ឯកឧត្តម អភិបាលខេត្តសៀមរាប អញ្ជើញចុះត្រួតពិនិត្យពលកងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅច្រកអាកាសយានដ្ឋានកងទ័ពអាកាស
November 03, 2019 អ្នកទស្សនា :

      នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តសៀមរាប និង គណៈអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យពល និង កងកម្លាំងប្រដាប់អាវុធដែលឈរជើង ការពារ សន្តិសុខសុវត្ថិភាព នៅច្រកអាកាសយានដ្ឋានកងទ័ពអាកាស នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដោយមានវត្តមានកងកម្លាំងសន្តិសុខការពារដែនអាកាសជាច្រើននាក់ចូលរួមផងដែរ។

      មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម ទៀ សីហា ក៏បានក្រើនរំលឹកដល់ កងកម្លាំងប្រដាប់អាវុធរក្សាសន្តិសុខ សណ្តាប់ធ្នាប់សារធារណ: ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និង អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចំណែកសាមគ្គីគ្នា ដើម្បីការពារជាតិមាតុភូមិយើងឲ្យបានខ្លាំងក្លាបំផុត ដើម្បីពង្រឹងខឿនសន្តិសុខជាតិ តាមរយៈនៃការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និង សូមឲ្យប្រជាពលរដ្ឋដែលលង់ចាញ់នៅឧបាយកលបោកបព្ឆោតរបស់ទណ្ឌិត សម សង្ស៉ី ឲ្យចូលរួមចលនាក្បត់ជាតិនោះ សូមប្រញាប់ប្រញាល់ភ្ញាក់រលឹកឡើង។ 

      ឯកឧត្តមបន្តថា យើងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ នឹង រួមរស់ជាមួយសង្គមជាតិវិញ។ ជាមួយគ្នានោះ ប្រសិនបើអ្នកចង់ទៅចូលរួមទទួលវត្តមានទណ្ឌិត សម រង្ស៉ី ចូលស្រុកវិញនោះ មិនចាំបាច់ព្រួយបារម្ភនោះទេ ពីព្រោះរាជរដ្ឋាភិបាល និង សាលក្រមតុលាការ កំពុងរង់ចាំទទួលហើយ និងរៀបចំទីកន្លងសម្រាប់ទទួល ក៏រៀបចំរួចរាល់ហើយផងដែរ។ ក្នុងរយៈពេលថ្មីៗនេះទណ្ឌិត សម រង្ស៉ី បានប្រកាសពីគម្រោងធ្វើដំណើរចូលស្រុកវិញនៅពេលខាងមុខដោយបានអំពាវនាវនិងគៀកគរប្រជាពលរដ្ឋឲ្យបះបោលផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ថែមទៀតផង។ ដូច្នេះក្នុងនាមយើងជាកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវត្រៀមខ្លួនថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាព នយោបាយ និង ការអភិវឌ្ឍ ហើយអនុវត្តបទបញ្ជាឲ្យបានម៉ឹងម៉ាត់ក្នុងការកម្ចាត់ចំពោះជនក្បត់ជាតិ សម រង្ស៉ី ដើមី្បយកទៅផ្តន្ទាទោសទៅតាមច្បាប់។  

      ឯកឧត្តមបានបន្តទៀតថា កងកម្លាំងទាំងអស់ក្នុងពេលកន្លងមកបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ច លើកិច្ចការពារ ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញានិងបង្ក្រាបឲ្យបាន រាល់ការឃុបឃិត ប៉ុនប៉ងបំផ្លាញសុខសន្តិភាព ឧបាយកល ដែលបង្កើតឲ្យមានបដិវត្តន៍ពណ៌លើទឹកដីកម្ពុជា និង ប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងកម្ពុជាពីមជ្ឈដ្ឋានខាងក្រៅ ។  ឯកឧត្តមបានបញ្ជាក់ទៀតថា ការមើលស្រាលស្ថានការណ៍កន្លងមកអាចនាំឲ្យកម្ពុជាយើង ស្ទើតែធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមជាថ្មីម្ដងទៀតដោយសារតែទណ្ឌិត សម រង្ស៊ី នឹង បក្សពួករបស់ខ្លួននោះ។  

      ឯកឧត្តមបានលើកផងដែរថា ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសដែលមានទណ្ឌិត សម រង្ស៉ី ជាមេ ក្លោង បានធ្វើការប្រមាថមើលងាយព្រះមហាក្សត្រ មិនទទួលស្គាល់ព្រះមហាក្សត្រ និង បង្ខំព្រះមហាក្សត្រដាក់រាជ្យ ដែលជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសមន្ត្រីកងកម្លាំងយើងទាំងអស់ មិនអាចទទួលយកបានជាដាច់ខាត។  ឯកឧត្តមក៏បានឲ្យកងកម្លាំងទាំងអស់ ត្រៀមលក្ខណៈក្នុងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និង ចូលរួមតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល លើការហូបអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ទាំងអស់គ្នាផងដែរ។ 

     នឯកឧត្តមក៏បានធ្វើការក្រើនរំលឹកដល់កងកម្លាំងទាំងអស់ គឺ ត្រូវបង្កើនការយកចិត្តទុកដាក់របស់ខ្លួន លើការងារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍។ កត្តាសំខាន់ ដែលកងកម្លាំងទាំងអស់ត្រូវបង្កើនយកចិត្តទុកដាក់ នៅតាមបណ្តាច្រកទ្វារអន្តរជាតិ ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ថ្ងៃទី០៩ វិច្ឆិកា ខាងមុខនេះ។ ក្នុងដែរឯកឧត្តមក៏បានលើកនូវបទបញ្ជាផ្ទៃក្នុងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចការណែនាំរបស់ក្រសួងមហាផ្ទៃ ចំពោះសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ សំខាន់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនៅជុំវិញអាកាសយានដ្ឋានអន្តរជាតិសៀមរាបនេះ ព្រមទាំងពង្រឹងសន្តិសុខនៅតាមផ្លូវទឹកទៀតផង។  

      ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ក៏បានឧបត្ថម្ភថវិកាចំនួន១លាន ២សែនរៀល ដល់កងកម្លាំងប្រដាប់អាវុធការពារដែនអាកាស ក្នុងមួយអង្គភាពៗ សម្រាប់ប្រើប្រាស់ទៅតាមតម្រូវការនៅក្នុងអង្គភាពរបស់ខ្លួនផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ