាយរងគ្រោះ និងគោលដៅរង់គ្រោះ។ បន្តចុះធ្វើអធិការកិច្ចការងារតាមឡឥដ្ឋ ឡក្បឿង និងផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំង និងការប្រើប្រាស់ពលកម្មកុមារ នៅតាមបណ្ដាក្រុង-ស្រុកក្នុ ងខេត្តកណ្ដាល។

     ជាពិសេសត្រូវពិនិត្យមើលលើរបាយការណ៍របស់ខ្លួន តាមបណ្ដាក្រុង-ស្រុកនិមួយៗដោយត្រូវបូកសរុបឲ្យបានគ្រប់ជ្រុងជ្រោយ និងគ្រប់សកម្មភាពមុននឹងផ្ញើជូនមករដ្ឋបាលខេត្តដើម្បីជាទុនដល់ខេត្ត ក្នុងការធ្វើផែនការយុទ្ធសាស្រ្តអនុវត្តន៍ការងារបន្តឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ